ប្រទេសចិន៖ អាជ្ញាធរនៃទីក្រុងក្វាងចូវ (Guangzhou) បានហាមមនុស្សម្នា ហូបអាហារនៅក្នុងអាហារដ្ឋាន ឬភោជនីយដ្ឋាន ប៉ុន្តែ អនុញ្ញាតឱ្យបញ្ជាទិញតាមអ៊ីនធើណិត និងខ្ចប់យកទៅផ្ទះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលបន្ថែមនៃជំងឺរលាកសួតថ្មីកូរ៉ូណា Covid-19។
យោងតាមសេចក្ដីប្រកាសកាលពីម្សិលមិញ អាហារដ្ឋាន និងភោជនីយដ្ឋានទាំងអស់នៅក្នុងទីក្រុងក្វាងចូល ខេត្តក្វាងតុង ភាគខាងត្បូងប្រទេសចិន ត្រូវបានហាមមិនឱ្យលក់អាហារដែលហូបនៅនឹងកន្លែងដូចសព្វដង។ ជំនួសមកវិញ អតិថិជនត្រូវតែបញ្ជាទិញតាមអនឡាញ និងទូរស័ព្ទ ឬទៅទិញយកមកហូបនៅឯផ្ទះ។ ប៉ុន្តែ អាជ្ញាធរបានផ្ដល់អនុសាសន៍ថា ការទិញតាមទូរស័ព្ទ ឬតាមអ៊ីនធើណិត គឺជាវិធីដែលមានសុវត្ថិភាពជាងគេ។
អ្នកនៅក្នុងក្រុងក្វាងចូវ ក៏ដូចជាបណ្ដាក្រុងផ្សេងៗ បានចាប់ផ្ដើមត្រឡប់ចូលធ្វើការវិញ បន្ទាប់ពីបានឈប់សម្រាកបុណ្យចូលឆ្នាំចិនមួយរយៈពេលវែង ព្រោះតែអាសន្នរោគកូរ៉ូណា។ ដូច្នេះ ដើម្បីទប់ស្កាត់ការឆ្លងមេរោគបន្ថែមទៀត អាជ្ញាធរក៏បានប្រើវិធីនេះ។ បទបញ្ជានេះ អនុវត្តតែទៅលើអាហារដ្ឋានខាងក្រៅ និងភោជនីយដ្ឋានតែប៉ុណ្ណោះ ចំណែកបុគ្គលិកការិយាល័យវិញ នៅតែអាចហូបអាហារក្នុងអាហារដ្ឋានរបស់ក្រុមហ៊ុនដែលពួកគេកំពុងធ្វើការនោះបាន។
ការទៅកាន់ភោជនីយដ្ឋានដើម្បីផឹកតែ និងហូបអាហារចិន Dim sum (Dim sum គឺជាម្ហូបចិនមួយបែប ដែលអាហារទាំងនោះ ត្រូវបានគេរៀបចំជាផ្នែកតូចៗ ដាក់ក្នុងកន្ត្រកចំហុយតូច ឬនៅលើចានតូចទាបមួយៗ) គឺជាទម្លាប់របស់អ្នកក្រុងក្វាងចូវ។
លោក He Zhijuan អាយុ 73ឆ្នាំ បាននិយាយថា ៖ “សូម្បីតែនៅពេលប្រទេសចិន ជួបនឹងគ្រោះអត់ឃ្លានកាលពីឆ្នាំ1959 ដល់1961 ខ្ញុំនៅចាំថា អាហារដ្ឋាននានានៅតែបើកដំណើរការ។ ខ្ញុំពិតជាមានការភ្ញាក់ផ្អើលណាស់ ពេលអាជ្ញាធរចេញបទបញ្ជាហាមបែបនេះ។ ខ្ញុំគិតថា អាសន្នរោគនេះ ប្រាកដជាធ្ងន់ធ្ងរណាស់ហើយ ទើបក្វាងចូវ ប្រើយុទ្ធសាស្ត្រនេះ”។
អាសន្នរោគកូរ៉ូណា Covid-19 បានចាប់ផ្ដើមផ្ទុះឆ្លងរាលដាល តាំងពីខែធ្នូ ឆ្នាំ2019 នៅទីក្រុងអ៊ូហាន (Wuhan) ប្រទេសចិន។ មកដល់ពេលនេះ ពិភពលោកទាំងមូល មានអ្នកស្លាប់ដោយសារមេរោគនេះ កើនដល់ 1,383នាក់ និងអ្នកមានផ្ទុកមេរោគនេះ កើនដល់ទៅ 64,437នាក់ ក្នុងនោះមានអ្នកជំងឺរាប់ពាន់នាក់ កំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ដល់ជីវិត៕
ប្រភព៖ សារព័ត៌មានបរទេស