យ៉ាងហោចណាស់មានជនជាតិកូរ៉េខាងត្បូង និងម៉ាឡេស៊ី 3នាក់ បានឆ្លងមេរោគកូរ៉ូណាប្រភេទថ្មី nCoV បន្ទាប់ពីបានត្រឡប់មកពីចូលរួមកិច្ចប្រជុំមួយនៅសិង្ហបុរី ដែលនេះនាំឱ្យ WHO ចាប់ផ្ដើមធ្វើការស្រាវជ្រាវ។
អង្គការសុខភាពពិភពលោក (WHO) កំពុងសហការជាមួយស្ថាប័នសុខាភិបាលនៃបណ្ដាប្រទេសដើម្បីស្រាវជ្រាវទៅលើកិច្ចប្រជុំរបស់ក្រុមហ៊ុនពហុជាតិមួយដែលបានធ្វើឡើងនៅសិង្ហបុរី កាលពីខែមករា ឆ្នាំ2020។ កិច្ចប្រជុំនេះត្រូវគេសង្ស័យថា បានធ្វើឱ្យមេរោគកូរ៉ូណាប្រភេទថ្មី (nCoV) ឆ្លងរាលដាលទៅប្រទេសជាច្រើនក្នុងពិភពលោកតាមរយៈអ្នកដែលបានចូលរួមកិច្ចប្រជុំនោះ។
កិច្ចប្រជុំខាងលើ ត្រូវក្រុមហ៊ុនមួយនោះ រៀបចំឡើងនៅក្នុងសណ្ឋាគារ Grand Hayatt ចាប់ពីថ្ងៃទី20 ដល់ 22មករា ឆ្នាំ2020 ដោយមានការចូលរួមរបស់បុគ្គលិក 94នាក់ មកពីបណ្ដាប្រទេសផ្សេងៗ និងបុគ្គលិកជនជាតិសិង្ហបុរី 15នាក់ផងដែរ។ បន្ទាប់ពីម៉ាឡេស៊ី និងកូរ៉េខាងត្បូងបានបញ្ជាក់ថា បុគ្គលិក3នាក់នៃក្រុមហ៊ុននោះ មានផ្ទុកមេរោគកូរ៉ូណា (nCoV) ក្រោយពីត្រឡប់មកពីចូលរួមកិច្ចប្រជុំ ក្រសួងសុខាភិបាលសិង្ហបុរីក៏បានបង្ហើបឱ្យដឹងថា ជនជាតិសិង្ហបុរី4នាក់ដែលបានចូលរួមក្នុងកិច្ចប្រជុំនោះដែរ បានចាប់ផ្ដើមមានរោគសញ្ញានៃជំងឺរលាកសួតថ្មី nCoV។
មន្ត្រីសិង្ហបុរី មិនបានបង្ហើបឱ្យដឹងអំពីឈ្មោះក្រុមហ៊ុន ឬវិស័យដែលក្រុមហ៊ុនបានបើកកិច្ចប្រជុំនោះកំពុងរកស៊ីនោះទេ។
អ្នកនាំពាក្យ WHO លោក Olivia Lawe-Davies បានឱ្យដឹងថា ៖ “នៅពេលដែលបណ្ដាប្រទេសទាំងអស់ នាំគ្នារឹតបន្តឹងវិធានការគ្រប់គ្រងអាសន្នរោគ ករណីឆ្លងក្នុងសហគមន៍អាចនឹងត្រូវរកឃើញច្រើនក្នុងពេលខាងមុខ”។
ក្រុមមន្ត្រីសុខាភិបាលម៉ាឡេស៊ី បានឱ្យដឹងថា កិច្ចប្រជុំខាងលើនោះ ក៏មានការចូលរួមពីបុគ្គលិកជាច្រើននាក់មកពីប្រទេសចិន ក្នុងនោះមានម្នាក់មកពីក្រុង Wuhan ដែលជាសម្បុកមេរោគរលាកសួតកូរ៉ូណាប្រទេស nCoV ដែលបានផ្ទុះឆ្លងរាលដាលចាប់ពីខែធ្នូ ឆ្នាំ2019 ហើយបច្ចុប្បន្ន មេរោគនេះបានសម្លាប់មនុស្សចំនួន 638នាក់ នៅទូទាំងពិភពលោក។
ម៉ាឡេស៊ី បានដឹងអំពីករណីនេះ បន្ទាប់ពីពួកគេបានរកឃើញពលរដ្ឋម៉ាឡេស៊ីម្នាក់ អាយុ 41ឆ្នាំ បានឆ្លងមេរោគកូរ៉ូណា nCoV ក្រោយពីបានទៅចូលរួមកិច្ចប្រជុំមួយ ជាមួយនឹងមិត្តរួមការងារជាជនជាតិចិនច្រើននាក់ផ្សេងទៀត។
ប្រទេសកូរ៉េខាងត្បូងវិញ បានបញ្ជាក់ថា ពលរដ្ឋរបស់ខ្លួន2រូបដែលបានឆ្លងមេរោគ nCoV ក៏ធ្លាប់បានទៅចូលរួមកិច្ចប្រជុំមួយនោះដែរ។ យោងតាមសារព័ត៌មានកូរ៉េខាងត្បូង អ្នកដែលបានចូលរួមក្នុងកិច្ចប្រជុំនោះ បានទទួលទានអាហារជាមួយគ្នាផងដែរ។
ពលរដ្ឋសិង្ហបុរី4នាក់ដែលមានរោគសញ្ញារលាកសួតកូរ៉ូណា ក្រោយពីត្រឡប់មកពីកិច្ចប្រជុំនោះ បានត្រូវបញ្ជូនទៅកាន់មជ្ឈមណ្ឌលជំងឺឆ្លងជាតិ នេះបើតាមក្រសួងសុខាភិបាលសិង្ហបុរី។ ក្រសួងនេះបន្ថែមថា ជនជាតិបរទេសទាំងអស់ដែលបានមកចូលរួមកិច្ចប្រជុំនោះ បានចាកចេញពីសិង្ហបុរីទៅហើយ៕
ប្រភព៖ សារព័ត៌មានបរទេស