មន្ទីរពេទ្យរបស់ជនជាតិចិនមួយ ដែលមានឈ្មោះថា “ថៃ ខាង” ត្រូវបានអាជ្ញាធរខេត្តព្រះសីហនុ សម្រេចបិទមិនឱ្យដំណើរការ បន្ទាប់ពីរកឃើញថា មន្ទីរពេទ្យនេះ បានធ្វើឱ្យមានកំហុសច្រើន ដូចជា ការបំភ្លៃព័ត៌មានទាក់ទិននឹងវីរុសកូរ៉ូណា ការបើកដំណើរការមន្ទីរពេទ្យដោយគ្មានច្បាប់អនុញ្ញាត។ល។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានប្រាប់បណ្តាញព័ត៌មាន កាលពីព្រឹកមិញ (ថ្ងៃទី19 ខែកុម្ភៈ) នេះថា បន្ទាប់ពីបានរកឃើញថា មន្ទីរពេទ្យ “ថៃ ខាង” នេះ គ្មានលិខិតអនុញ្ញាតពីក្រសួងសុខាភិបាល និងបានបំភ្លៃព័ត៌មានពាក់ព័ន្ធនឹងអាសន្នរោគកូរ៉ូណា (COVID-19) ដែលនាំឲ្យមានការជ័យភិតក្នុងសង្គម អាជ្ញាធរខេត្តព្រះសីហនុ ក៏សម្រេចចិត្តបិទមន្ទីរពេទ្យនេះ មិនឱ្យដំណើរការ ចាប់ពីថ្ងៃទី18 ខែកុម្ភៈ ឆ្នាំ2020នេះតទៅ។
កាលពីថ្ងៃទី9កុម្ភៈ ឆ្នាំ2020 ជនជាតិចិនម្នាក់ ឈ្មោះ Su YongYun បានទៅទទួលការពិនិត្យព្យាបាល នៅមន្ទីរពេទ្យ “ថៃ ខាង” ដែលមានទីតាំងស្ថិតនៅក្នុងភូមិ3 សង្កាត់លេខ4 ក្រុងព្រះសីហនុ។ បន្ទាប់ពីបានពិនិត្យ ក្រុមគ្រូពេទ្យប្រាប់ថា អ្នកជំងឺនេះ មានផ្ទុកមេរោគកូរ៉ូណា ខណៈដែលអ្នកជំងឺមិនមានអាការណាមួយបង្ហាញថា ជារោគសញ្ញានៃជំងឺនេះទាល់តែសោះ។ នេះបើតាមឯកឧត្តម គួច ចំរើន។
បន្ទាប់ពីកើតមានដំណឹងនេះ លោកភិបាលខេត្តបានធ្វើអន្តរាគមន៍ភ្លាមៗ។ សំណាករបស់ជនជាតិចិន ដែលសង្ស័យនោះ ត្រូវបានបញ្ជូនមកកាន់វិទ្យាស្ថានប៉ាស្ទ័រ ដើម្បីធ្វើតេស្តរកមេរោគ។ ក៏ប៉ុន្តែលទ្ធផលបានបង្ហាញថា មិនមានវីរុសកូរ៉ូណានោះឡើយ។
លោកបន្តថា នៅប៉ុន្មានថ្ងៃក្រោយមក ជនជាតិចិនដដែលរូបនោះ បានទៅពិនិត្យនៅមន្ទីរពេទ្យ “ថៃ ខាង” ជាថ្មី ហើយមន្ទីរពេទ្យនេះ នៅតែបំភ័យអ្នកជំងឺថា មានជំងឺកូរ៉ូណាដដែល។
ប៉ុន្មានថ្ងៃក្រោយក Su YongYun ក៏ទៅពិនិត្យសុខភាពម្ដងទៀតនៅឯមន្ទីរពេទ្យចិនដដែលនោះ។ មន្ទីរពេទ្យនោះ នៅតែប្រាប់អ្នកជំងឺនេះថា មានផ្ទុកមេរោគកូរ៉ូណា។ មិនអស់ចិត្ត Su YongYun ក៏បានមកភ្នំពេញដើម្បីពិនិត្យសុខភាពឡើងវិញ។ សំណាកមេរោគរបស់ Su YongYun ត្រូវបានបញ្ជូនពីមន្ទីរពេទ្យមួយក្នុងទីក្រុងភ្នំពេញដែលអ្នកជំងឺនេះកំពុងទទួលការព្យាបាល ទៅកាន់វិទ្យាស្ថានប៉ាស្ទ័រ ដើម្បីធ្វើតេស្តឡើងវិញ។ ប៉ុន្តែ នៅតែមិនឃើញមានមេរោគកូរ៉ូណាដដែល។
មន្ទីរពេទ្យ “ថៃ ខាង” ត្រូវបានបិទ ក៏ព្រោះតែបានធ្វើឱ្យមានកំហុសច្រើន ដូចជា ការបំភ្លៃព័ត៌មានទាក់ទិននឹងវីរុសកូរ៉ូណា ការបើកដំណើរការមន្ទីរពេទ្យដោយគ្មានច្បាប់ និងការធ្វេសប្រហែស ឬមិនយកចិត្តទុកដាក់ទៅលើអ្នកជំងឺ បើសិនក្នុងករណីអ្នកជំងឺនោះមានផ្ទុកមេរោគកូរ៉ូណា៕