គិតមកត្រឹមព្រឹកនេះ (7កុម្ភៈ) មានអ្នកស្លាប់បន្ថែមដល់ទៅ 73នាក់ កើន 12,9% ធៀបនឹងម្សិលមិញ ធ្វើឱ្យចំនួនអ្នកស្លាប់សរុបទូទាំងពិភពលោក ឡើងដល់ 638នាក់។
គណៈកម្មការសុខាភិបាលខេត្ត Hubei ព្រឹកនេះបានបញ្ជាក់ថា មានករណីស្លាប់បន្ថែមដោយសារមេរោគកូរ៉ូណាចំនួន 69នាក់ ធ្វើឱ្យចំនួនអ្នកស្លាប់សរុបនៅក្នុងខេត្តនេះកើនដល់ 618នាក់។
ខេត្ត Hubei ក៏មានអ្នកឆ្លងមេរោគកូរ៉ូណា 2,447នាក់បន្ថែមទៀត នាំឱ្យចំនួនអ្នកឆ្លងរោគសរុបកើនដល់ 22,112នាក់។
នៅទូទាំងប្រទេសចិន គិតមកត្រឹមព្រឹកនេះ អ្នកស្លាប់សរុប ឡើងដល់ 637នាក់។ អ្នកឆ្លងសរុបនៅប្រទេសនេះ ឡើងដល់ 31,161នាក់។
ដូច្នេះ នៅទូទាំងពិភពលោក ចំនួនអ្នកស្លាប់បានកើនដល់ 638នាក់ រួមនិងករណីស្លាប់ម្នាក់នៅហ្វីលីពីន។ អ្នកដែលកំពុងផ្ទុកមេរោគនេះ មានចំនួន 31.481នាក់ ក្នុងនោះ 4,824នាក់ កំពុងប្រឈមនិងហានិភ័យបាត់បង់ជីវិត។ ចំណែកអ្នកដែលបានជាសះស្បើយ មានចំនួន 1,563នាក់។
នៅក្នុងចំណោមករណីស្លាប់ថ្មី ក៏មានឈ្មោះលោកវេជ្ជបណ្ឌិត Li Wenliang ដែលជាអ្នកធ្លាប់ត្រូវអាជ្ញាធរហៅទៅព្រមាននិងផ្ដិតមេដៃ ដោយចោទថា បានបញ្ចេញព័ត៌មានមិនពិតស្ដីអំពីមេរោគកូរ៉ូណាដែលកាលណោះមិនទាន់មានអ្នកណាដឹងនៅឡើយ៕
ប្រភព៖ សារព័ត៌មានបរទេស