សហរដ្ឋអាមេរិក៖ ក្រុមអ្នកវិទ្យាសាស្ត្រ បានពិនិត្យមើលដោយប្រើកែវពង្រីកមីក្រូទស្សន៍អេឡិចត្រុង(electron microscope) បានរកឃើញមេរោគកូរ៉ូណានេះ តោងជាប់នៅលើកោសិកានៃរាងកាយមនុស្ស។
សារព័ត៌មាន Live Science បានឱ្យដឹងថា បន្ទប់ពិសោធន៍ Rocky Mountain Laboratories(RML) នៃមន្ទីរប្រតិកម្ម និងជំងឺឆ្លងនៃសហរដ្ឋអាមេរិក បានចុះផ្សាយរូបថតពង្រីកធំមួយចំនួន ជាលើកដំបូងបង្អស់របស់មេរោគកូរ៉ូណា Covid-19 ដែលកំពុងរាតត្បាតពិភពលោក ពិសេសគឺនៅក្នុងទីក្រុងអ៊ូហាន ប្រទេសចិន ដោយបានសម្លាប់មនុស្សជិត1,500នាក់ និងអ្នកមានផ្ទុកមេរោគនេះ ឡើងដល់ 64,447នាក់។
មេរោគកូរ៉ូណា Covid-19 ទាំងនេះ មានរូបរាងដូចទៅនឹងកូនគ្រាប់ក្លីដ៏ល្អិត កំពុងតោងជាប់នៅលើកោសិកា និងស្ថិតក្នុងស្រទាប់ប្រូតេអ៊ីន។ មេរោគនេះ មានរូបរាងតូច រហូតដល់គេមិនអាចមើលឃើញដោយមីក្រូទស្សន៍អុបទិក (optical microscope)។
ក្រុមអ្នកវិទ្យាសាស្ត្រនៅឯ RML បានថតរូបភាពកោសិកាមានមេរោគកូរ៉ូណា ដែលបានមកពីអ្នកជំងឺជនជាតិអាមេរិកម្នាក់ ដោយប្រើកែវពង្រីកពីរប្រភេទ គឺមីក្រូទស្សន៍អេឡិចត្រុងប្រភេទស្កេន(Scanning electron microscope) និងមីក្រូទស្សន៍អេឡិចត្រុងប្រភេទបញ្ជូនរូបភាព(transmitted electron microscope) បន្ទាប់មក អ្នកវិទ្យាសាស្ត្របានបន្ថែមពណ៌ទៅលើរូបភាពទាំងនោះ។
មេរោគកូរ៉ូណា Covid-19 មានរូបរាងដូចទៅនឹងវីរុស MERS ឆ្នាំ2012 និងវីរុស SARS ក្នុងឆ្នាំ2002 ព្រោះថា ពួកវាស្ថិតក្នុងត្រកូលកូរ៉ូណាដូចគ្នា៕
ប្រភព៖ សារព័ត៌មានបរទេស