នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន សែន នៅមុននេះបន្តិច បានសរសេរនៅលើបណ្ដាញសង្គមថា សម្តេចនឹងទៅសម្ដែងស្វាគមន៍ក្រុមអ្នកទេសចរនៅលើនាវា Westerdam នៅឯកំពង់ផែក្រុងព្រះសីហនុ ដើម្បីបង្ហាញពីសាមគ្គីភាពនិងការទទួលខុសត្រូវក្នុងឋានៈជាម្ចាស់ផ្ទះ។
“អរគុណសន្តិភាព! ដោយសារតែកម្ពុជាមានសន្តិភាព ទើបខ្ញុំហ៊ានសម្រេចចិត្តទទួលយកនាវាទេសចរណ៏ដ៏ធំ ដែលគ្មានកន្លែងចូលចត ឱ្យមកចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ដើម្បីជួយដល់អ្នកដែលស្ថិតនៅលើនាវាអស់រយៈពេល១៣ថ្ងៃមកហើយ ឱ្យបានវិលត្រឡប់ទៅប្រទេសពួកគេវិញដោយសុវត្ថិភាព”។ នេះគឺជាសំណេររបស់សម្ដេច ហ៊ុន សែន នៅលើបណ្ដាញសង្គម។
សម្ដេច ហ៊ុន សែន បានបន្តថា ៖ “ព្រឹកស្អែកថ្ងៃ១៤កុម្ភៈ២០២០ ខ្ញុំនឹងទៅស្វាគមន៍ពួកគេនៅខេត្តព្រះសីហនុ ក្នុងឋានៈជាម្ជាស់ផ្ទះដែលមានសាមគ្គីភាព និងការទទួលខុសត្រូវ”។
សម្ដេច បានបញ្ចប់ថា ៖ “សុំអរគុណអង្គការសុខភាពពិភពលោក និងប្រទេសនានាដែលមានពលរដ្ឋខ្លួនស្ថិតនៅលើនាវា ដែលបានផ្តល់នូវការជឿទុកចិត្តដល់កម្ពុជា។ ជួយគ្នាក្នុងគ្រាក្រស្គាល់មិត្តល្អក្នុងពេលលំបាក”៕