ពន្ធនាគារមួយនៅក្នុងប្រទេសអង់គ្លេសត្រូវបានបិទទាំងស្រុងកាលពីថ្ងៃអង្គារ ទី11 កុម្ភៈ(ម្សិលមិញ) បន្ទាប់ពីប្រទះឃើញអ្នកទោសម្នាក់ដួលសន្លប់នៅក្នុងបន្ទប់ឃុំឃាំង បន្ទាប់ពីអ្នកទោសម្នាក់នោះត្រូវបានបញ្ជូនទៅពីពន្ធនាគារនៅក្នុងប្រទេសថៃ។
សារព័ត៌មាន ឌឹ សាន់ និងដេលី មែល បានរាយការណ៍ថា អ្នកទោសម្នាក់នេះបានជាប់ឃុំឃាំងនៅក្នុងប្រទេសថៃ មុននឹងត្រូវបញ្ជូនត្រឡប់ទៅប្រទេសអង់គ្លេស និងត្រូវបានបន្តឃុំខ្លួននៅក្នុងពន្ធនាគារ ប៊ុលលីងដន ក្នុងទីក្រុង បៃឆេស្ទើរ មណ្ឌល អក់ស្វើត សៀរ។
ពន្ធនាគារទាំងមូលត្រូវបានបិទចោលទាំងស្រុង និងមកដល់ពេលនេះ មានអ្នកទោសយ៉ាងតិច 3នាក់ត្រូវបាននាំខ្លួនទៅពិនិត្យរកមេរោគវីរុសកូរ៉ូណាប្រភេទថ្មី ដែលនៅពេលនេះនៅក្នុងប្រទេសចិន ដែលជាដើមកំណើតនៃការឆ្លងរាលដាល បានរកឃើញអ្នកឆ្លងមេរោគរួចហើយ 45,88នាក់ ក្នុងនោះស្លាប់ 1,115នាក់ ចំណែកអ្នកដែលឆ្លងមេរោគនៅក្នុងប្រទេសផ្សេងៗ និងតាមតំបន់នានាក្រៅប្រទេសចិន មាន 319នាក់ ក្នុងនោះស្លាប់ 2នាក់។
ខណៈពេលជាមួយគ្នា ប្រភពព័ត៌មាននៅបានប្រាប់ឱ្យដឹងទៀតថា អ្នកទោសដែលមានជំងឺម្នាក់នោះត្រូវបានបញ្ជូនទៅព្យាបាលនៅឯមន្ទីរពេទ្យពិសេសមួយ នៅផ្នែកខាងក្រៅរបងពន្ធនាគារ។ “ប្រហែលជា គេទើបតែត្រូវបញ្ជូនមកពីពន្ធនាគារក្នុងប្រទេសថៃ មកដល់ប៊ុលលីងដននេះកាលពីពេលថ្មីៗនេះ ក្រោមគ្រោងការផ្លាស់ប្ដូរអ្នកទោសអន្តរជាតិ” ប្រភពព័ត៌មានបញ្ជាក់។
“ពេលនេះ គេកំពុងដេកព្យាបាលនៅឯមន្ទីរពេទ្យពិសេសក្រៅពន្ធនាគារ ចំណែក 2នាក់ទៀត មានអាការស្រដៀងអ្នកកើតជំងឺគ្រុនផ្ដាសាយ និងកំពុងព្យាបាលនៅឯមន្ទីរពេទ្យក្នុងពន្ធនាគារ” ប្រភពព័ត៌មានបានបញ្ជាក់បន្ថែម។
គេជឿថា អ្នកទោសទាំង 3នាក់ស្ថិតនៅក្នុងពន្ធនាគារតែមួយជាមួយគ្នា ដែលបណ្ដាលឱ្យគិលានុបដ្ឋាកម្នាក់ដែលធ្លាប់មើលថែអាការជំងឺឱ្យពួកគេ ត្រូវបានបង្ខាំងខ្លួនដើម្បីពិនិត្យរកមេរោគដែរ ដែលនេះជាផ្នែកមួយនៃវិធានការការពារទុកជាមុន។
កាលពីថ្ងៃអង្គារម្សិលមិញ គេបានមើលឃើញ ក្រុមមន្ត្រីសាធារណៈសុខាភិបាលអង់គ្លេស ចូលទៅក្នុងពន្ធនាគារ ដើម្បីផ្ដល់ការជួយសង្គ្រោះអ្នកទោស និងមន្ត្រីពន្ធនាគារចំនួន 1,114នាក់ ខណៈដែលគ្រូពេទ្យក្នុងសម្លៀកបំពាក់ឈុតការពារ បានចូលទៅត្រួតពិនិត្យខាងក្នុងអគារដែលជាកន្លែងបន្ទប់ឃុំឃាំងពួកអ្នកទោសដែលសង្ស័យថា បានឆ្លងមេរោគ។
រហូតមកដល់ល្ងាចថ្ងៃអង្គារម្សិលមិញ តាមរយៈព័ត៌មានរបស់ក្រសួងសាធារណៈសុខាភិបាលអង់គ្លេស បានរកឃើញថា មានប្រជាជនចំនួន 1,358នាក់ ត្រូវបាននាំខ្លួនទៅពិនិត្យរកមេរោគវីរុសកូរ៉ូណាប្រភេទថ្មី ដោយនៅក្នុងចំនួននោះ មាន 1,350នាក់មានលទ្ធផលអវិជ្ជមាន(គ្មានមេរោគ) តែមាន 8នាក់ដែលលទ្ធផលចេញមក វិជ្ជមាន(មានមេរោគ)៕
ប្រភព៖ សារព័ត៌មាន ឌឹ សាន់ និងដេលី មែល