រដ្ឋបាលចិនបានបង្ហើបឱ្យដឹងថា ក្រុមអ្នកឆ្លងមេរោគវីរុសកូរ៉ូណាប្រភេទថ្មី(Covid-19)នៅក្នុងទីក្រុងវូហាន ដែលបច្ចុប្បន្នកំពុងទទួលការព្យាបាលដោយទឹកឈាមដែលមានប្រូតេអ៊ីនប្រព័ន្ធការពារ (Convalescent plasma) មានម្នាក់ បានធូរស្រាលខ្លាំង រហូតអាចនឹងចេញពីមន្ទីរពេទ្យបានហើយ។
ថ្ងៃនេះ(ទី18កុម្ភៈ) ទីភ្នាក់ងារព័ត៌មានស៊ីនហួ បានរាយការណ៍ថា កាលពីថ្ងៃទី17ម្សិលមិញ លោក ស៊ុន យៀនសុង មន្ត្រីនៃក្រសួងវិទ្យាសាស្ត្រ និងតិចណូឡូជីរបស់ចិន បានធ្វើសន្និសីទព័ត៌មាននៅក្នុងទីក្រុងប៉េកាំងថា អ្នកឆ្លងមេរោគម្នាក់ក្នុងក្រុមអ្នកឆ្លងមេរោគខាងលើ សុខភាពកំពុងរឹងមាំឡើង រហូតល្មមអាចដើរបានហើយ ចំណែកអ្នកឆ្លងមេរោគឯទៀតដែលនៅសេសសល់ ក៏កំពុងបានធូរស្រាលជាបន្តបន្ទាប់ដែរ។
លោក ស៊ុន បានរៀបរាប់ថា មានការប្រមូលទឹកឈាមដែលមានប្រូតេអ៊ីនប្រព័ន្ធការពារ ពីអតីតអ្នកឆ្លងមេរោគវីរុស Covid-19 ឈុតដំបូងកាលពីថ្ងៃទី1កុម្ភៈ និងមានការព្យាបាលអ្នកឆ្លងមេរោគដែលមានអាការធ្ងន់ធ្ងរដោយទឹកឈាមនោះ ជាក្រុមដំបូងគេនៅក្នុងមន្ទីរពេទ្យក្នុងតំបន់ចៀងសៀ ក្នុងក្រុងវូហានកាលពីថ្ងៃទី9 កុម្ភៈកន្លងទៅ។
ប្លាស្មាឈាមរបស់អ្នកជាពីជំងឺកូរ៉ូណា អាចកម្ចាត់មេរោគ Covid-19!
ទាំងអស់នេះ លោកស៊ុន បានបន្ថែមថា អ្នកឆ្លងមេរោគជាង 10នាក់ទៀត នឹងបានទទួលការព្យាបាលដោយទឹកឈាមដែលមានប្រូតេអ៊ីនប្រព័ន្ធការពារនេះបន្ថែមទៀតនៅក្នុងសប្ដាហ៍នេះ ខណៈពេលជាមួយគ្នា លោកស៊ុនក៏បានអំពាវនាវឱ្យអតីតអ្នកឆ្លងមេរោគទាំងឡាយដែលបានជាសះស្បើយហើយ សូមរួមគ្នាបរិច្ចាគឈាមរបស់ខ្លួនបន្ថែមទៀតផងដែរ៕
ប្រភព សារព័ត៌មានបរទេស