នៅថ្ងៃទី7 កុម្ភៈនេះ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួ បានចុះផ្សាយរឿងរ៉ាវដ៏សែនរំជួលចិត្ត នៅពេលដែលកូនស្រីរបស់លោក ហាវ ធៀនតាន់ សមាជិកម្នាក់ក្នុងក្រុមគ្រូពេទ្យឈុតទី3 នៃមណ្ឌលសានស៊ី ដែលបានធ្វើដំណើរឆ្ពោះទៅមណ្ឌលហ៊ូពេយកាលពីថ្ងៃពុធ ទី5 ដើម្បីទៅរួមអន្តរាគមន៍ក្នុងភារកិច្ចតស៊ូជាមួយមេរោគវីរុសកូរ៉ូណាប្រភេទថ្មី ទើបតែប្រសូតចេញមកបើកភ្នែកមើលពិភពលោកបានត្រឹមតែ 2ថ្ងៃប៉ុណ្ណោះ។
ចាង សៃហុង ភរិយារបស់ ហាវ ធៀនតាន់ ក៏ជាមន្ត្រីម្នាក់ក្នុងក្រុមមន្ត្រីពេទ្យដូចគ្នាដែរ ទោះជានាងកំពុងស្ថិតក្នុងអំឡុងពេលសម្រាកស្ដារកម្លាំងក្រោយពេលឆ្លងទន្លេក្ដី តែក៏នាងនៅតែនិយាយយ៉ាងម៉ឺងម៉ាត់ថា “បងទៅចុះ…មិនបាច់បារម្ភទេ…នៅផ្ទះយើងនៅមានអូនម្នាក់ទៀតដែរ…”
ហាវ បានពោលពាក្យលាភរិយា និងកូនស្រីអាយុ 2ថ្ងៃរបស់គេ និងបើទោះជានៅស្ទាក់ស្ទើរដែលចាំបាច់ត្រូវតែបែកពីកូន និងភរិយាជាទីស្រឡាញ់ក៏ដោយ តែក៏រូបគេជឿជាក់ថា កូនស្រីរបស់គេនឹងមានមោទនភាពខ្លាំងណាស់ចំពោះរូបគេ នៅពេលដែលនាងធំធាត់ឡើង…។
ប្រភព៖ សារព័ត៌មានបរទេស