ប្រព័ន្ធសារព័ត៌មាន ប៊ីស៊ីនីស អ៊ីនសៃឌើរ បានរាយការណ៍នៅថ្ងៃទី11 កុម្ភៈថា ក្រុមគិលានុបដ្ឋាកជនជាតិចិនដែលធ្វើដំណើរទៅប្រតិបត្តិតួនាទីនៅក្នុងទីក្រុងវូហាន បានរួមគ្នាកោរសក់ ដើម្បីងាយស្រួលក្នុងការប្រតិបត្តិភារកិច្ចតស៊ូប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលរបស់មេរោគវីរុសកូរ៉ូណាប្រភេទថ្មី។
របាយការណ៍បានឱ្យដឹងថា ការកោរសក់ក្បាលនេះ មានប្រយោជន៍ចំពោះការធ្វើការងារច្រើនប្រការ ទាំងការការពារការឆ្លងមេរោគដែលចម្លងតាមរយៈសរសៃសក់ដែលប៉ះពាល់គ្នា កាត់បន្ថយភាពប្រថុយប្រថានក្នុងការប្រឡាក់ប្រឡូសមេរោគ និងថែមទាំងជួយឱ្យការពាក់ និងដោះឧបករណ៍ការពារផ្សេងៗបានកាន់តែងាយស្រួលទៀតផង។
សម្ពាធរឿងពេលវេលាសម្រាប់បុគ្គលិកពេទ្យនៅក្នុងទីក្រុងវូហាន មានភាពខ្លាំងក្លា និងមានតម្លៃគ្រប់វិនាទី…
ការកោរសក់ដែលវែងរំសាយនៅលើក្បាលចេញ គឺជាគំរូដ៏អស្ចារ្យមួយនៃការលះបង់របស់បណ្ដាក្រុមបុគ្គលិកពេទ្យដែលកំពុងស្ថិតនៅក្នុងសមរភូមិមុខក្នុងការប្រយុទ្ធជាមួយការឆ្លងរាលដាលនៃមេរោគ។
ក្រៅពីការកាត់បន្ថយការឆ្លងរាលដាលរបស់មេរោគដែលអាចកើតឡើងហើយ ការគ្មានសក់ក្បាល នៅបានធ្វើឱ្យដំណាក់កាលនៃការពាក់ និងដោះឈុតការពារគ្រោះថ្នាក់ កាន់តែងាយស្រួលឡើងតាមឃ្លីបវីដេអូដែលបានផូស្តដោយទីភ្នាក់ងារសារព័ត៌មានស៊ីនហួរបស់ចិនទៀតផង។
សាន សៀ ដែលធ្វើការជាគិលានុបដ្ឋាកនៅក្នុងមន្ទីរពេទ្យ រឹន មីន នៃមហាវិទ្យាល័យវូហាន បានកោរសក់ទាំងអស់នៅក្បាលរបស់នាងចោលទាំងអស់កាលពីចុងខែមករានោះ បាននិយាយថា៖ “បុគ្គលិកនៅក្នុងមន្ទីរពេទ្យក្នុងទីក្រុងវូហាន នឹងត្រូវស្លៀកឈុតការពារពេញមួយថ្ងៃ និងដើម្បីសន្សំសំចៃពេលវេលាដ៏មានតម្លៃជាមួយការពាក់ និងដោះឈុតនេះពេលត្រូវចូលបន្ទប់ទឹក…ពួកយើងនឹងស្លៀកខោទឹកនោមសម្រាប់មនុស្សធំ ដើម្បីកុំឱ្យត្រូវដោះឈុតការពារនោះពេលចូលបន្ទប់ទឹក”។
អ្នកព្យាបាលដោយការធ្វើចលនាមកពីទីក្រុងប៉េកាំង លោក ឃែនដៃស៍ ឈិន បានរៀបរាប់កាសែត វ៉ាស៊ីនតោន ផូស្តថា “បុគ្គលិកពេទ្យ ក៏ជាមនុស្សដូចគ្នាដែរ ខ្ញុំគិតថា វាជាអំឡុងពេលនៃភាពលំបាកលំបិនទាំងខាងរាងកាយ និងផ្លូវចិត្ត សម្រាប់គ្រូពេទ្យ និងគិលានុបដ្ឋាក និងមន្ត្រីពេទ្យគ្រប់រូបនៅក្នុងទីក្រុងវូហាន”៕
ប្រភព៖ សារព័ត៌មានបរទេស