ក្រុមហ៊ុនថ្មី GenapSys មានទីស្នាក់ការកណ្ដាលនៅតំបន់ជ្រលងភ្នំ Silicon Valley បានស្នើឱ្យប្រទេសចិន ប្រើប្រាស់ម៉ាស៊ីនពិនិត្យលំដាប់ហ្សែន (Gene Sequencer) ខ្នាតតូច (mini) ដើម្បីទប់ទល់នឹងការរាតត្បាតនៃមេរោគកូរ៉ូណាប្រភេទ nCoV។
អ្នកនាំពាក្យនៃក្រុមហ៊ុន GenapSys កំពុងតែចរចាជាមួយមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការោគឆ្លង (CDC) របស់ចិន ដើម្បីស្វែងរកវិធីសាស្ត្រដែលមានប្រសិទ្ធភាពខ្ពស់បំផុត សម្រាប់ទប់ស្កាត់អាសន្នរោគ nCoV ដែលមកដល់ពេលនេះ វាបានសម្លាប់មនុស្សចំនួន 910នាក់ និងបានឆ្លងទៅកាន់មនុស្សជាង 40,547នាក់ផ្សេងទៀតនៅទូទាំងពិភពលោក។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានចិន South China Morning Post។
ក្រុមហ៊ុនបច្ចេកវិទ្យាជីវសាស្ត្ររបស់អាមេរិក GenapSys បានប្រកាសថា ខ្លួនកំពុងកាន់កាប់បច្ចេកវិទ្យាបកស្រាយ ឬពិនិត្យលំដាប់ហ្សែន (gene sequencer) ដែលទំនើបបំផុតក្នុងពិភពលោក។ ម៉ាស៊ីននេះ មានទំហំប៉ុន iPad ពោលគឺតូចជាង100ដង បើធៀបនឹងម៉ាស៊ីនពិនិត្យលំដាប់ហ្សែនផ្សេងៗដែលកំពុងមាននៅក្នុងទីផ្សារ។ ឧបករណ៍នេះអាចបំពាក់ដោយងាយនៅតាមន្ទីរពេទ្យ ព្រលានយន្តហោះជាដើម ដែលជួយឱ្យមន្ត្រីសុខាភិបាលអាចពិនិត្យរកមេរោគផ្សេងៗបានយ៉ាងឆាប់រហ័ស ដូច្នេះ គេអាចគ្រប់គ្រងស្ថានភាពអាសន្នរោគបានប្រសើរជាងមុន។
បច្ចុប្បន្ន ការបកស្រាយ ឬពិនិត្យលំដាប់ហ្សែន ភាគច្រើនត្រូវបានធ្វើឡើងនៅក្នុងបន្ទប់ពិសោធន៍ធំៗរបស់ក្រុមហ៊ុន Illumina ដែលមានទីស្នាក់ការនៅអាមេរិក ជាកន្លែងដែលមានម៉ាស៊ីនទំនើបៗ ដែលមានតម្លៃជិត1លានដុល្លារអាមេរិក។ ឆ្នាំ2018 ក្រុមហ៊ុន Illumina បានដាក់លក់ម៉ាស៊ីនពិនិត្យលំដាប់ហ្សែនខ្នាតតូច ប៉ុនកុំព្យូទ័រ desktop ប៉ុន្តែវានៅតែមានតម្លៃដល់ទៅ20,000ដុល្លារ ខ្ពស់ជាងទ្វេដង បើធៀបនឹងតម្លៃម៉ាស៊ីនរបស់ក្រុមហ៊ុន GenapSys។
ការពិនិត្យលំដាប់ហ្សែន (Genetic sequencing) គឺពិតជាមានសារសំខាន់ ព្រោះថា វានឹងជួយឱ្យយើងយល់កាន់តែច្បាស់អំពីវីរុស ដែលក្រុមគ្រូពេទ្យអាចតាមដានការវិវដ្ដរបស់ពួកមេរោគ និងអាចបង្កើតវ៉ាក់សាំង ឬរកវិធីព្យាបាលបានឆាប់រហ័ស។
ក្រុមហ៊ុន GenapSys សង្ឃឹមថា បច្ចេកវិទ្យារបស់ពួកគេ នឹងឆាប់បានចូលខ្លួនទៅជួយទប់ស្កាត់អាសន្នរោគកូរ៉ូណាដែលកំពុងសម្លាប់មនុស្សជារៀងរាល់ថ្ងៃនេះ។ ការចរចារវាងក្រុមហ៊ុន GenapSys ជាមួយរដ្ឋាភិបាលចិន កំពុងស្ថិតក្នុងតំណាក់កាលដំបូង។ អ្នកនាំពាក្យរបស់ក្រុមហ៊ុននេះ និយាយថា ពួកគេនឹងគោរពទៅតាមរាល់ច្បាប់ទម្លាប់ និងការកំណត់នៃច្បាប់អន្តរជាតិ។ សារព័ត៌មាន SCMP បានរាយការណ៍ថា បច្ចុប្បន្ន ភាគីខាងប្រទេសចិន មិនទាន់ឆ្លើយតបជាផ្លូវការទៅនឹងសំណើររបស់ក្រុមហ៊ុននេះនៅឡើយ៕
ប្រភព៖ សារព័ត៌មានបរទេស