Skip to content

វៀតណាម៖ ទារិកាអាយុ 3ខែម្នាក់ ឆ្លងវីរុសកូរ៉ូណា​ ក្រោយ​ពី​ទៅ​លេង​ជីដូន4ថ្ងៃ

ក្រសួងសុខាភិបាលវៀតណាម នាពេលព្រឹកនេះ (11កុម្ភៈ) បានបញ្ជាក់ថា ទារិកាអាយុ 3ខែម្នាក់ នៅស្រុកបិញស្វៀន ខេត្តវិញហ្វុក ភាគខាងជើងក្រុងហាណូយ ប្រទេសវៀតណាម បានក្លាយជាករណីឆ្លងមេរោគវីរុសកូរ៉ូណា nCoV ទី15 នៅក្នុងប្រទេសនេះ។

មូលហេតុនៃការឆ្លងមេរោគកូរ៉ូណាលើទារិកាអាយុ 3ខែនេះ បានត្រូវក្រសួងសុខាភិបាលវៀតណាមអះអាងថា មានជាប់ទាក់ទិននឹងអ្នកជំងឺរលាកសួតកូរ៉ូណាម្នាក់ឈ្មោះ ង្វៀន ធី យឺ អាយុ 23ឆ្នាំ ដែលបានជាសះស្បើយ និងបានចេញពីមន្ទីរពេទ្យកាលពីល្ងាចថ្ងៃទី10កុម្ភៈកន្លងទៅ។

ទារិកាខាងលើ កើតនៅថ្ងៃទី5វិច្ឆិកា ឆ្នាំ2019 ជាចៅស្រីបង្កើតរបស់អ្នកជំងឺរលាកសួតកូរ៉ូណាម្នាក់ទៀត អាយុ 42ឆ្នាំដែលជាអ្នកឆ្លងមេរោគទី10 នៅវៀតណាម។ ស្ត្រីអ្នកជំងឺអាយុ 42ឆ្នាំរូបនេះបានឆ្លងវីរុសកូរ៉ូណានៅពេលទៅលេងផ្ទះរបស់អ្នកជំងឺ ង្វៀន ធី យឺ។

ទារិកាអាយុ 3ខែនេះ ត្រូវម្ដាយយកទៅលេងផ្ទះយាយរបស់នាង កាលពីថ្ងៃទី 28មករា ដល់ថ្ងៃទី31មករា។ ក្រោយមក យាយរបស់ទារិកានេះ ត្រូវគេរកឃើញថា បានឆ្លងមេរោគកូរ៉ូណា ហើយទារិកានេះក៏ត្រូវគេចាត់ចូលក្នុងចំណោមអ្នកដែលបាននៅក្បែរលោកយាយរូបនោះដែរ ទើបត្រូវក្រុមគ្រូពេទ្យតាមដានជាប្រចាំ។

ថ្ងៃទី 6កុម្ភៈ ទារិកាអាយុ3ខែនេះ មានអាការក្អក ហៀរសំបោរ និងក្ដៅខ្លួនដោយមិនដឹងមូលហេតុ។ បន្ទាប់ពីបានធ្វើតេស្ត ទើបគេដឹងថា ទារិកាដ៏កម្សត់ម្នាក់នេះមានផ្ទុកវីរុសកូរ៉ូណា nCoV។

បច្ចុប្បន្ន ក្មេងស្រីខាងលើ និងម្ដាយរបស់នាង ត្រូវគេដាក់ឱ្យនៅដាច់ដោយឡែក ក្នុងបន្ទប់ពិនិត្យជំងឺ ក្វាងហា ក្នុងស្រុក បិញស្វៀន។ បច្ចុប្បន្នសុខភាពរបស់អ្នកជំងឺទាំង 2នាក់នេះ នៅធម្មតានៅឡើយ។

ក្មេងស្រីនេះ គឺជាមនុស្សទី10នៅខេត្ត វិញ ហ្វុក ដែលបានឆ្លងមេរោគកូរ៉ូណាប្រភេទថ្មី ដែលជាប់ទាក់ទិននឹងអ្នកជំងឺឈ្មោះ ង្វៀន ធី យឺ។ មុនពេលក្មេងស្រីនេះឆ្លងមេរោគ ក៏មានមនុស្ស 4នាក់ផ្សេងទៀត បានឆ្លងវីរុសពីអ្នកជំងឺឈ្មោះ ង្វៀន ធី យឺ នេះដែរ គឺមានម្ដាយ ប្អូនស្រី បងស្រីជីដូនមួយ និងអ្នកជិតខាងម្នាក់របស់គាត់។

គិតមកដល់ថ្ងៃទី11កុម្ភៈនេះ វៀតណាមមានអ្នកជំងឺរលាកសួតដោយមេរោគវីរុសកូរ៉ូណាប្រភេទថ្មី ចំនួន​15​នាក់​ហើយ ក្នុងនោះ 6នាក់បានជាសះស្បើយ។ នេះបើតាមគេហទំព័រ Vnexpress។

សម្រាប់ព្រឹកនេះដែរ ប្រភពព័ត៌មានពីប្រទេសចិនបានរាយការណ៍ថា អ្នកស្លាប់ដោយសារមេរោគរលាកសួតថ្មី មានចំនួន 108នាក់ កើន11,8% បើធៀបនឹងម្សិលមិញ ធ្វើឱ្យអ្នកស្លាប់សរុបទូទាំងពិភពលោក កើនឡើងដល់ 1,018នាក់ និង 43.098នាក់ផ្សេងទៀតកំពុងផ្ទុកមេរោគនេះ៕

ប្រភព៖ សារព័ត៌មានបរទេស

Leave a Reply

Your email address will not be published. Required fields are marked *