ក្រសួងការពារជាតិកូរ៉េខាងត្បូង កំពុងបង្ខាំងទាហាន7,700នាក់ ក្នុងបន្ទាយ ក្រោយពីបានរកឃើញទាហាន11នាក់មានផ្ទុកមេរោគកូរ៉ូណា COVID-19។
ក្រសួងការពារជាតិកូរ៉េខាងត្បូងព្រឹកនេះ បានបញ្ជាក់ថា ខ្លួនបានរកឃើញទាហាន11នាក់ បានឆ្លងមេរោគកូរ៉ូណា ក្នុងនោះ មាន8នាក់នៅក្នុងជួរកងទ័ពជើងគោក និង3នាក់ទៀតនៅក្នុងជួរកងទ័ពប្រភេទផ្សេង។ តួលេខនេះបានកើនឡើងបន្ថែម4ករណី បើធៀបនឹងថ្ងៃមុនៗ។
ទាហានទាំង4រូបដែលជាអ្នកជំងឺថ្មីនេះ ត្រូវបានគេសង្ស័យថា បានឆ្លងវីរុសដោយសារនៅក្បែរអ្នកជំងឺកូរ៉ូណាក្នុងមន្ទាយ។ កូរ៉េខាងត្បូង បានប្រកាសឱ្យដឹងអំពីទាហានដែលបានឆ្លងមេរោគនេះដំបូងគេកាលពីថ្ងៃទី21កុម្ភៈ។
នៅមុនពេលរកឃើញមានករណីឆ្លងជាបន្តបន្ទាប់ដែលទាក់ទិននឹងក្រុមអ្នកកាន់សាសនាមួយនៅទីក្រុង Daegu និងនៅតាមមន្ទីរពេទ្យនានាក្នុងតំបន់ Cheongdo ដែលនៅក្បែរនោះ ក្រុមមន្ត្រីយោធាកូរ៉េខាងត្បូង បាននិងកំពុងស្រាវជ្រាវស្វែងរកទាហានទាំងឡាយណាដែលធ្លាប់បានទៅកាន់តំបន់មួយចំនួនខាងលើ ឬធ្លាប់បាននៅក្បែរអ្នកជំងឺកូរ៉ូណា។ កងទ័ពកូរ៉េខាងត្បូង បច្ចុប្បន្ន កំពុងបង្ខាំងទាហានប្រមាណជា7,700នាក់ ឱ្យនៅដាច់ដោយឡែកនៅក្នុងបន្ទាយនានារបស់ពួកគេ។
មកដល់ព្រឹកនេះ(24កុម្ភៈ) កូរ៉េខាងត្បូង មានអ្នកផ្ទុកមេរោគកូរ៉ូណា COVID-19 ចំនួន608នាក់ ក្នុងនោះមាន6នាក់បានបាត់បង់ជីវិត។ ក្រុមអ្នកកាន់សាសនានៅវិហារ Shincheonji ក្នុងតំបន់ Daegu ដែលជាទីក្រុងធំបំផុតលំដាប់ទី4របស់កូរ៉េខាងត្បូង បានក្លាយជាទីចាប់អារម្មណ៍ជាងគេក្នុងការរាលដាលនៃជំងឺរលាក សួតប្រភេទថ្មី COVID-19 បន្ទាប់ពីស្ត្រីវ័យ61ឆ្នាំដែលជាសមាជិកនៃវិហារ Shincheonji បានចម្លងមេរោគទៅឱ្យសមាជិករាប់សិបនាក់ផ្សេងទៀត។ សមាជិកប្រមាណជា9,300នាក់នៃក្រុមសាសនាខាងលើនេះ ត្រូវបានអាជ្ញាធរស្នើឱ្យនៅដាច់ដោយឡែកពីគេឯង ឬក៏មិនត្រូវចេញក្រៅផ្ទះ។
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in កាលពីម្សិលមិញ បានប្រកាសអាសន្នកម្រិតខ្ពស់បំផុតចំពោះអាសន្នរោគកូរ៉ូណា COVID-19 ដោយយោងទៅតាមយោបល់របស់ក្រុមអ្នកជំនាញ។ លោកក៏បានស្នើឱ្យមន្ត្រីគ្រប់លំដាប់ថ្នាក់ ប្រើប្រាស់វិធានការខ្លាំងក្លាដែលមិនធ្លាប់មានពីមុនមក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគដ៏កាចសាហាវនេះ៕
ប្រភព៖ សារព័ត៌មានបរទេស