ធនាគារកណ្ដាលរបស់ប្រទេសចិន សាខាក្វាងចូវ (Guangzhou) សម្រេចចិត្តថានឹងដុតកម្ទេចក្រដាសប្រាក់មួយចំនួន ដែលធ្លាប់ចរាចរនៅក្នុងមន្ទីរពេទ្យ ផ្សារលក់អាហារ និងចំណត់រថយន្ត ដើម្បីរួមចំណែកទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូរ៉ូណា។
ដើម្បីអនុវត្តបាន បណ្ដាធនាគារពាណិជ្ជកម្មក្នុងខេត្ត នឹងត្រូវញែកក្រដាសប្រាក់ដែលធ្លាប់បានចរាចរនៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងមេរោគកូរ៉ូណា ទុកមួយឡែក ដើម្បីងាយស្រួលសម្លាប់មេរោគ។ ក្រោយមក ក្រដាសប្រាក់នោះនឹងត្រូវបញ្ជូនទៅកាន់ធនាគារកណ្ដាលរបស់ចិន សាខាខេត្តក្វាងចូវ ដើម្បីដុតសម្លាប់មេរោគ។ នេះបើតាមសារព័ត៌មាន SCMP។
ទាក់ទិននឹងវិធានការនេះ អគ្គនាយករងនៃធនាគារធំមួយនៅក្នុងខេត្តក្វាងចូវ សុំមិនបញ្ចេញឈ្មោះ បាននិយាយថា អតិថិជននឹងត្រូវស្នើឱ្យបញ្ជាក់អំពីប្រភពនៃក្រដាសប្រាក់របស់ពួកគេដែលបានផ្ញើនៅក្នុងសាខាធនាគាររបស់ពួកគេ។ ប៉ុន្តែ មន្ត្រីធនាគាររូបនេះ ជឿថា វិធានការបែបនេះ ពិបាកនឹងធ្វើឱ្យមានប្រសិទ្ធភាព។
ដំណោះស្រាយខាងលើរបស់ខេត្តក្វាងចូវ ត្រូវបានដាក់ចេញ បន្ទាប់ពីអគ្គនាយករងធនាគារ PBOC បានឱ្យដឹងថា ប្រាក់ប្រភេទក្រដាសថ្មី ចំនួន600ពាន់លានយន់ (85,6ពាន់លានដុល្លារអាមេរិក) ត្រូវបានដាក់ឱ្យប្រើប្រាស់ទូទាំងប្រទេសចាប់ពីថ្ងៃទី17មករា ឆ្នាំ2020 រួមទាំងប្រាក់ថ្មីចំនួន4ពាន់លានយន់ ត្រូវបានបញ្ជូនទៅកាន់ក្រុង Wuhan ខណៈដែលប្រាក់ចំនួន7,8ពាន់លានយន់ជាសាច់ប្រាក់សុទ្ធ ត្រូវបានដកចេញពីការចរាចរ។
PBOC បានឱ្យដឹងថា ខ្លួននឹងប្រើប្រាស់កម្ដៅខ្ពស់ ឬកាំរស្មី UV (ultraviolet ray) ដើម្បីរម្ងាប់មេរោគនៅលើក្រដាសប្រាក់ទាំងនោះ បន្ទាប់មកដាក់វាទុកដាច់ដោយឡែករយៈពេល14ថ្ងៃ មុនពេលដាក់ឱ្យប្រើប្រាស់ឡើងវិញ៕
ប្រភព៖ សារព័ត៌មានបរទេស