អ្នកជំងឺរលាកសួតដែលបាត់បង់ជីវិត ត្រូវគេរាយការណ៍ព្រឹកនេះថា មានចំនួន 108នាក់ កើន11,8% បើធៀបនឹងម្សិលមិញ ធ្វើឱ្យអ្នកស្លាប់សរុបឡើងដល់ 1,018នាក់ និងអ្នកបានឆ្លង 43.098នាក់។
គណៈកម្មការសុខាភិបាលខេត្ត Hubei នៃប្រទេសចិន ថ្ងៃនេះបានប្រកាសថា ខេត្តនេះមានអ្នកស្លាប់ថ្មីដោយសារឆ្លងមេរោគកូរ៉ូណា ប្រភេទ nCoV ចំនួន 103នាក់ និងករណីបានឆ្លងមេរោគបន្ថែមចំនួន 2,097នាក់ ធ្វើឱ្យចំនួនអ្នកស្លាប់សរុបនៅខេត្ត Hubei ឡើងដល់ 974នាក់ និងអ្នកមានផ្ទុកមេរោគ សរុប 31,728នាក់។
នៅទូទាំងប្រទេសចិន (ដីគោក) ករណីស្លាប់ដោយសារអាសន្នរោគនេះ មានចំនួន 1,011នាក់។ ចំណែកអ្នកមានផ្ទុកមេរោគ មានចំនួន 42,369នាក់។ រីឯអ្នកជំងឺ 4,051នាក់ បានជាសះស្បើយពីជំងឺ។
សម្រាប់ពិភពលោកទាំងមូល មានអ្នកស្លាប់ដោយសារវីរុសកូរ៉ូណា សរុប 1018នាក់ ក្នុងនោះមាន2ករណី ស្លាប់នៅខាងក្រៅប្រទេសចិន (ដីគោគ) គឺម្នាក់នៅហ្វីលីពីន និងម្នាក់ទៀតនៅហុងកុង។ ចំណែកអ្នកកំពុងផ្ទុកមេរោគកូរ៉ូណា កើនដល់ 43.098នាក់ ក្នុងនោះមានអ្នកជំងឺចំនួន 7.345នាក់ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ អ្នកដែលបានជាសះស្បើយ មានចំនួន 4,043នាក់។
ចំនួនអ្នកស្លាប់ដោយសារមេរោគកូរ៉ូណា បានកើនលើសពី813នាក់ ដែលជាចំនួនអ្នកស្លាប់ដោយសារអាសន្នរោគ SARS ដែលរាតត្បាតពិភពលោក ចាប់ពីឆ្នាំ 2002 ដល់ឆ្នាំ 2003។ នេះបើតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោក (WHO)៕
ប្រភព៖ សារព័ត៌មានបរទេស