ការ “រត់ប្រណាំង” យក “ជ័យជ” រវាងសហរដ្ឋអាមេរិក និងមេរោគកូរ៉ូណា កំពុងចាប់ផ្ដើមជាបណ្ដើរៗហើយ បន្ទាប់ពីអ្នកជំងឺម្នាក់ អាយុ35ឆ្នាំ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្នុងតំបន់ Snohomish និងបានរកឃើញថា មានផ្ទុកមេរោគរលាកសួតកូរ៉ូណា រួមនិងករណីពលរដ្ឋអាមេរិកាំងម្នាក់បានស្លាប់ក្នុងថ្ងៃនេះ (8កុម្ភៈ) នៅឯក្រុង Wuhan ដោយសារមេរោគកូរ៉ូណា។
អ្នកឯកទេស និងជាអ្នកគ្រប់គ្រងផ្នែករោគឆ្លងនៅមជ្ឈមណ្ឌលសុខាភិបាលខណ្ឌ Snohomish ក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ចាប់ផ្ដើមធ្វើសកម្មភាពភ្លាមៗ ដោយមិនរង់ចាំក្រុមសុខាភិបាលនៃមជ្ឈមណ្ឌលគ្រប់គ្រង និងទប់ស្កាត់រោគឆ្លងអាមេរិក (CDC) មកពី Atlanta នោះទេ នៅពេលទទួលបានរបាយការណ៍ថា មានករណីផ្ទុកមេរោគកូរ៉ូណាដំបូងក្នុងតំបន់ដែលគាត់គ្រប់គ្រង។ Hollianne Bruce បានសម្រេចចិត្តទាក់ទងទៅកាន់បុរសជាអ្នកជំងឺដែលកំពុងត្រូវបានដាក់ឱ្យនៅដោយឡែកក្នុងមន្ទីរពេទ្យមួយ ក្នុងតំបន់។
នៅសហរដ្ឋអាមេរិក ការទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគឆ្លង គឺជាតួនាទីរបស់មូលដ្ឋាននិមួយៗ។ ក្រោយពីបានរកឃើញអ្នកឆ្លងមេរោគដំបូង ក្រុមមន្ត្រីសុខាភិបាលខណ្ឌ និងក្រុង ចាប់ផ្ដើមរត់ប្រណាំងជាមួយពេលវេលាដើម្បីនាំអ្នកជំងឺទៅដាក់ឱ្យនៅដោយឡែក និងស្វែងយល់អំពីកន្លែងដែលអ្នកជំងឺរស់នៅ និងតាមដានអ្នកដែលធ្លាប់បានជួបអ្នកជំងឺនេះ។ ក្រុមបុគ្គលិកសុខាភិបាលក៏ព្យាយាមបំបាត់ព័ត៌មានចចាមអារ៉ាមគ្មានមូលដ្ឋាន ដើម្បីកាត់បន្ថយការភ័យខ្លាចក្នុងសហគមន៍ ក៏ដូចជាត្រៀមជាស្រេចក្នុងការដោះស្រាយករណីឆ្លងមេរោគថ្មីបន្ទាប់។
នៅមជ្ឈមណ្ឌលសុខាភិបាលខណ្ឌ Snohomish បុគ្គលិក 113នាក់ បានចំណាយពេលសរុប 1,000ម៉ោងក្នុងការព្យាយាមគ្រប់គ្រងមេរោគ ចាប់តាំងពីបានផ្ញើគំរូមេរោគរបស់អ្នកជំងឺវ័យ 35ឆ្នាំខាងលើ ទៅកាន់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការរោគឆ្លង CDC (Centers for Disease Control and Prevention)។ បុគ្គលិកត្រួតពិនិត្យអាហារ អ្នកគ្រប់គ្រងធនធានមនុស្ស និងអ្នកជំនាញនៃផ្នែកផ្សេងៗ ក៏បានចូលរួមក្នុងការរត់ប្រណាំងជាមួយពេលវេលានេះដែរ។
សកម្មភាពទប់ទប់នឹងមេរោគកូរ៉ូណា ក្នុងរយៈពេល2សប្ដាហ៍កន្លងទៅ នៅឯមជ្ឈមណ្ឌលសុខាភិបាលខណ្ឌ Snohomish ដែលជាកន្លែងមានការិយាល័យពោរពេញដោយពាក្យស្លោក និងសារក្រើនរំឭកជាច្រើន ដូចជា “ភាពស៊ាំ៖ ប្រព័ន្ធការពារល្អបំផុតរបស់អ្នក!” ឬផ្ដល់ឈាមសង្គ្រោះមនុស្ស” ជាដើម បង្ហាញឱ្យឃើញនូវអ្វីដែលអាចនឹងកើតឡើងនៅក្នុងមជ្ឈមណ្ឌលសុខាភិបាលចំនួន 3,000កន្លែង នៅមូលដ្ឋានក្នុងសហរដ្ឋអាមេរិក នាប៉ុន្មានសប្ដាហ៍ខាងមុខ ពិសេសគឺ បន្ទាប់ពីមានពលរដ្ឋអាមេរិកម្នាក់បានស្លាប់ដោយសារបានឆ្លងមេរោគកូរ៉ូណាថ្មីនៅប្រទេសចិន។
សូមបញ្ជាក់់ថា នៅក្នុងថ្ងៃនេះ (8កុម្ភៈ) ដែរ ស្ថានទូតអាមេរិកប្រចាំនៅទីក្រុងប៉េកាំងប្រទេសចិន បានប្រកាសថា ពលរដ្ឋអាមេរិកាំងម្នាក់ បានបាត់បង់ជីវិតដោយសារការឆ្លងមេរោគកូរ៉ូណាថ្មី។ ស្ថានទូតសហរដ្ឋអាមេរិកលើកឡើងថា ពលរដ្ឋខ្លួនម្នាក់នោះ មានវ័យ៦០ឆ្នាំ និងបានស្លាប់ក្នុងមន្ទីរពេទ្យទីក្រុង Wuhan នៃខេត្ត Hubei។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន AFP៕
ប្រភព៖ សារព័ត៌មានបរទេស