Global Times ប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ចិន បានរាយការណ៍កាលពីថ្ងៃទី6 កុម្ភៈម្សិលមិញថា លោកវេជ្ជបណ្ឌិតលី វឹនលៀង អាយុ 34ឆ្នាំ ដែលឆ្លងមេរោគវីរុសកូរ៉ូណាប្រភេទថ្មី និងធ្លាក់ខ្លួនឈឺធ្ងន់នោះ បានស្លាប់បាត់បង់ជីវិតហើយកាលពីព្រលប់ថ្ងៃព្រហស្បតិ៍ ទី6 កុម្ភៈ។
លោកវេជ្ជបណ្ឌិត លី វឹនលៀង ជាមន្ត្រីម្នាក់ក្នុងចំណោមមន្ត្រីពេទ្យ 8នាក់ដែលត្រូវមន្ត្រីនគរបាលក្នុងតំបន់រិះគន់ថា បានផ្សព្វផ្សាយព័ត៌មានចចាមអារ៉ាមម ក្រោយពីពួកគាត់បានក្លាយជាអ្នកផ្សព្វផ្សាយដំណឹង និងព្យាយាមប្រាប់ទៅគ្រូពេទ្យដទៃទៀតអំពីការឆ្លងរាលដាលនៃមេរោគវីរុសកូរ៉ូណាប្រភេទថ្មី តាំងពីចុងខែធ្នូ ឆ្នាំកន្លងទៅ មុនពេលដែលខ្លួនឯងបានឆ្លងមេរោគនេះ និងធ្លាក់ខ្លួនឈឺកាលពីចុងខែមករាកន្លងទៅ។
កាលពីពេលមុននេះ សារព័ត៌មានចិនបានរាយការណ៍នៅថ្ងៃទី30 ធ្នូ ឆ្នាំទៅថា លោកវេជ្ជបណ្ឌិត លី បានផ្ញើដំណឹងទៅមិត្តរួមការងារពាក់ព័ន្ធនឹងស្ថានការណ៍ការឆ្លងរាលដាលនៃមេរោគនៅក្នុងផ្សារលក់អាហារសមុទ្រស្រស់ក្នុងទីក្រុងវូហាន ដោយសារតែគាត់បានឃើញលទ្ធផលនៃការពិសោធរបស់អ្នកជំងឺជាច្រើននៅពេលនោះ ដែលគាត់ជឿជាក់ថា ជាមេរោគវីរុសមួយដែលស្រដៀងនឹងមេរោគសារស៍។ គាត់ក៏បញ្ជូនដំណឹងទៅដាស់តឿនមិត្តរួមការងារ ដើម្បីឱ្យពួកគេយកចិត្តទុកដាក់ក្នុងការការពារ។
មិនយូរប៉ុន្មាន បន្ទាប់ពីនោះ គាត់ក៏បានទទួលការព្រមានពីស្នងការដ្ឋានប៉ូលិសក្នុងតំបន់ ដែលបានចោទប្រកាន់គាត់ថា “បានផូស្តរឿងកុហកតាមប្រព័ន្ធបណ្ដាញសង្គម”។ ការិយាល័យសន្តិសុខសាធារណៈ បានកោះហៅរូបគាត់ និងសុំឱ្យគាត់ចុះហត្ថលេខាទទួលយកការព្រមាន និងបានព្រមានគាត់យ៉ាងធ្ងន់ធ្ងរថា គាត់នឹងត្រូវទទួលទោសតាមច្បាប់ បើគាត់មិនប្រតិបត្តិតាមការណែនាំរបស់រដ្ឋបាលក្នុងតំបន់វូហាននេះ។
លោកវេជ្ជបណ្ឌិត លី វឹនលៀង បានតវ៉ាថា “សង្គមដែលរឹងមាំ មិនគួរមានសំឡេងតែមួយ”។
លោកវេជ្ជបណ្ឌិតលី វឹនលៀង ជាមនុស្សម្នាក់ ក្នុងចំណោម 8នាក់ ដែលជា “អ្នកធ្វើខុស” ក្នុងបទចោទថា បាន “បង្កើត និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ធ្វើឱ្យមានការភ្ញាក់ផ្អើលក្នុងសង្គម”។
រហូតដល់ថ្ងៃទី1 កុម្ភៈកន្លងទៅ លោកវេជ្ជបណ្ឌិត លី វឹនលៀង បានសម្រេចចិត្តប្រកាសលទ្ធផលរបស់ខ្លួនដែលបានឆ្លងមេរោគវីរុសកូរ៉ូណា ព្រមជាមួយលទ្ធផលបញ្ជាក់ការវិនិច្ឆ័យថា គាត់កំពុងតែឈឺធ្ងន់ និងកំពុងតែទ្រាំទ្រយ៉ាងលំបាកជាមួយជំងឺរលាកសួតដោយមេរោគវីរុស និងបាននិយាយថា “បើសិនជាខ្ញុំជាសះស្បើយ ខ្ញុំក៏នឹងនៅតែត្រឡប់ទៅសមរភូមិមុខ ប្រយុទ្ធនឹងមេរោគដែលនៅតែរាតត្បាតនោះតទៅទៀត ខ្ញុំនឹងមិនក្លាយជាទាហានដែលរត់ចោលជួរជាដាច់ខាត”។
លោកវេជ្ជបណ្ឌិត លី វឹនលៀង បានស្លាប់កាលពីពេលព្រលប់ នៃថ្ងៃព្រហស្បតិ៍ ទី6 កុម្ភៈ(ម្សិលមិញ) ក្រោយពីបានតស៊ូជាមួយអំឡុងពេលវិបត្តិរបស់ជំងឺអស់រយៈពេល 5ថ្ងៃ៕
ប្រភព៖ សារព័ត៌មានបរទេស