ក្រុមអ្នកវិទ្យាសាស្ត្រនៅតំបន់ Alberta បានធ្វើការអភិវឌ្ឍបច្ចេកវិទ្យាស្រោបអំបិលទៅលើម៉ាស់ ដើម្បីទប់ទល់នឹងការរាតត្បាតរបស់មេរោគកូរ៉ូណាថ្មី (2019-nCoV) ព្រោះថា រចនាសម្ព័ន្ធម៉ូលេគុលរបស់អំបិល មានជ្រុងស្រួច និងរឹងដ៏ច្រើន ដែលអាចចាក់ទម្លុះ និងសម្លាប់វីរុសនេះបាន។
ម៉ាស់ការពារការឆ្លងមេរោគដែលមនុស្សភាគច្រើនប្រើប្រាស់សព្វថ្ងៃនេះ អាចបង្កការលំបាកក្នុងការប្រើប្រាស់ឱ្យត្រូវទៅតាមក្បួនពេទ្យ។ អ្នកប្រើប្រាស់ ច្រើនតែយកដៃទៅប៉ះ ចាប់ទាញ ដើម្បីសម្រួល ឬផ្លាស់ទីម៉ាស់ នៅពេលត្រូវការអេះរមាស់ ឬដោះចេញ និងពាក់ទៅវិញជាញឹកញាប់។ សកម្មភាពនេះ អាចជួយឱ្យមេរោគដែលជាប់នៅលើផ្នែកខាងក្រៅរបស់ម៉ាស់ មានឱកាសជ្រែកចូលទៅក្នុងផ្លូវដង្ហើមរបស់មនុស្ស។ ប៉ុន្តែវិស្វករជីវៈវេជ្ជសាស្ត្រ និងជាសាស្ត្រាចារ្យនៃសកលវិទ្យាល័យ Alberta នៅប្រទេសកាណាដា លោក Hyo-Jick Choi បានរកឃើញវិធីដ៏មានសក្ដានុពលមួយ នោះគឺបង្កើតប្រភេទម៉ាស់ដែលអាចកំចាត់មេរោគចង្រៃ ជំនួសឱ្យការដែលគ្រាន់តែទប់ស្កាត់ពួកវា។ ធាតុផ្សំដ៏អាថ៌កំបាំង គឺអំបិលថ្លាមួយប្រភេទ។
ដោយសារតែរចនាសម្ព័ន្ធម៉ូលេគុលអំបិលប្រភេទគ្រាប់ថ្លា មានជ្រុងដ៏ស្រួល និងរឹង អាចចាក់ទម្លុះរាងកាយរបស់មេរោគ ធ្វើឱ្យពួកវាមិនអាចរស់បាន។ ក្រុមរបស់លោក Choi បានធ្វើការពិសោធទៅលើម៉ាស់ដែលស្រោបដោយជាតិអំបិលក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ហើយបានរកឃើញថា ផលិតនេះអាចកម្ចាត់វីរុសផ្ដាសាយចំនួន3ប្រភេទ។ លទ្ធផលនៃការពិសោធខាងលើនេះ ត្រូវបានចុះផ្សាយនៅលើទស្សនាវដ្ដី Scientific Reports ឆ្នាំ 2017។ ក្រុមអ្នកវិទ្យាសាស្ត្រយល់ថា បច្ចេកវិទ្យាកម្ចាត់មេរោគនេះ អាចជួយដល់ការខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់មេរោគឆ្លងនានា ហើយក៏សង្ឃឹមថា អាចបញ្ចេញម៉ាស់ប្រភេទនេះ ទៅក្នុងទីផ្សារក្នុងអំឡុងពេល 18ខែទៀត។
វីរុសជាច្រើនប្រភេទ អាចឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ តាមរយៈចំហាយទឹកមាត់ ឬកម្ទេចស្លេស្មដែលមនុស្សកណ្ដាស់ ក្អក និយាយគ្នា ដង្ហើម ឬតោងជាប់នៅលើស្បែកមនុស្ស ឬផ្ទៃនៃវត្ថុអ្វីមួយ។ លោក Choi ថ្លែងថា “ភាគល្អិតនៃជាតិទឹកដែលមានផ្ទុកមេរោគកូរ៉ូណា ដែលខ្ទាតចេញពីអ្នកជំងឺ អាចហោះទៅជាប់នឹងផ្ទៃខាងក្រៅនៃម៉ាស់។ ឧបសគ្គធំបំផុតរបស់ម៉ាស់ធម្មតានាបច្ចុប្បន្ន គឺមិនអាចកម្ចាត់មេរោគដែលតោងជាប់នៅលើផ្ទៃម៉ាស់ ដែលនេះកំពុងធ្វើឱ្យហានិភ័យនៃការឆ្លងវីរុស មានការកើនឡើង”។
ប៉ុន្តែ នៅពេលដែលបានប្រើប្រាស់ម៉ាស់ដែលមានស្រោបជាតិអំបិលរបស់លោក Choi ភាគល្អិតនៃជាតិទឹកដែលមានផ្ទុកមេរោគ នឹងចាប់ផ្ដើមបឺតយកជាតិអំបិល។ បន្ទាប់ពីជាតិសំណើមហួតអស់ អ្វីដែលនៅសល់នោះគឺវីរុស និងជាតិអំបិល។ ជ្រុងស្រួចរឹងនៃអំបិល ក៏ចាប់ផ្ដើមបុកទៅលើមេរោគ ហើយសម្លាប់ពួកវា។ នៅក្នុងការពិសោធ វីរុសត្រូវបានកម្ចាត់ក្នុងអំឡុងពេល5នាទី ហើយត្រូវសម្លាប់ចោលទាំងស្រុង ក្នុងអំឡុង 30នាទី។ នេះបើតាមការឱ្យដឹងពីលោកសាស្ត្រាចារ្យ Choi។
កាសែត Business Insider បានឱ្យដឹងថា សាស្ត្រាចារ្យ Choi បាននឹកឃើញវិធីស្រោបអំបិលទៅលើម៉ាស់នេះ បន្ទាប់ពីគាត់បានបរាជ័យក្នុងការពិសោធផ្សេងមួយ។ ពេលនោះ គាត់រកវិធីបង្កើតវ៉ាក់សាំងមួយប្រភេទសម្រាប់ផឹក។ ក្នុងអំឡុងពេលនោះ ប្រភេទខ្សោយនៃមេរោគមួយប្រភេទដែលត្រូវលាយបញ្ចូលក្នុងធាតុរាវនៃជាតិស្ករ ប៉ុន្តែ រចនាសម្ព័ន្ធរបស់ស្ករ ធ្វើឱ្យគ្រាប់វីរុសត្រូវដាច់រហែកជាបន្តបន្ទាប់ បណ្ដាលឱ្យវ៉ាក់សាំងបាត់បង់ប្រសិទ្ធភាព។ Ilaria Rubino ដែលកាលណោះជានិស្សិតថ្នាក់បណ្ឌិត ធ្វើការនៅក្នុងបន្ទប់ពិសោធរបស់ Choi នៅឯសកលវិទ្យាល័យ Alberta បានបកស្រាយថា ៖ “ប្រភេទគ្រាប់ថ្លានៃរូបមន្តដែលមានជាតិស្ករ ធ្វើឱ្យវ៉ាក់សាំងបាត់បង់ស្ថេរភាព។ យើងខ្ញុំក៏ចាប់ផ្ដើមឆ្ងល់ថា តើការកកនៃជាតិអំបិល អាចកម្ចាត់មេរោគបានដែរ ឬអត់?”។
ដូច្នេះ ក្រុមរបស់លោក Choi ក៏បានចាប់ផ្ដើមសិក្សា និងអភិវឌ្ឍស្រទាប់អំបិល ហើយបញ្ចូលវាទៅលើសរសៃនៃស្រទាប់ចម្រោះមេរោគរបស់ម៉ាស់។ ក្រោយមក ពួកគេបានផលិតម៉ាស់ប្រទេសនេះ និងធ្វើការពិសោធ។ លោក Choi បានដាក់ពាក្យស្នើសុំបណ្ណកម្មសិទ្ធិបញ្ញាទាក់ទិននឹងបច្ចេកវិទ្យានេះ។ Choi និង Rubino កំពុងមានគម្រោងសហការជាមួយក្រុមហ៊ុននានា ដើម្បីផលិតម៉ាស់ដែលមានស្រោបអំបិល ដើម្បីបញ្ចេញលក់ក្នុងទីផ្សារក្នុងអំឡុងប្រហែល2ឆ្នាំទៀត៕
ប្រភព៖ សារព័ត៌មានបរទេស