កប៉ាល់ទេសចរណ៍យក្ស Diamond Princess ដែលតម្រូវឱ្យចូលចតនៅឯកំពង់ផែ Yokohamn បានរកឃើញអ្នកឆ្លងមេរោគកូរ៉ូណាចំនួន41នាក់បន្ថែមទៀត ធ្វើឱ្យចំនួនអ្នកជំងឺនៅលើកប៉ាល់នេះ កើនដល់ 61នាក់ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន AFP។
“លទ្ធផលនៃការពិនិត្យរកមេរោគកូរ៉ូណានៅលើភ្ញៀវទេសចចំនួន 171នាក់ បានបង្ហាញថា មាន41នាក់មានផ្ទុកមេរោគនេះ។ ថ្ងៃនេះ ពួកគេនឹងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយយើងខ្ញុំកំពុងរៀបចំសម្រាប់កិច្ចការនេះ។ ជាសរុប ក្នុងចំណោមអ្នកទេសចរ 273នាក់ដែលបានធ្វើតេស្ត យើងបានរកឃើញ61នាក់មានផ្ទុកមេរោគកូរ៉ូណា” នេះបើតាមការឱ្យដឹងរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលជប៉ុន លោក Katsunobu Kato ដែលបានចុះផ្សាយដោយសារព័ត៌មាន Tokyo នៅព្រឹកនេះ។
ក្រុមមន្ត្រីសុខាភិបាលជប៉ុន បានចាប់ផ្ដើមធ្វើតេស្តរកមេរោគនៅលើអ្នកដំណើរ 3,700នាក់ និងក្រុមនាវិកទាំងអស់នៅលើកប៉ាល់ទេសចរណ៍យក្ស Diamond Princess ដែលគ្រប់គ្រងដោយក្រុមហ៊ុន Carnival Japan Inc បន្ទាប់ពីមានអ្នកដំណើរវ័យចំណាស់ម្នាក់អាយុ 80ឆ្នាំ មានផ្ទុកមេរោគកូរ៉ូណា nCoV។
កប៉ាល់ទេសចរណ៍យក្ស Diamond Princess មុននេះ បានរកឃើញអ្នកដំណើរ 20នាក់ ដែលមានផ្ទុកមេរោគកូរ៉ូណា ហើយបាននាំពួកគេទៅកាន់មន្ទីរពេទ្យនៅក្នុងខេត្ត Kanagawa ប្រទេសជប៉ុន។ ក្រៅពីនេះ ភ្ញៀវទេសចរទាំងអស់ និងក្រុមនាវិក ត្រូវបានគេស្នើឱ្យនៅក្នុងកប៉ាល់រយៈពេលយ៉ាងតិច 2សប្ដាហ៍ ដើម្បីតាមដានរកមេរោគ៕
ប្រភព៖ សារព័ត៌មានបរទេស