មន្ត្រីសុខាភិបាលនៅខេត្ត Hubei ប្រទេសចិន ដែលជាតំបន់មាន “សម្បុក” មេរោគកូរ៉ូណា COVID-19 បានឱ្យដឹងថា បុរសវ័យ70ឆ្នាំម្នាក់នៅក្នុងខេត្តនេះ បានឆ្លងមេរោគកូរ៉ូណារយៈពេលដល់ទៅ27ថ្ងៃ ដោយមិនមានរោគសញ្ញាអ្វីសោះ។
គេហទំព័ររបស់អាជ្ញាធរខេត្ត Hubei បានចុះផ្សាយថា កាលពីថ្ងៃទី24មករា បុរសដែលមានត្រកូល Jiang ខាងលើនេះ បានបើកបររថយន្តពីសង្កាត់ Yanzhou ទៅកាន់សង្កាត់ Shennongjia ក្នុងខេត្ត Hubei និងបាននៅក្បែរប្អូនស្រីរបស់ខ្លួន ដែលជាអ្នកមានផ្ទុកមេរោគកូរ៉ូណា។
បុរសខាងលើនេះ មានជំងឺក្ដៅខ្លួននៅថ្ងៃទី 20កុម្ភៈ ហើយមួយថ្ងៃក្រោយមក គាត់ត្រូវបានគេពិនិត្យឃើញថាមានផ្ទុកមេរោគកូរ៉ូណា។ ប្រការនេះបានបង្ហាញថា ក្នុងករណីរបស់លោក Jiang មេរោគកូរ៉ូណាបានសម្ងំក្នុងខ្លួនគាត់អស់រយៈពេល27ថ្ងៃ មិនមែនពី2-14ថ្ងៃ តាមការយល់ឃើញមុននេះនោះទេ។
លទ្ធផលនៃការសិក្សាស្រាវជ្រាវមួយដែលបានចុះផ្សាយនៅលើទស្សនាវដ្ដី សមាគមវេជ្ជសាស្ត្រអាមេរិកាំង (American Medical Association) កាលពីម្សិលមិញ ក៏បានឱ្យដឹងដែរថា នារីវ័យ20ម្នាក់ មកពីទីក្រុង Wuhan បានចម្លងមេរោគកូរ៉ូណាទៅឱ្យមនុស្ស5នាក់នៅឯតំបន់ Anyang ខេត្ត Henan ប្រទេសចិន បើទោះជានាងមិនមានរោគសញ្ញាបន្ទាប់ពីបានឆ្លងមេរោគនេះអស់រយៈពេលជាង1ខែ។
រយៈពេលនៃការសម្ងំលាក់ខ្លួនបានយូរជាងមុន ដោយមិនបញ្ចេញរោគសញ្ញាអ្វីសោះបែបនេះ ធ្វើឱ្យស្ថានភាពអាសន្នរោគកូរ៉ូណា កាន់តែមានភាពស្មុគស្មាញខ្លាំងឡើងៗ។ គិតមកដល់ពេលនេះ មេរោគរលាកសួតថ្មី COVID-19 បានបង្ហាញវត្តមាននៅក្នុងប្រទេស និងតំបន់ចំនួនដល់ទៅ30ទៅហើយ តាំងពីមេរោគនេះបានចាប់ផ្ដើមឆ្លងនៅក្នុងទីក្រុង Wuhan ខេត្ត Hubei កាលពីខែធ្នូ ឆ្នាំ2019។ មកដល់រសៀលថ្ងៃទី22កុម្ភៈនេះ វាបានសម្លាប់មនុស្សយ៉ាងតិច2,360នាក់ និងបានឆ្លងទៅមនុស្សយ៉ាងហោច77,662នាក់ នៅទូទាំងពិភពលោក៕
ប្រភព៖ សារព័ត៌មានបរទេស