ប្រទេសចិន៖ អនុរដ្ឋមន្រ្តីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បានឱ្យដឹងថា វ៉ាក់សាំងដំបូងសម្រាប់ជំងឺរលាកសួតប្រភេទថ្មីកូរ៉ូណា COVID-19 នឹងត្រូវបានពិសោធនៅក្នុងមន្ទីរពេទ្យ នៅចុងខែមេសាឆ្នាំ2020នេះ។
លោក Xu Nanping អនុរដ្ឋមន្រ្តីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃប្រទេសចិន បានប្រកាសដូចខាងលើនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃទី21កុម្ភៈកន្លងទៅ។ វ៉ាក់សាំងនេះ ត្រូវបានគេចាត់ទុកថាជា “បេក្ខភាព” ដ៏លេចធ្លោបំផុតក្នុងការរត់ប្រណាំងដើម្បីស្វែងរកវ៉ាក់សាំងទប់ស្កាត់ជំងឺរលាកសួតដែលបង្កឡើងដោយមេរោគកូរ៉ូណា COVID-19 ដែលមេរោគនេះកំពុងសម្លាប់មនុស្សកាន់តែច្រើនឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ។
លោក Xu Nanping បានឱ្យដឹងដែរថា ប្រទេសចិនបានប្រើប្រាស់វិធីសាស្ត្របច្ចេកវិទ្យាជាច្រើនក្នុងពេលតែមួយ ដើម្បីបង្កើនល្បឿនក្នុងការស្វែងរកវ៉ាក់សាំងសមស្របសម្រាប់ទប់ស្កាត់មេរោគកូរ៉ូណាប្រភេទថ្មីនេះ។ មន្ត្រីរូបនេះបានអះអាងថា “ដំណើរការនេះ កំពុងមានល្បឿនប្រហាក់ប្រហែលនឹងបណ្ដាប្រទេសនៅក្នុងពិភពលោក”។
ជាមួយនឹងមូលដ្ឋាននៃប្រព័ន្ធធ្វើតេស្តអាស៊ីតនូក្លេក (nucleic acid) ដែលត្រូវបានប្រើប្រាស់ពេលអាសន្នរោគកូរ៉ូណាទើបកើតឡើង ប្រទេសចិនបានបង្កើនការអភិវឌ្ឍផលិតផលថ្មី ដែលអាចជួយស្វែងរកមេរោគបានរហ័ស និងងាយស្រួលជាងមុន។
ក្រៅពីនេះ លោក Xu Nanping ក៏បានបញ្ជាក់ថា វេជ្ជសាស្ត្របុរាណរបស់ចិន ត្រូវបានគេបញ្ជាក់ថាមានប្រសិទ្ធភាពក្នុងការកាត់បន្ថយការឆ្លងរោគផងដែរ។ កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមមន្ត្រីសុខាភិបាលចិន បានបន្ថែមវេជ្ជសាស្ត្របុរាណចូលទៅក្នុងដំណាក់កាលទី3នៃគម្រោងព្យាបាល និងពិនិត្យជំងឺកូរ៉ូណា COVID-19។
តាមធម្មតា ដើម្បីអាចបង្កើតបានវ៉ាក់សាំងថ្មីមួយ គេត្រូវចំណាយពេលជាច្រើនឆ្នាំ ជាមួយនឹងការពិសោធនៅលើសត្វ ការពិសោធនៅលើមនុស្ស និងរង់ចាំការអនុញ្ញាតពីស្ថាប័នជំនាញ។ ប៉ុន្តែ នៅចំពោះមុខការឆ្លងរាលដាលលឿនរហ័សរបស់មេរោគកូរ៉ូណា ក្រុមអ្នកជំនាញនឹងប្រើប្រាស់រយៈពេលខ្លីដើម្បីបានវ៉ាក់សាំង ដោយសារមានក្រុមចម្រុះអន្ដរជាតិដែលមានគោលដៅដូចគ្នា ក្នុងការប្រឆាំងនឹងជំងឺថ្មី។
សូមរំឭកថា កាលពីថ្ងៃទី11កុម្ភៈកន្លងទៅ ប្រធានអង្គការសុខភាពពិភពលោក (WOH) លោក Tedros Adhanom Ghebreyesus បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំមួយដែលមានអ្នកជំនាញផ្នែកសុខាភិបាលជាង400នាក់ មកពីបណ្ដាប្រទេសជាច្រើន បានឱ្យដឹងថា វ៉ាក់សាំងដំបូងសម្រាប់មេរោគកូរ៉ូណា នឹងអាចប្រើប្រាស់បានក្នុងរយៈពេល18ខែទៀត។ WHO ក៏កំពុងតែប្រញាប់ប្រញាល់ក្នុងការស្វែងរកវិធីដើម្បីទប់ស្កាត់ស្ថានការណ៍ស្មុគស្មាញរបស់អាសន្នរោគ ហើយទន្ទឹមនឹងនេះ ក៏កំពុងតែរៀបចំគម្រោងដើម្បីទប់ស្កាត់រយៈពេលវែងផងដែរ។
WHO យល់ថា ទន្ទឹមនឹងការប្រឹងប្រែងស្វែងរកវិធីបង្កើតវ៉ាក់សាំងថ្មី ពិភពលោក ត្រូវតែប្រើប្រាស់អាវុធដែលមានស្រាប់ដើម្បីទប់ស្កាត់អាសន្នរោគនេះ៕
ប្រភព៖ សារព័ត៌មានបរទេស