នៅប្រទេសចិន មានអ្នកស្លាប់បន្ថែមដោយសារមេរោគកូរ៉ូណាចំនួន136នាក់ ធ្វើឱ្យអ្នកស្លាប់សរុបនៅទូទាំងពិភពលោក ឡើងដល់2,009នាក់។
អាជ្ញាធរខេត្ត Hubei ដែលជាសម្បុកមេរោគកូរ៉ូណា COVID-19 ថ្ងៃនេះបានប្រកាសថា មានអ្នកជំងឺថ្មី1,693នាក់ និងអ្នកស្លាប់បន្ថែមចំនួន132នាក់ ធ្វើឱ្យអ្នកឆ្លងមេរោគសរុបក្នុងខេត្តនេះ ឡើងដល់61,682នាក់ ហើយអ្នកស្លាប់សរុបក្នុងខេត្តនេះក៏ឡើងដល់1,921នាក់។ ក្នុងចំនួននេះ ទីក្រុង Wuhan មានអ្នកជំងឺថ្មី 1,660នាក់ និង116នាក់បាត់បង់ជីវិត។
នៅឯខាងក្រៅខេត្ត Hubei ចំនួនអ្នកជំងឺថ្មី មានការថយចុះបន្តិច ហើយមន្ត្រីសុខាភិបាលចិន បានវាយតម្លៃថា នេះគឺជាសញ្ញាមួយបង្ហាញថា អាសន្នរោគនេះ កំពុងត្រូវបានគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព។
គណៈកម្មការសុខាភិបាលចិន ក៏បានប្រកាសឱ្យដឹងដែរថា ទូទាំងប្រទេសចិន (ចិនដីគោក) មានអ្នកស្លាប់ដោយសារវីរុសកូរ៉ូណាបន្ថែម136នាក់ និងអ្នកជំងឺថ្មីមានចំនួន 1,749នាក់។ បច្ចុប្បន្ន ប្រទេសនេះ មានអ្នកផ្ទុកមេរោគសរុប74,185នាក់ និងអ្នកស្លាប់សរុប2,004នាក់។
នៅទូទាំងពិភពលោក មានអ្នកផ្ទុកមេរោគកូរ៉ូណា COVID-19 ចំនួន75,184នាក់ និងអ្នកស្លាប់2,009នាក់ ខណៈដែលអ្នកបានជាសះស្បើយមានចំនួន14,555នាក់។ នៅខាងក្រៅប្រទេសចិន (ដីគោក) អ្នកស្លាប់ដោយសារមេរោគនេះ មានចំនួន5ករណី គឺនៅជប៉ុន1ករណី ហុងកុង1ករណី បារាំង1ករណី ហ្វីលីពី1ករណី និងតៃវ៉ាន់1ករណី៕
ប្រភព៖ សារព័ត៌មានបរទេស