ខេត្ត Hubei មានអ្នកស្លាប់បន្ថែម 93នាក់ ដោយសារវីរុសកូរ៉ូណា COVID-19 ធ្វើឱ្យអ្នកស្លាប់សរុបទូទាំងពិភពលោក ឡើងដល់ 1,873នាក់។
មន្ត្រីសុខាភិបាលនៅខេត្ត Hubei ប្រទេសចិន ដែលជាសម្បុកមេរោគកូរ៉ូណា ថ្ងៃនេះ បានប្រកាសថា បានរកឃើញអ្នកផ្ទុកមេរោគបន្ថែមចំនួន 1,807នាក់ និងអ្នកស្លាប់93នាក់ ធ្វើឱ្យចំនួនអ្នកបានឆ្លងមេរោគក្នុងខេត្តនេះឡើងដល់ 59,989នាក់ និងអ្នកស្លាប់ឡើងដល់ 1,789នាក់។ ក្នុងនោះ ទីក្រុង Wuhan មានអ្នកជំងឺថ្មី 1,600នាក់ និងអ្នកស្លាប់បន្ថែម72នាក់។
ចំនួនអ្នកជំងឺថ្មីនៅក្នុងខេត្ត Hubei កើន 3% ខណៈករណីស្លាប់កើន 5% បើធៀបនឹងថ្ងៃម្សិលមិញ។
គណៈកម្មសុខាភិបាលជាតិនៃប្រទេសចិន ថ្ងៃនេះ មិនទាន់បានប្រកាសទិន្នន័យថ្មីនៅឡើយ។
នៅទូទាំងពិភពលោក បច្ចុប្បន្ន មានអ្នកជំងឺរលាកសួតកូរ៉ូណាសរុប 73,326នាក់ ខណៈដែលអ្នកស្លាប់កើនដល់1,873នាក់ និងអ្នកបានជាសះស្បើយចំនួន 12,677នាក់។ ក្នុងចំណោមអ្នកស្លាប់ទាំងអស់ ក្រៅពីប្រទេសចិន (ចិនដីគោក) ក៏មានអ្នកស្លាប់នៅក្នុងប្រទេស និងតំបន់មួយចំនួនផងដែរ ដូចជាជប៉ុន ហុងកុង បារាំង ហ្វីលីពីន និងតៃវ៉ាន់។
អាសន្នរោគ COVID-19 (មេរោគបង្ករលាកសួតប្រភេទថ្មី កូរ៉ូណា) បានផ្ទុះឆ្លងរាលដាលចេញពីតំបន់ Wuhan ប្រទេសចិន ចាប់ពីខែធ្នូ ឆ្នាំ2019 ហើយបានឆ្លងដល់ប្រទេស និងតំបន់ចំនួន27នៅទូទាំងពិភពលោក។៕
ប្រភព៖ សារព័ត៌មានបរទេស