ករណីឆ្លងវីរុសកូរ៉ូណា COVID-19 បានកើនឡើងយ៉ាងឆាប់រហ័សនៅឯមន្ទីរពេទ្យចំនួន2ក្នុងទីក្រុងប៉េកាំង ធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងចំពោះហានិភ័យនៃការផ្ទុះឆ្លងរាលដាលក្នុងរដ្ឋធានីមួយនេះ។
បើធៀបនឹងបណ្ដាទីក្រុងផ្សេងៗ រដ្ឋធានីប៉េកាំងរបស់ចិន បានរកឃើញអ្នកផ្ទុកមេរោគកូរ៉ូណា COVID-19 មិនច្រើននោះទេ ខណៈដែលកាលពីថ្ងៃទី21កន្លងទៅ ទីក្រុងប៉េកាំង មានអ្នកផ្ទុកមេរោគនេះត្រឹមតែ396នាក់ និងអ្នកស្លាប់ដោយសារមេរោគនេះមានចំនួន4នាក់ប៉ុណ្ណោះ។ ក៏ប៉ុន្តែ បច្ចុប្បន្ន មន្ទីរពេទ្យ Fuxing មានអ្នកជំងឺកូរ៉ូណាយ៉ាងតិច36នាក់ គឺកើនឡើងច្រើនរាប់ចាប់តាំងពីថ្ងៃទី3កុម្ភៈ ស្របពេលដែលបុគ្គលិកសុខាភិបាល5នាក់នៅក្នុងមន្ទីរពេទ្យ Fuxing បានឆ្លងវីរុស។
មន្ទីរពេទ្យសកលវិទ្យាល័យប៉េកាំង (Peking University People’s Hospital) ក៏បានប្រកាសថា មានអ្នកជំងឺកូរ៉ូណាថ្មីចំនួន3ករណី ក្នុងនោះមានស្ត្រីម្នាក់ រួមនឹងកូនស្រី និងកូនប្រសា ដែលអ្នកទាំងនេះ ធ្លាប់បានទៅសួរសុខទុក្ខលោកយាយរបស់ពួកគេ បន្ទាប់ពីត្រឡប់មកពីតំបន់ទេសចរណ៍ស៊ីនជាំង(Xinjiang)។
អាជ្ញាធរទីក្រុងប៉េកាំង បានចេញសេចក្ដីប្រកាសថា ពលរដ្ឋទាំងឡាយណាដែលមកកាន់ទីក្រុងប៉េកាំង ត្រូវតែនៅដាច់ដោយឡែកក្នុងរយៈពេល14ថ្ងៃ បើមិនដូច្នោះទេនឹងត្រូវទទួលទោសតាមច្បាប់។ បទបញ្ជានេះ តម្រូវឱ្យអ្នកត្រឡប់មកកាន់ទីក្រុងប៉េកាំង ត្រូវតែជូនដំណឹងជាមុនទៅអាជ្ញាធរដែនដី ដែលជាកន្លែងពួកគេរស់នៅ។
គិតមកដល់ពេលនេះ ជំងឺរលាកសួតបង្កឡើងដោយមេរោគកូរ៉ូណា COVID-19 បានសម្លាប់មនុស្ស2,252នាក់ និងអ្នកមានផ្ទុកមេរោគនេះ មានចំនួន77,277នាក់ នៅទូទាំងពិភពលោក៕
ប្រភព៖ សារព័ត៌មានបរទេស