នៅពេលពិនិត្យលម្អិតទៅលើសត្វប្រចៀវមួយប្រភេទដែលគេហៅថាប្រចៀវ Rhinolophus ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញវីរុសកូរ៉ូណាដល់ទៅ 500ប្រភេទ ដែលនេះភ័ស្តុតាងមួយបន្ថែមទៀតបញ្ជាក់ថា មេរោគកូរ៉ូណាគឺបានឆ្លងពីប្រចៀវមកមនុស្ស។
របាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) ថ្ងៃទី 11កុម្ភៈ បានឱ្យដឹងថា ការសិក្សាស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រនានា បានបង្ហាញភ័ស្តុតាងកាន់តែច្រើនឡើងៗថា អាសន្នរោគដែលបង្កឡើងដោយវីរុសកូរ៉ូណា (Covid-19) មានជាប់ទាក់ទិននឹងវីរុសកូរ៉ូណានៅលើសត្វប្រចៀវ Rhinolophus។
ការសិក្សាស្រាវជ្រាវថ្មីខាងលើនេះ បានរកឃើញវីរុសកូរ៉ូណាចំនួនជាង 500ប្រភេទនៅលើសត្វប្រចៀវ Rhinolophus នេះ នៅក្នុងប្រទេសចិន។ អ្វីដែលគួរឱ្យកត់សម្គាល់ជាងនេះ គឺថា ការធ្វើតេស្តឈាមនៅលើមនុស្សមួយចំនួនដែលរស់នៅក្បែរតំបន់មានសត្វប្រចៀវរស់នៅ បង្ហាញថា អត្រាមានផ្ទុកមេរោគកូរ៉ូណា គឺ 2,9%។ ភាគរយនេះ ក៏បង្ហាញថា ហានិភ័យនៃការឆ្លងដោយសារមនុស្សប៉ះពាល់សត្វប្រចៀវនេះ គឺមានខ្ពស់ពិតមែន។
យ៉ាងនេះក្ដី ក្រុមអ្នកសិក្សាស្រាវជ្រាវជាច្រើនបានឱ្យដឹងថា របៀបឆ្លងរបស់មេរោគ Covid-19 ចាប់តាំងពីការផ្ទុះឆ្លងដំបូង នៅតែមិនទាន់ច្បាស់លាស់នៅឡើយ។ សម្មតិកម្មនាបច្ចុប្បន្ន យល់ថា ប្រភេទសត្វផ្សេងមួយទៀត មានតួនាទីចម្លងមេរោគកូរ៉ូណា ដែលដូចទៅនឹងមេរោគ SARS កាលពីឆ្នាំ 2003។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន China News។
ក្រុមអ្នកវិទ្យាសាស្ត្រចិន និងអន្តរជាតិកំពុងតែស្ថិតក្នុងដំណាក់កាលធ្វើការកំណត់ឱ្យបានច្បាស់នូវប្រភពសត្វដែលបានចម្លងមេរោគកូរ៉ូណា Covid-19 ដើម្បីធានាឱ្យបានថា បញ្ហាដដែលនេះនឹងមិនអាចកើតឡើងនៅពេលអនាគត។ ការសិក្សាស្រាវជ្រាវក៏នឹងជួយបង្កើនការយល់ដឹងច្រើនអំពីរបៀប និងផ្លូវដែលវីរុសនានា ឆ្លងពីសត្វមកមនុស្ស។
អាសន្នរោគ Covid-19 បានផ្ទុះឆ្លងកាលពីដើមខែធ្នូ ឆ្នាំ2019 ដែលវាមានប្រភពចេញមកពីផ្សារ Huanan នៅក្នុងទីក្រុង Wuhan ដែលមានលក់សត្វព្រៃរស់៕
ប្រភព៖ សារព័ត៌មានបរទេស