អ្នកទេសចរចុងក្រោយចំនួន233នាក់មកពីនាវា Westerdam បានមកស្នាក់នៅក្នុងទីក្រុងភ្នំពេញកាលពីល្ងាចថ្ងៃទី19កុម្ភៈ និងត្រៀមខ្លួនឡើងយន្តហោះទៅកាន់ប្រទេសរៀងៗខ្លួន បន្ទាប់ពីបានពិនិត្យរកមេរោគកូរ៉ូណា។
អ្នកទេសចរខាងលើនេះ បានចាកចេញពីនាវា Westerdam ដែលកំពុងចតនៅឯកំពង់ផែខេត្តព្រះសីហនុ ដោយមានការជូនដំណើរ និងទទួលស្វាគមន៍ ពីរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា ឯកឧត្តម ស៊ុន ចាន់ថុល និង អ្នកគ្រប់គ្រងនាវា Westerdam លោក Orlando Ashford រួមនឹងថ្នាក់ដឹកនាំក្រសួងសុខាភិបាល ថ្នាក់ដឹកនាំខេត្តព្រះសីហនុ។ល។
ក្រុមអ្នកទេសចរ 233នាក់មកពីនាវា Westerdam នេះ បានស្នាក់នៅក្នុងសណ្ឋាគារ សុខាភ្នំពេញ និងបានសប្បាយរីករាយជាមួយនឹងទស្សនីយភាពសិល្បៈបុរាណខ្មែរនៅទីនោះផងដែរ ដោយមានការជួយជ្រោមជ្រែងពីលោក ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
នៅឯខេត្តព្រះសីហនុវិញ នាវាទេសចរណ៍ Westerdam ក៏នឹងត្រូវចាកចេញពីកំពង់ផែ ដោយនាំយកបុគ្គលិកនាវាចំនួន 747នាក់ ឆ្ពោះទៅកាន់ប្រទេសហ្វីលីពីន។
នាវាទេសចរណ៍របស់អាមេរិក Westerdam នេះ បានចូលចតនៅកំពង់ផែខេត្តព្រះសីហនុ កាលពីថ្ងៃទី13កុម្ភៈ ឆ្នាំ2020 បន្ទាប់ពីទទួលបានការអនុញ្ញាតពីកម្ពុជា ក្រោយពីធ្វើដំណើរគ្មានទីដៅរយៈពេល2សប្ដាហ៍នៅលើសមុទ្រ ដោយសារតែប្រទេសមួយចំនួន មិនអនុញ្ញាតឱ្យចូលចត ព្រោះខ្លាចឆ្លងមេរោគកូរ៉ូណា និងដោយសារតែនាវានេះធ្លាប់ស្ថិតនៅក្នុងកំពង់ផែទីក្រុងហុងកុងដែលជាតំបន់អាចឆ្លងមេរោគកូរ៉ូណា COVID-19៕