ចិនបានដកមេដឹកនាំខាងនយោបាយលំដាប់ខ្ពស់របស់មណ្ឌលហ៊ូពេយ ដែលជាចំណុចកណ្ដាលនៃការឆ្លងរាលដាលរបស់មេរោគវីរុសកូរ៉ូណា ដែលធ្វើឱ្យមានមនុស្សស្លាប់មកដល់ពេលនេះចំនួន 1,355នាក់។ នេះបើតាមប្រភពព័ត៌មានផ្លូវការដែលបានរាយកាយនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។
ចៀង សៅលៀង លេខាបក្សប្រចាំតំបន់ហ៊ូពេយ នឹងត្រូវជំនួសដោយ យីង យង់ អភិបាលក្រុងស៊ាងហៃ។ នេះបើយោងតាមការអះអាងពីទីភ្នាក់ងារព័ត៌មានស៊ីនហួរបស់រដ្ឋចិន ដែលមិនបានរាយការណ៍អ្វីបន្ថែមឡើយ។
ការដកសមមិត្ត ចៀង ចេញនេះ កើតឡើងបន្ទាប់ពីមន្ត្រីជើងចាស់ផ្នែកសាធារណៈសុខាភិបាល 2រូបរបស់ហ៊ូពេយ ត្រូវបានដកចេញកាលពីថ្ងៃចន្ទ ក្រោមសំឡេងរិះគន់ដ៏ច្រើនអំពីវិធានការប្រយុទ្ធប្រឆាំងមេរោគដែលក្រុមមន្ត្រីក្នុងតំបន់បានដាក់ចេញក្នុងស្ថានការណ៍វិបត្តិ។
មណ្ឌលនេះបានរាយការណ៍ថា រកឃើញអ្នកឆ្លងមេរោគកើនឡើងយ៉ាងគួរឱ្យភ្ញាក់ផ្អើលនៅថ្ងៃព្រហស្បតិ៍នេះ ដែលធ្វើឱ្យចំនួនអ្នកឆ្លងមេរោគទូទាំងប្រទេសកើនឡើងដល់ជិត 60,000នាក់ ក្រោយពីរដ្ឋបាលហ៊ូពេយប្ដូរវិធីថ្មីក្នុងការរាប់ចំនួនអ្នកឆ្លងមេរោគ។
មេរោគវីរុសនេះ ត្រូវបានគេជឿថា ចាប់កំណើតឡើងកាលពីចុងឆ្នាំកន្លងទៅ នៅក្នុងផ្សារលក់អាហារសមុទ្រមួយកន្លែងក្នុងទីក្រុងវូហាន ក្នុងតំបន់ហ៊ូពេយ។
ការរិះគន់ទៅលើក្រុមមន្ត្រីក្នុងតំបន់ អំពីរឿងមិនបានត្រៀមខ្លួន និងបណ្ដែតបណ្ដោយក្នុងការទប់ទល់មេរោគ បានកើនឡើងយ៉ាងច្រើន បន្ទាប់ពីមានការស្លាប់កាលពីសប្ដាហ៍មុនរបស់លោកគ្រូពេទ្យចិនម្នាក់ដែលធ្លាប់ត្រូវអាជ្ញាធរទីក្រុងវូហានដាក់ទោសពីបទប្រកាសដំណឹងពាក់ព័ន្ធនឹងមេរោគវីរុសប្រភេទថ្មីនេះ។
រដ្ឋបាលទីក្រុងវូហាន ថែមទាំងត្រូវប្រឈមនឹងការរិះគន់យ៉ាងចាស់ដៃកាលពីខែមករា ចំពោះការរឹងរូសក្នុងការរៀបចំពិធីជប់លៀងសាធារណៈប្រចាំឆ្នាំដល់ក្រុមគ្រួសារចំនួន 40,000គ្រួសារ ត្រឹមតែប៉ុន្មានថ្ងៃមុនពេលដែលទីក្រុងនេះត្រូវបានបិទជាផ្លូវការទាំងស្រុងទៀតផង។
ការប្រែប្រួលផ្សេងៗកំពុងតែកើតឡើងនៅក្នុងមណ្ឌលនេះ រួមទាំងការដកមន្ត្រីកាកបាទក្រហមលំដាប់ខ្ពស់ម្នាក់ក្នុងទីក្រុងវូហាន ពីបទព្រងើយកន្តើយចំពោះតួនាទី ក្នុងខណៈដែលមន្ត្រីជើងចាស់ក្នុងទីក្រុងប៉េកាំង ឈឹន អ៊ីស៊ីន ត្រូវបានបញ្ជូនទៅទីក្រុងវូហាន ដើម្បីកាន់កាប់គ្រប់គ្រងការឆ្លងរាលដាលរបស់មេរោគ៕
ប្រភព៖ សាព័ត៌មានបរទេស