“អ្នកទេសចរទាំងអស់នៅមកពីនាវា Westerdam ដែលបានចូលចតនៅឯកំពង់ផែខេត្តព្រះសីហនុ កាលពីពេលថ្មីៗនេះ មិនមានអ្នកណាម្នាក់មានផ្ទុកមេរោគកូរ៉ូណានោះទេ” នេះបើតាមបញ្ជាក់របស់អ្នកនាំពាក្យនៃមជ្ឈមណ្ឌលទប់ស្កាត់ និងការពារជំងឺឆ្លងសហរដ្ឋអាមេរិក (CDC)។
អ្នកទេសចរវ័យ83ឆ្នាំ ដែលបានធ្វើដំណើរតាមនាវាទេសចរណ៍ Westerdam ដែលត្រូវបានម៉ាឡេស៊ីពិនិត្យ និងរកឃើញថា មានផ្ទុកមេរោគកូរ៉ូណា COVID-19 រួមនឹងអ្នកដំណើរផ្សេងទៀត ត្រូវបានអ្នកនាំពាក្យរបស់មជ្ឈមណ្ឌលទប់ស្កាត់ និងការពារជំងឺឆ្លងសហរដ្ឋអាមេរិក (CDC) លោក Richard Quartarone បញ្ជាក់ថា អ្នកទេសចរទាំងនោះ មិនមានផ្ទុកមេរោគកូរ៉ូណាតាំងពីដើមមកម៉្លេះ។ អ្នកនាំពាក្យរូបនេះនិយាយថា អាមេរិកបានទទួលលទ្ធផលនៃការធ្វើតេស្តទៅលើអ្នកដំណើរខាងលើ កាលពីថ្ងៃទី20កុម្ភៈកន្លងទៅ។
លោក Rechard បានឱ្យដឹងថា ស្ត្រីជនជាតិអាមេរិកាំងវ័យ83ឆ្នាំ ដែលត្រូវបានម៉ាឡេស៊ីបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីពិនិត្យឃើញថាមានផ្ទុកមេរោគកូរ៉ូណានោះ អាចមានជំងឺផ្លូវដង្ហើមតែប៉ុណ្ណោះ ពោលគឺមិនមែនជាវីរុសកូរ៉ូណានោះទេ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាននៃសហរដ្ឋអាមេរិក។
គួររំឭកថា ស្ត្រីជនជាតិអាមេរិកាំងវ័យ83ឆ្នាំ រួមនឹងភ្ញៀវចំនួន 145នាក់ផ្សេងទៀត មកពីនាវាទេសចរណ៍ MS Westerdam បានធ្វើដំណើរចេញពីកម្ពុជាតាមជើងយន្តហោះពិសេសមួយ ទៅកាន់ទីក្រុង Kuala Lumpur បន្ទាប់ពីបានឡើងគោក។ ក្នុងចំណោមអ្នកដំណើរទាំងអស់នៅលើយន្តហោះនោះ គឺមានស្ត្រីវ័យ83ឆ្នាំខាងលើ ត្រូវបានអាជ្ញាធរម៉ាឡេស៊ីអះអាងថា មានផ្ទុកមេរោគកូរ៉ូណា។ បញ្ហានេះ បានធ្វើឱ្យកម្ពុជាមានការសង្ស័យ និងបានតវ៉ះទៅកាន់ទីក្រុង Kuala Lumpur ដោយស្នើឱ្យប្រទេសនេះ ធ្វើតេស្តឡើងវិញ។ បន្ទាប់ទីក្រុង Kuala Lumpur ក៏បានធ្វើតាមសំណូមពរ ហើយប្រទេសម៉ាឡេស៊ីនៅតែអះអាងថា ស្ត្រីខាងលើ មានផ្ទុកមេរោគពិតមែន។ ក៏ប៉ុន្តែ កាលពីម្សិលមិញនេះ ទីក្រុង Kuala Lumpur បានប្រកាសថា ស្ត្រីរូបនេះ បានជាសះស្បើយវិញហើយ។ ប្រការក៏នាំឱ្យកម្ពុជាកាន់តែមិនជឿថា ស្រ្តីវ័យ83ឆ្នាំខាងលើនេះ មានផ្ទុកមេរោគកូរ៉ូណានោះឡើយ៕
ប្រភព៖ សារព័ត៌មានបរទេស