ស្ដ្រីម្នាក់ បានក្លាយជាមនុស្សដំបូងគេបង្អស់នៅជប៉ុន ស្លាប់ដោយសារឆ្លងមេរោគកូរ៉ូណា ប៉ុន្តែនេះគ្រាន់តែជាការសន្និដ្ឋានដំបូងប៉ុណ្ណោះ។
សារព័ត៌មាន NHK បានឱ្យដឹងថា អ្នកជំងឺគឺជាស្ត្រីវ័យប្រហែល 80ឆ្នាំ ដែលបានឆ្លងមេរោគកូរ៉ូណា Covid-19 នៅខេត្ត Kanagawa ក្បែរទីក្រុង Tokyo ប្រទេសជប៉ុន។
សារព័ត៌មាន NHK ដកស្រង់សម្ដីរដ្ឋមន្ត្រីក្រសួងសុខាភិបាលជប៉ុន លោក Katsunobu Kato បញ្ជាក់ថា ៖ “បច្ចុប្បន្ន មិនទាន់ដឹងច្បាស់ថា តើការស្លាប់នេះ មានជាប់ពាក់ព័ន្ធនឹងវីរុសកូរ៉ូណាដែរ ឬយ៉ាងណានោះទេ។ នេះគឺជាមនុស្សដំបូងដែលមានផ្ទុកវីរុសកូរ៉ូណា បានបាត់បង់ជីវិត”។
ទាក់ទិននឹងមេរោគកូរ៉ូណា អ្នកបើកបររថយន្តតាក់ស៊ីម្នាក់នៅឯទីក្រុង Tokyo ក៏បានឆ្លងមេរោគនេះ ខណៈដែលជប៉ុនកំពុងខឹតខំទប់ស្កាត់ការរាលដាលនៃមេរោគនេះ ក្នុងនោះក៏មានវិធានការបង្ខាំងនាវាទេសចរណ៍ Diamond Princess នៅឯកំពង់ផែ Yokohama ផងដែរ។
សារព័ត៌មានជប៉ុន ចុះផ្សាយថា អ្នកបើកបរខាងលើប្រាប់ថា គាត់ប្រហែលជាឆ្លងវីរុសកូរ៉ូណា ពីអតិថិជនរបស់ខ្លួន ក្នុងនោះក៏មានជនជាតិចិនម្នាក់ផងដែរ។ បច្ចុប្បន្ន មន្ត្រីសុខាភិបាលជប៉ុនកំពុងស្រាវជ្រាវរកមូលហេតុដំបូងដែលនាំឱ្យអ្នករត់តាក់ស៊ីនេះត្រូវឆ្លងមេរោគ។
គិតមកដល់ល្ងាចថ្ងៃទី13កុម្ភៈនេះ ជប៉ុនមានអ្នកផ្ទុកមេរោគ Covid-19 ចំនួន 250នាក់ បើបូករួមទាំងអ្នកជំងឺ 218នាក់ ដែលកំពុងដាក់ឱ្យនៅដោយឡែកលើកប៉ាល់ទេសចរណ៍ Diamond Princess។ ជប៉ុន ក៏ជាប្រទេសដែលមានអ្នកផ្ទុកមេរោគកូរ៉ូណា Covid-19 ច្រើនជាងគេបង្អស់ក្នុងពិភពលោក ក្រៅតែពីប្រទេសចិន។
ដើម្បីទប់ស្កាត់ការឆ្លងរាលដាលបន្ថែមនៅលើនាវាដែលមានផ្ទុកមនុស្សជាង 3,700នាក់ រាជរដ្ឋាភិបាលជប៉ុន បានសម្រេចចិត្តថានឹងជម្លៀសមនុស្សចាស់ និងអ្នកដែលមានជំងឺប្រចាំកាយ ចេញពីនាវានេះនៅថ្ងៃស្អែក ដើម្បីយកទៅដាក់នៅកន្លែងដាច់ដោយឡែកនៅឯដីគោក និងដើម្បីធ្វើការព្យាបាលឱ្យបានត្រឹមត្រូវបំផុត។
ជប៉ុន ក៏បានសម្រេចចិត្ត ចំណាយប្រាក់ 140លានដុល្លារអាមេរិក សម្រាប់បេសកកម្មប្រឆាំងអាសន្នរោគកូរ៉ូណា Covid-19 នេះផងដែរ៕
ប្រភ៖ សារព័ត៌មានបរទេស