នៅព្រឹកថ្ងៃទី20កុម្ភៈនេះ ក្មេងស្រីអាយុ3ខែដែលបានឆ្លងមេរោគកូរ៉ូណា COVID-19 ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ បន្ទាប់ពីទទួលការព្យាបាលរយៈពេល9ថ្ងៃ។
ប្រធានមន្ទីរពេទ្យកុមារជាតិ បានឱ្យដឹងថា ក្មេងស្រីរូបនេះអាចញ៉ាំទឹកដោះគោ និងលែងមានមេរោគកូរ៉ូណានៅក្នុងខ្លួនទៀតហើយ ក្រោយការធ្វើតេស្ត2លើកបានបង្ហាញថាអវិជ្ជមានជាមួយនឹងមេរោគនេះ ដូច្នេះអាចចេញពីមន្ទីរពេទ្យបានហើយ។
នេះគឺជាអ្នកជំងឺដែលមានអាយុតិចជាងគេបំផុតក្នុងចំណោមអ្នកជំងឺករ៉ូណា16នាក់នៅវៀតណាម។ ក្មេងស្រីនេះ បានឆ្លងវីរុសកូរ៉ូណាពីជីដូនខាងម្ដាយ ចំណែកជីដូនរូបនេះបានឆ្លងពីស្ត្រីម្នាក់ផ្សេងទៀត។ ក្មេងស្រីអាយុ3ខែនេះ ត្រូវបានគេចាត់ទុកថាជាករណីឆ្លងពីមនុស្សក្នុងស្រុកទីមួយនៅប្រទេសវៀតណាម ក្នុងអំឡុងការរាតត្បាតនៃអាសន្នរោគកូរ៉ូណា COVID-19 នេះ។
សូមរំឭកថា ក្រោយពីធ្វើតេស្តរកឃើញថាមានផ្ទុកមេរោគរលាកសួតប្រភេទថ្មី ក្មេងស្រីអាយុ3ខែនេះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកុមារជាតិក្នុងទីក្រុងហាណូយ កាលពីថ្ងៃទី11កុម្ភៈ។ ក្នុងអំឡុងពេលនៃការព្យាបាល ក្មេងស្រីនេះត្រូវគេដាក់ឱ្យគេងនៅក្នុងអង្រឹងប្រអប់នៅដាច់ដោយឡែកពីគេ និងមានវេជ្ជបណ្ឌិត2នាក់ និងអ្នកមើលថែ2នាក់ ប្ដូរវេនគ្នាមើលថែអ្នកជំងឺតូចនេះ។ ទន្ទឹមនឹងការមើលថែអ្នកជំងឺតូច អ្នកទាំង4នាក់នេះ ក៏ត្រូវបានឱ្យនៅស្ថិតដាច់ដោយឡែកផងដែរដើម្បីតាមដានសុខភាពពួកគេ។
ម្ដាយរបស់ទារិកាខាងលើ គឺជាអ្នកមើលថែកូនរបស់ខ្លួនដោយផ្ទាល់ក្នុងអំឡុងពេលព្យាបាល។ ម្ដាយទារិកានេះ ក៏ត្រូវបានណែនាំឱ្យប្រើប្រាស់វិធីការពារមេរោគយ៉ាងត្រឹមត្រូវពីក្រុមគ្រូពេទ្យ។
វេជ្ជបណ្ឌិតនៃមន្ទីរពេទ្យកុមារជាតិខាងលើ បានឱ្យដឹងថា លទ្ធផលនៃការធ្វើតេស្តមេរោគកូរ៉ូណា COVID-19 បានបង្ហាញថា ម្ដាយរបស់ទារិកានេះ មិនមានផ្ទុកមេរោគនេះទេ ប៉ុន្តែ គាត់ក៏នៅតែត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែកដើម្បីតាមដានសុខភាព។
បច្ចុប្បន្ន វៀតណាម មានអ្នកជំងឺកូរ៉ូណាសរុប 16នាក់ ក្នុងនោះមាន15នាក់ហើយបានជាសះស្បើយ។ ចំណែកអ្នកជំងឺម្នាក់ទៀតកំពុងទទួលការព្យាបាលនៅឡើយ។
គិតមកដល់ពេលនេះ នៅទូទាំងពិភពលោក មានអ្នកឆ្លងមេរោគ COVID-19 ចំនួន75,725នាក់ និងអ្នកស្លាប់មានចំនួន2,128នាក់។ អ្នកជំងឺដែលបានជាសះស្បើយមានចំនួន16,342នាក់ និងអ្នកជំងឺដែលកំពុងប្រឈមនឹងការស្លាប់មានចំនួនជាង12,064នាក់៕
ប្រភព៖ សារព័ត៌មានបរទេស