កាលពីយប់ថ្ងៃទី15កុម្ភៈ សារព័ត៌មានធំៗជាច្រើនបានរាយការណ៍ថា ក្រសួងសុខាភិបាលប្រទេសម៉ាឡេស៊ី បានឱ្យដឹងថា ខ្លួនបានរកឃើញជនជាតិអាមេរិកាំងម្នាក់ មានផ្ទុកមេរោគកូរ៉ូណា បន្ទាប់ពីអ្នកជំងឺនេះ បានធ្វើដំណើរចេញពីប្រទេសកម្ពុជា។
លោកវេជ្ជបណ្ឌិត Noor Hisham Abdullah មកពីក្រសួងសុខាភិបាលម៉ាឡេស៊ី បាននិយាយថា ស្រ្ដីជាជនជាតិអាមេរិកាំងដែលគេរកឃើញមានផ្ទុកមេរោគកូរ៉ូណានេះ គឺជាអ្នកទេសចរម្នាក់ ក្នុងចំណោមអ្នកទេសចរដែលធ្លាប់ស្ថិតនៅលើនាវា MS Westerdam ដែលទើបត្រូវបានអនុញ្ញាតឱ្យចូលចតក្នុងកំពង់ផែនក្រុងព្រះសីហនុនាពេលថ្មីៗនេះ។
សូមរំឭកថា នាវាទេសចរណ៍ MS Westerdam ដែលបានចូលចតក្នុងកំពង់ផែក្រុងព្រះសីហនុ មានផ្ទុកអ្នកទេសចរសរុប 145នាក់។ អ្នកដែលត្រូវម៉ាឡេស៊ីរកឃើញថាមានផ្ទុកមេរោគកូរ៉ូណា គឺជាស្ត្រីវ័យ83ឆ្នាំម្នាក់ និងជាមនុស្សម្នាក់ក្នុងចំណោមអ្នកដែលបាននៅលើនាវា MS Westerdam។
អ្នកដំណើរសរុបទាំង 145នាក់មកពីនាវាទេសចរណ៍ MS Westerdam បានចេញដំណើរតាមជើងយន្តហោះមួយពីប្រទេសកម្ពុជា ឆ្ពោះទៅកាន់ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃ14ខែកុម្ភៈកន្លងទៅ ក្នុងនោះមានស្ត្រីវ័យចំណាស់អាយុ83ឆ្នាំម្នានក់ដែលម៉ាឡេស៊ីអះអាងថា មានផ្ទុកមេរោគកូរ៉ូណា។
ករណីនេះក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាស ស្នើសុំឱ្យភាគីម៉ាឡេស៊ី ពិនិត្យឡើងវិញអំពីករណីខាងលើនេះឱ្យបានសុក្រឹត៕