រដ្ឋមន្ត្រីក្រសួងសុខាភិបាលអ៊ុយក្រែន Zoryana Skaletska បានប្រកាសថា លោកស្រីនឹងចំណាយពេល2សប្ដាហ៍ ចូលទៅរស់នៅក្នុងតំបន់ដាក់ឱ្យនៅដាច់ដោយឡែក ជាមួយនឹងអ្នកដែលបានជម្លៀសមកពី “សម្បុកមេរោគកូរ៉ូណា” អ៊ូហាន នៃខេត្តហ៊ូប៉ី ប្រទេសចិន។
ទីភ្នាក់ងារសារព័ត៌មាន AFP បានរាយការណ៍ថា លោកស្រី Zoryana Skaletska បានចេញសេចក្ដីប្រកាសខាងលើ បន្ទាប់ពីបាតុករអ៊ុយក្រែនបានប៉ះទង្គិចជាមួយក្រុមនគរបាល ដោយក្រុមបាតុករបានគប់ដុំថ្មទៅលើរថយន្តដឹកពលរដ្ឋដែលត្រូវបានជម្លៀសចេញពីទីក្រុងអ៊ូហាន ត្រឡប់មកប្រទេសវិញ។
ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី 20កុម្ភៈកន្លងទៅ បាននាំពលរដ្ឋចំនួន45នាក់នៃប្រទេសនេះ និងជនបរទេស37នាក់ ដែលភាគច្រើនគឺជាជនជាតិអាមេរិកខាងត្បូង មកពីទីក្រុងអ៊ូហាន ទៅស្រុក Novi Sanzhary ក្នុងតំបន់ Poltava ដើម្បីធ្វើការដាក់ឱ្យនៅដាច់ដោយឡែកក្នុងរយៈពេល14ថ្ងៃ។ ក៏ប៉ុន្តែ ប្រជាពលរដ្ឋក្នុងតំបន់នេះ មិនយល់ស្របជាមួយនឹងវិធានការរបស់រដ្ឋាភិបាល ហើយពួកគេក៏បានស្កាត់ផ្លូវ និងគប់ដុំថ្មទៅលើរថយន្តដឹកជនភៀសខ្លួនទាំងនោះ។ ក្នុងហេតុការណ៍នោះ យ៉ាងហោចណាស់មានរថយន្ត3គ្រឿងត្រូវរងការខួចខាត ដោយសារតែបាតុករ។
នៅក្នុងសេចក្ដីប្រកាសមួយដែលបានផ្ញើទៅកាន់ពលរដ្ឋ លោកស្រី Skaletska បាននិយាយថា “ខ្ញុំនឹងចំណាយពេល14ថ្ងៃ ដើម្បីទៅរស់នៅជាមួយពួកគេ នៅក្នុងតំបន់តែមួយ និងក្នុងស្ថានភាពតែមួយ”។
លោកស្រីសរសេរនៅលើ Facebook ថា “ពួកគេទាំងនោះគឺជាអ្នកស្រុករបស់យើង។ យើងរស់នៅក្នុងប្រទេសតែមួយ និងត្រូវតែថែរក្សាសុខភាព និងសុវត្ថិភាពរបស់ពួកគេ”។
ក្រុមមន្ត្រី៊អ៊ុយក្រែន រួមទាំងប្រធានាធិបតី Volodymyr Zelensky បានអំពាវនាវឱ្យពលរដ្ឋបន្ធូរបន្ថយភាពតានតឹង ប៉ុន្តែ អ្នកស្រុកបាននិយាយថា ពួកគេមានការព្រួយបារម្ភអំពីការឆ្លងរាលដាលនៃវីរុសកូរ៉ូណា។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ុយក្រែន Arsen Avakov ក៏បានទៅកាន់កន្លែងកើតហេតុ។ ចំណែកនាយករដ្ឋមន្ត្រី Oleksiy Goncharuk កាលពីថ្ងៃទី20 ក៏បានទៅកាន់តំបន់ Novi Sanzhary ផងដែរ។
លោកប្រធានាធិបតីអ៊ុយក្រែន Zelensky បានអំពាវនាវឱ្យពលរដ្ឋបង្ហាញអំពីសាមគ្គីភាព និងត្រូវចងចាំថា “យើងគឺសុទ្ធតែជាមនុស្ស”។
អាជ្ញាធរអ៊ុយក្រែន បានបង្កើនការការពារសន្តិសុខនៅក្នុងតំបន់ដែលមានពលរដ្ឋ10,000នាក់កំពុងរស់នៅនេះ ដោយការដាក់ពង្រាយរថយន្តពាសដែកជាច្រើនគ្រឿង រួមនឹងកងកម្លាំងប្រដាប់អាវុធរាប់រយនាក់។
បច្ចុប្បន្ន ប្រទេសអ៊ុយក្រែន មិនទាន់មានករណីឆ្លងវីរុសកូរ៉ូណា COVID-19 ណាមួយនៅឡើយ។ អាសន្នរោគនេះ បានសម្លាប់មនុស្សយ៉ាងតិច2,252 និងអ្នកបានឆ្លងមេរោគនេះកើនឡើងដល់ 76,844នាក់ នៅទូទាំងពិភពលោក៕
ប្រភព៖ សារព័ត៌មានបរទេស