លោក Liu Zhiming ប្រធានមន្ទីរពេទ្យ Wuchang Hospital នៃទីក្រុង Wuhan បានបាត់ជីវិត បន្ទាប់ពីបាន “ប្រយុទ្ធស្លាប់រស់” ជាមួយនឹងមេរោគកូរ៉ូណា COVID-19។
ទូរទស្សន៍ជាតិនៃប្រទេសចិន CCTV បានរាយការណ៍ថា លោកគ្រូពេទ្យ Liu Zhiming បានស្លាប់នៅវេលាម៉ោង10និង30នាទីថ្ងៃនេះ (18កុម្ភៈ) ក្រោយពីបានទទួលបរាជ័យក្នុងការជួយសង្គ្រោះ។
ទីភ្នាក់ងារសារព័ត៌មាន People Daily ដែលជាអ្នកនាំពាក្យរបស់បក្សកុម្មុយនីស្តចិន បានបង្ហោះសារនៅលើទំព័រ Twitter កាលពីម្សិលមិញថា លោក Liu Zhiming បានបាត់បង់ជីវិតដោយសារបានឆ្លងមេរោគកូរ៉ូណា ប៉ុន្តែ ក្រោយមកក៏បានលុបសារនេះបាត់ទៅ។ បន្ទាប់មក មន្ត្រីសុខាភិបាលម្នាក់នៃខេត្ត Hubei បានឱ្យដឹងថា លោកគ្រូពេទ្យ Liu Zhiming កំពុងតែត្រូវបានជួយសង្គ្រោះបន្ទាន់។
ភាពចម្រូងចម្រាសជុំវិញស្ថានភាពសុខភាពរបស់លោកគ្រូពេទ្យ Liu Zhiming គឺដូចទៅនឹងករណីរបស់លោកគ្រូពេទ្យ Li Wenliang កាលពីដើមខែនេះ។ សារព័ត៌មានរបស់រដ្ឋ ដំបូងបានចុះផ្សាយថា លោកគ្រូពេទ្យ Li Wenliang បានស្លាប់ ប៉ុន្តែខាងមន្ទីរពេទ្យធំរបស់ទីក្រុង Wuhan (Central Hospital of Wuhan) បានបដិសេធដំណឹងនេះ ដោយថា គាត់កំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ តែប៉ុន្មានម៉ោងក្រោយមក មន្ទីរពេទ្យក៏បានបញ្ជាក់ជាផ្លូវការថា លោកគ្រូពេទ្យ Liu Zhiming នោះ បានបាត់បង់ជីវិត៕
ប្រភព៖ សារព័ត៌មានបរទេស