ប្រទេសចិន៖ ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញបរិមាណដ៏ច្រើននៃអង្គបដិប្រាណនៅក្នុងប្លាស្មាឈាមរបស់អ្នកជំងឺដែលមានជាសះស្បើយពីជំងឺកូរ៉ូណា Covid-19។
“លទ្ធផលដំបូងនានា បានបង្ហាញអំពីប្រសិទ្ធភាពនៃវិធីសាស្ត្របញ្ជូនប្លាស្មាឈាម ក្នុងការព្យាបាលអ្នកជំងឺកូរ៉ូណា Covid-19” នេះបើតាមលោក Zhang Dignyu ប្រធានមន្ទីរពេទ្យ Jinyintan នៅទីក្រុងអ៊ូហាន។ លោកបានអំពាវនាវដល់អ្នកដែលបានជាសះស្បើយពីជំងឺកូរ៉ូណា មកផ្ដល់ឈាម ដើម្បីជួយដល់អ្នកជំងឺដទៃ។
ក្រុមហ៊ុនបច្ចេកវិទ្យាជីវសាស្ត្រជាតិរបស់ចិន (CNBG) បានឱ្យដឹងថា ពួកគេបានត្រៀមដោយជោគជ័យនូវបណ្ដាផលិតផលប្លាស្មាឈាមការពារការឆ្លងរោគពិសេស ហើយនឹងប្រើប្រាស់វាក្នុងការព្យាបាលអ្នកជំងឺដែលកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ នេះបើតាមសារព័ត៌មាន Xinhua។
បណ្ដាផលិតផលនេះ សុទ្ធតែបានច្នៃចេញពីប្លាស្មាឈាម ដែលបានមកពីការបរិច្ចាគពីក្រុមអ្នកជំងឺដែលបានជាសះស្បើយពីជំងឺកូរ៉ូណា និងបានត្រៀមទុកក្រោយពីបានកម្ចាត់វីរុសរួចរាល់ និងការធ្វើតេស្តជាច្រើនទៀត។ នេះបើតាមការឱ្យដឹងពី CNBG។ អ្នកជំងឺជាង 10នាក់ បានយល់ព្រមទទួលការព្យាបាលដោយប្រើវិធីថ្មីជាមួយនឹងប្លាស្មាឈាមចម្ចាត់មេរោគពិសេសនេះ ហើយឃើញថា ស្ថានភាពជំងឺរបស់ពួកគេ បានប្រសើរឡើងគួរឱ្យកត់សម្គាល់ បន្ទាប់ពីបានព្យាបាលរយៈពេល 12-24ម៉ោង។
CNBG បានឱ្យដឹងដែរថា ភាគច្រើននៃអ្នកជំងឺដែលត្រូវបានព្យាបាលជាសះស្បើយ អាចបញ្ចេញអង់ទីគ័រដែលមានសមត្ថភាពកម្ចាត់វីរុស។ បច្ចុប្បន្ន នៅពេលដែលពិភពលោក មិនទាន់មានវ៉ាក់សាំង និងថ្នាំព្យាបាលពិសេស វិធីព្យាបាលដោយប្រើប្លាស្មាឈាមនេះ អាចជួយកាត់បន្ថយការស្លាប់បានមួយកម្រិត។
ឈាមជាសារធាតុរាវយ៉ាងសំខាន់សម្រាប់រាងកាយរបស់មនុស្សម្នាក់ៗ រួមមានសមាសធាតុផ្សំ4សំខាន់ៗគឺ ប្លាស្មា កោសិកាឈាមក្រហម កោសិកាឈាមស និងផ្លាកែត ដែលមានតួនាទី ដឹកនាំអុកស៊ីសែន និងសារធាតុចិញ្ចឹម បង្កើតឲ្យមានកំណកឈាម ដឹកនាំកាកសំណល់ទៅតម្រងនោម និងថ្លើម គ្រប់គ្រងសីតុណ្ហភាពក្នុងរាងកាយទៀតផង៕
ប្រភព៖ សារព័ត៌មានបរទេស