អ្នកស្លាប់ថ្មីដោយសារមេរោគកូរ៉ូណា មានចំនួន 97នាក់ កើន 9,5% បើធៀបនឹងថ្ងៃម្សិលមិញ (11កុម្ភៈ) ធ្វើឱ្យចំនួនអ្នកស្លាប់សរុបឡើងដល់ 1.115នាក់ និងអ្នកបានឆ្លងមេរោគនេះ កើនដល់ 45.153នាក់។
គណៈកម្មការសុខាភិបាលខេត្ត Hubei នៃប្រទេសចិន ថ្ងៃនេះ បានប្រកាសថា អ្នកស្លាប់ថ្មីដោយសារមេរោគកូរ៉ូណា មានចំនួន 94នាក់ តិចជាង 9នាក់ បើធៀបនឹងម្សិលមិញ ធ្វើឱ្យចំនួនអ្នកស្លាប់នៅក្នុងខេត្ត Hubei ឡើងដល់ 1.068នាក់។
ខេត្ត Hubei ក៏បានរកឃើញអ្នកផ្ទុកមេរោគកូរ៉ូណាថ្មីបន្ថែម 1.638នាក់ ធ្វើឱ្យចំនួនអ្នកឆ្លងមេរោគនេះ សរុប កើនដល់ 33,366នាក់។
ចំនួនអ្នកស្លាប់ថ្មីនៅទូទាំងប្រទេសចិន (ដីគោក) គឺ 97នាក់។ អ្នកឆ្លងថ្មីមានចំនួន 1.998នាក់។ បច្ចុប្បន្ន ទូទាំងប្រទេសចិន មានអ្នកស្លាប់សរុបទាំងមុនទាំងក្រោយ គឺ 1.113នាក់ និងអ្នកឆ្លងមេរោគសរុប 44.636 នាក់។ ចំណែកអ្នកដែលបានជាសះស្បើយពីជំងឺនេះ មានចំនួន 4.633នាក់។
ដូច្នេះ គិតមកដល់ថ្ងៃនេះ នៅទូទាំងពិភពលោក មានអ្នកស្លាប់ដោយសារអាសន្នរោគកូរ់ូណា សរុប 1.115នាក់ ក្នុងនោះមាន2ករណីនៅខាងក្រៅប្រទេសចិន (ដីគោក) គឺមួយនៅហ្វីលីពីន និងមួយករណីទៀតនៅក្រុងហុងកុង។ រីឯអ្នកដែលមានផ្ទុកមេរោគនេះ មានចំនួន 45.153នាក់ ក្នុងនោះមាន 8.242នាក់ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ អ្នកដែលបានព្យាបាលជាសះស្បើយនៅទូទាំងពិភពលោក មានចំនួន 4.687នាក់៕
ប្រភព៖ សារព័ត៌មានបរទេស