នៅក្រុងហុងកុង បុគ្គលិកពេទ្យប្រមាណជា 7,000នាក់ បាននាំគ្នាធ្វើកូដកម្មថ្ងៃទីបួនដើម្បីប្រឆាំងទៅនឹងវិធានការទប់ទល់នឹងអាសន្នរោគកូរ៉ូណាដែលអាជ្ញាធរបាន និងកំពុងធ្វើ។
ចំនួនអ្នកចូលរួមធ្វើកូដកម្មនេះ មានប្រហែល 10% នៃបុគ្គលិកពេទ្យនៅតំបន់ស្វយ័តពិសេសនេះ នាំឱ្យក្រុមមន្ត្រីគ្រប់គ្រងមន្ទីរពេទ្យរដ្ឋនៅហុងកុង ចេញសេចក្ដីជូនដំណឹងក្នុងថ្ងៃនេះថា ពេលនេះមន្ទីរពេទ្យរដ្ឋ បានត្រឹមតែផ្ដល់សេវាកម្មចាំបាច់ប៉ុណ្ណោះ។
ក្រុមមន្ត្រីខាងលើបានអំពាវនាវឱ្យប្រជាជនដែលមានបញ្ហាសុខភាពកម្រិតស្រាល ទៅកាន់មន្ទីរពេទ្យឯកជន “ដោយសារតែនៅក្នុងមន្ទីរពេទ្យរដ្ឋ មានបុគ្គលិកតិចប្រចាំការសម្រាប់ករណីបន្ទាន់ប៉ុណ្ណោះ។ មន្ត្រីគ្រប់គ្រងមន្ទីរពេទ្យក៏បានអំពាវនាវឱ្យក្រុមគ្រូពេទ្យដែលបានទៅចូលរួមធ្វើកូដកម្ម ត្រឡប់មកចូលធ្វើការវិញ ដើម្បីផលប្រយោជន៍របស់អ្នកជំងឺ”។
សូមបញ្ជាក់ថា បុគ្គលិកពេទ្យរាប់ពាន់នាក់មកពីមន្ទីរពេទ្យរដ្ឋនានាក្នុងក្រុងហុងកុង បានផ្ដើមធ្វើកូដកម្មចាប់ពីថ្ងៃទី 3កុម្ភៈ ក្នុងបំណងដាក់សម្ពាធទៅលើអាជ្ញាធរហុងកុង ឱ្យបិទច្រកព្រំដែនទាំងអស់ជាមួយចិនដីគោក ដើម្បីកាត់បន្ថយការឆ្លងរាលដាលនៃមេរោគកូរ៉ូណា ដែលបច្ចុប្បន្ន មានមនុស្ស 28,296នាក់ បានឆ្លងមេរោគនេះ និង 565នាក់ផ្សេងទៀតបានបាត់បង់ជីវិត។
ក្រុមបាតុករបានចោទប្រកាន់អាជ្ញាធរក្រុងថា ចាត់វិធានការមិនសមស្របទៅនឹងស្ថានការណ៍ដ៏គួរឱ្យខ្លាចនៃការរាតត្បាតរបស់មេរោគសាហាវនេះ។
ក្រៅពីស្នើឱ្យអាជ្ញាធរបិទច្រកព្រំដែនទាំងអស់ជាមួយចិនដីគោក បុគ្គលិកពេទ្យដែលជាក្រុមបាតុករក៏បានស្នើឱ្យអាជ្ញាធរផ្ដល់សម្ភារវេជ្ជសាស្រ្តចាំបាច់ឱ្យបានគ្រប់គ្រាន់ដល់បុគ្គលិកពេទ្យ និងដាក់អ្នកជំងឺឱ្យនៅដាច់ដោយឡែកឱ្យត្រូវតាមវេជ្ជសាស្ត្រ។
មេដឹកនាំក្រុងហុងកុង លោកស្រី Carrie Lam បានរិះគន់ទៅលើក្រុមបាតុករថា ៖ បានធ្វើឱ្យផ្នែកសុខាភិបាលក្រុងត្រូវថមថយកម្លាំងក្នុងគ្រាសំខាន់ ហើយបុគ្គលិកដែលនៅធ្វើការត្រូវរ៉ាប់រងការងារធ្ងន់ធ្ងរជាងមុន ដើម្បីជំនួសក្រុមការងារដែលអវត្តមាន” នេះបើតាមសារព័ត៌មាន CNN។
ក្រុងហុងកុង មកដល់ពេលនេះ បានបិទច្រកព្រំដែនចំនួន 10 ក្នុងចំណោមច្រកព្រំដែនទាំង13កន្លែងជាមួយចិនដីគោក។ អាជ្ញាធរក្រុងហុងកុងក៏បាននិយាយថា ចំនួនអ្នកដំណើរមកពីចិនដីគោក បានថយចុះយ៉ាងច្រើន។ មេដឹកនាំក្រុងហុងកុងកាលពីម្សិលមិញក៏បានប្រកាសថា នឹងចាត់វិធានការបន្ទាន់ថ្មីជាច្រើនទៀត ដើម្បីទប់ស្កាត់អាសន្នរោគ រួមមានដូចជា ការដាក់អ្នកដំណើរទាំងអស់ដែលមកពីចិនដីគោកចំនួន 14ថ្ងៃ ដោយរួមទាំងពលរដ្ឋក្រុងហុងកុងផងដែរ បន្ទាប់ពីមានករណីស្លាប់ដំបូងដោយសារឆ្លងមេរោគកូរ៉ូណា កាលពីថ្ងៃទី 4កុម្ភៈ៕
ប្រភព៖ សារព័ត៌មានបរទេស