រដ្ឋបាលក្រុងហុងកុងបានជម្លៀសប្រជាជនមួយចំនួនចេញពីអាផាតមិនត៍ 1កន្លែង បន្ទាប់ពីរកឃើញភាពដែលអាចទៅរួចមួយដែលថា វីរុសកូរ៉ូណាអាចនឹងចម្លងវីរុសតាមរយៈលូបង្ហូរទឹកក្នុងអគារ។
ទីភ្នាក់ងារព័ត៌មាន CNN បានរាយការណ៍ថា ក្រុមមន្ត្រីសាធារណៈសុខាភិបាលនៅក្នុងតំបន់គ្រប់គ្រងពិសេសហុងកុង បានដំណើរការជម្លៀសអ្នកស្នាក់នៅមួយចំនួនចេញពីអគារអាផាតមិនត៍មួយកន្លែង ក្រោយពីរកឃើញភាពអាចទៅរួចដែលថា មេរោគវីរុសកូរ៉ូណាប្រភេទ2019 អាចចម្លងតាមរយៈប្រព័ន្ធលូទឹករបស់អគារមួយខ្នងនេះ។
លោកសាស្ត្រាចារ្យ យួន វ៉ក់ យង់ ប្រធានផ្នែករោគឆ្លងរបស់គណៈកម្មការមីក្រូជីវវិទ្យានៃមហាវិទ្យាល័យហុងកុង និងជាអ្នកជំនាញការម្នាក់នៅក្នុងក្រុមអ្នកស្រាវជ្រាវប្រយុទ្ធនឹងវីរុសកូរ៉ូណា បានធ្វើសន្និសីទព័ត៌មានបន្ទាន់មួយកាលពីរាត្រីថ្ងៃចន្ទ ទី10កុម្ភៈកន្លងទៅ ដោយលោកបានបញ្ជាក់ថា រកឃើញអ្នកឆ្លងមេរោគមរណៈប្រភេទនេះ យ៉ាងតិច 2នាក់នៅក្នុងអាផាតមិនត៍ “ហុង មើយ ហៅស៍” ដែលស្ថិតនៅក្នុងតំបន់ ឈីង យី។
“ដោយសារតែលូបង្ហូរទឹកស្អុយបានពាក់ព័ន្ធនឹងបំពង់បញ្ចេញខ្យល់ ទើបវាមានភាពអាចទៅរួចយ៉ាងខ្លាំង ដែលវីរុសនៅក្នុងលាមក អាចនឹងសាយភាយបន្តតាមរយៈកង្ហារបំភាយខ្យល់អាកាសចូលទៅក្នុងបន្ទប់បង្គន់” លោកសាស្ត្រាចារ្យ យួន អធិប្បាយ។ ពួកគេនៅមិនទាន់អាចអះអាងអំពីរឿងនេះបានយ៉ាងច្បាស់លាស់នៅឡើយទេ ដូច្នេះហើយទើបការជម្លៀសត្រូវបានធ្វើឡើងដើម្បីការពារទុកជាមុន ខណៈដែលពេលនេះ ក្រុមមន្ត្រីសាធារណៈសុខាភិបាល និងក្រុមវិស្វករកំពុងចូលទៅពិនិត្យមើលអាគារ។
សម្រាប់សកម្មភាពថ្មីៗចុងក្រោយបំផុតនេះ បានកើតឡើងបន្ទាប់ពីរដ្ឋបាលទីក្រុងហុងកុងបានអះអាងពីការរកឃើញអ្នកឆ្លងមេរោគវីរុសកូរ៉ូណាទី42 និងបានរកឃើញថា អ្នកជំងឺម្នាក់នេះ និងអ្នកជំងឺទី12 ធ្លាប់បានស្នាក់នៅក្នុងអាផាតមិនត៍ ហុង មើយ ហៅស៍៕
ប្រភព៖ សាព័ត៌មានបរទេស