អង្គការសុខភាពពិភពលោក (WHO) បានប្រកាសឱ្យប្រើប្រាស់ឈ្មោះផ្លូវការនៃអាសន្នរោគកូរ៉ូណាប្រភទថ្មី ដែលបង្កឱ្យរលាកសួត នោះគឺឈ្មោះ “Corvid-19″។
“យើងបានដាក់ឈ្មោះឱ្យអាសន្នរោគនេះថា “Covid-19” នេះគឺជាប្រសាសន៍របស់លោក Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោក ដែលបានថ្លែងនៅទីក្រុងហ្សឺណែវ ប្រទេសស្វុីសកាលពីម្សិលមិញ។ លោកបានបកស្រាយថា ពាក្យថា “co” គឺជាពាក្យកាត់របស់ corona។ ចំណែក “vi” គឺ virus និង “d” គឺ disease (រោគ/ជំងឺ)។
លោក Tedros ឱ្យដឹងថា ឈ្មោះ “Covid-19” ត្រូវបានគេជ្រើសរើសយកមកប្រើ ព្រោះតែវាមិនមានជាប់ទាក់ទិននឹងទីតាំង ប្រភេទសត្វ បុគ្គល ឬក្រុមមនុស្សណាមួយ ទន្ទឹមនឹងនេះ វាក៏ងាយឱ្យយើងបញ្ចេញសំឡេង ហើយវាក៏ពាក់ព័ន្ធជាមួយនឹងប្រភេទជំងឺ”។
សូមរំឭកថា មុននោះ WHO បានហៅឈ្មោះបណ្ដោះអាសន្ននៃអាសន្នរោគដែលបង្កឱ្យរលាកសួតនេះថា 2019-nCoV។ ចំណែកគណៈកម្មការសុខាភិបាលចិនវិញ ហៅអាសន្នរោគនេះថា អាសន្នរោគរលាកសួតកូរ៉ូណាថ្មី សរសេរកាត់ថា NCP។
Covid-19 បានចាប់ផ្ដើមផ្ទុះឆ្លងរាលដាលចេញពីក្រុង Wuhan ខេត្ត Hubei ប្រទេសចិន និងបានរាតត្បាតដល់ប្រទេស និងតំបន់ចំនួន 26 នៅទូទាំងពិភពលោក បណ្ដាលឱ្យមានមនុស្សស្លាប់ 1,018នាក់ និងអ្នកមានផ្ទុកមេរោគនេះ ឡើងដល់ជាង 45,182នាក់៕
ប្រភព៖ សារព័ត៌មានបរទេស