ក្រសួងសុខាភិបាលអេហ្ស៊ីប កាលពីថ្ងៃទី 14កុម្ភៈ បានប្រកាសថា ប្រទេសនេះ បានរកឃើញអ្នកផ្ទុកមេរោគកូរ៉ូណាប្រភេទថ្មី COVID-19 ករណីដំបូងគេបង្អស់នៅក្នុងប្រទេសរបស់ពួកគេ ហើយនេះក៏ជាការណីទី1នៅទ្វីបអាហ្វ្រិកផងដែរ បន្ទាប់ពីវីរុសនេះ បានរាតត្បាតស្ទើរតែពេញពិភពលោក។
តាមរយៈសេចក្ដីប្រកាសកាលពីម្សិលមិញនេះ ក្រសួងសុខាភិបាលអេហ្ស៊ីប ឱ្យដឹងថា អ្នកឆ្លងមេរោគកូរ៉ូណា (COVID-19) ដំបូងនៅអាហ្វ្រិកនេះ មិនមែនជាជនជាតិអេហ្ស៊ីបនោះទេ។ ប៉ុន្តែ សេចក្ដីប្រកាសនេះ ក៏មិនបានបញ្ជាក់ថា អ្នកជំងឺមកពីប្រទេសណានោះដែរ។
អ្នកនាំពាក្យនៃក្រសួងសុខាភិបាលអេហ្ស៊ីប លោក Khaled Megahed ថ្លែងថា ៖ “ក្រសួងសុខាភិបាលកំពុងអនុវត្តវិធានការទប់ស្កាត់ និងតាមដានសុខភាពអ្នកជំងឺជាប់ជានិច្ច”។ លោកបន្តថា សុខភាពរបស់អ្នកជំងឺនេះ នៅល្អប្រសើរនៅឡើយ។
អេហ្ស៊ីបក៏បានរាយការណ៍ករណីនេះទៅកាន់អង្គការសុខភាពពិភពលោក (WHO) ចំណេកអ្នកជំងឺក៏បានបញ្ជូនទៅកាន់បន្ទប់ដាច់ដោយឡែកហើយដែរ។ នេះបើតាមសារព័ត៌មាន SCMP។
ទំនាក់ទំនងពាណិជ្ជកម្មស៊ីជម្រៅរបស់បណ្ដាប្រទេសក្នុងទ្វីបអាហ្វ្រិក ជាមួយនឹងប្រទេសចិន រួមនឹងប្រព័ន្ធសុខាភិបាលនៃបណ្ដាប្រទេសក្នុងតំបន់នេះ ធ្វើឱ្យមានការព្រួយបារម្ភជាខ្លាំង ចំពោះសមត្ថភាពនៃការទប់ទល់នឹងអាសន្នរោគកូរ៉ូណា COVID-19 បើសិនវីរុសនេះឆ្លងរាលដាលខ្លាំង។
កាលពីដើមខែមករា អេហ្ស៊ីបបានផ្អាកការហោះហើរទាំងអស់នៃក្រុមហ៊ុនអាកាសចរណ៍ជាតិ ទៅ-មកប្រទេសចិន។ ក្រៅពីនេះ អេហ្ស៊ីបក៏បានជម្លៀសពលរដ្ឋរបស់ខ្លួនចំនួន301នាក់ ចេញពីទីក្រុង Wuhan ប្រទេសចិន ហើយអ្នកទាំងនោះក៏កំពុងស្ថិតក្នុងបន្ទប់ដាច់ដោយឡែក។
គិតមកដល់ថ្ងៃទី15កុម្ភៈនេះ វីរុសកូរ៉ូណា COVID-19 បានឆ្លងទៅកាន់មនុស្សជាង 67,100នាក់ និងបានសម្លាប់មនុស្ស 1,526នាក់៕
ប្រភព៖ សារព័ត៌មានបរទេស