អ្នកទេសចរជនជាតិអាមេរិកាំងម្នាក់ ដែលម៉ាឡេស៊ីប្រកាសថា មានផ្ទុកមេរោគកូរូណា បន្ទាប់ពីចាកចេញពីនាវា Westerdam ដែលកំពុងចតនៅឯកំពង់ផែក្រុងព្រះសីហនុ ពេលនេះ បានជាសះស្បើយវិញហើយ។ នេះបើតាមសារព័ត៌មាន The Star ។
ឧបនាយករដ្ឋមន្ត្រី Wan Azizah Wan Ismail នៃប្រទេសម៉ាឡេស៊ី បានឱ្យដឹងថា ស្ត្រីជនជាតិអាមេរិកាំងវ័យ83ឆ្នាំម្នាក់ ដែលជាអ្នកទេសចរនៃនាវា Westerdam ពេលនេះបានជាសះស្បើយហើយ បន្ទាប់ពីការសម្រាកព្យាបាលអស់មួយរយៈពេល នៅក្នុងប្រទេសម៉ាឡេស៊ី។
ការធ្វើតេស្តរកមេរោគ ត្រូវបានគេធ្វើឡើងជាញឹកញាប់ ហើយលទ្ធផលចុងក្រោយជាច្រើនដង បានបង្ហាញថា អ្នកជំងឺនេះ លែងមានមេរោគកូរ៉ូណានៅក្នុងខ្លួនទៀតហើយ។ ប៉ុន្តែ អ្នកជំងឺនេះ នៅតែត្រូវបានគេតាមដានបន្តទៀត ដោយសារសុខភាពមិនទាន់ល្អដូចដើម និងនៅមានរោគសញ្ញានៃជំងឺរលាកសួតប្រភេទថ្មី។
“នៅពេលគាត់លែងមានអាការរោគ គាត់នឹងត្រូវបានអនុញ្ញាតឱ្យចេញពីពេទ្យ” នេះជាសម្ដីរបស់វេជ្ជបណ្ឌិត Wan Azizah ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីពេលថ្មីៗនេះ។
គួររំឭកថា ស្ត្រីអ្នកជំងឺខាងលើនេះ គឺជាអ្នកទេសចរម្នាក់របស់នាវា MS Westerdam ដែលធ្វើដំណើរជាមួយស្វាមីរបស់គាត់ បានមកដល់កំពង់ផែខេត្តព្រះសីហនុ កាលពីសប្ដាហ៍មុន។
អ្នកជំងឺខាងលើ រួមនឹងស្វាមី និងភ្ញៀវចំនួន 145នាក់ផ្សេងទៀត មកពីនាវា MS Westerdam បានធ្វើដំណើរចេញពីកម្ពុជាតាមជើងយន្តហោះពិសេសមួយ ទៅកាន់ក្រុង Kuala Lumpur បន្ទាប់ពីបានឡើងគោក។ ក្នុងចំណោមអ្នកដំណើរទាំងអស់នៅលើយន្តហោះនោះ មានតែប្ដីប្រពន្ធមួយគូនេះគត់ដែលមានរោគសញ្ញានៃជំងឺកូរ៉ូណា។
ការធ្វើតេស្តរកមេរោគកូរ៉ូណាទៅលើស្រ្តីវ័យ83ឆ្នាំខាងលើចំនួន2លើកដំបូង បានបង្ហាញថា គាត់មានផ្ទុកមេរោគកូរ៉ូណា COVID-19។ ភ្លាមនោះ គាត់ត្រូវបានបញ្ជូនចូលកាន់មន្ទីរពេទ្យ Sungai Buloh។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន The Star។
ស្វាមីរបស់អ្នកជំងឺនេះ ត្រូវបានគេធ្វើតេស្តឃើញថា មិនមានផ្ទុកមេរោគកូរ៉ូណានោះទេ ប៉ុន្តែ គាត់ស្ម័គ្រចិត្តនៅជាមួយប្រពន្ធក្នុងមន្ទីរពេទ្យម៉ាឡេស៊ី៕
ប្រភព៖ សារព័ត៌មានបរទេស