នៅប្រទេសជប៉ុន hashtag (ប្រភេទ tag ដែលត្រូវបានប្រើនៅលើបណ្ដាញសង្គម ដើម្បីងាយស្រួលឱ្យអ្នកផ្សេងស្វែងរកទិន្នន័យពាក់ព័ន្ធនឹងពាក្យដែលបានសរសេរក្នុង tag) ChineseDon’tComeToJapan (ជនជាតិ ចិនកុំមកប្រទេសជប៉ុន) ត្រូវបានគេប្រើប្រាស់ច្រើនគួរឱ្យព្រួយបារម្ភ។
នៅឯប្រទេសសិង្ហបុរីឯណោះវិញ អ្នកស្រុករាប់ម៉ឺននាក់ បានចុះហត្ថលេខាលើញត្តិមួយច្បាប់ អំពាវនាវឱ្យរដ្ឋា ភិបាលចេញបញ្ជាហាមពលរដ្ឋចិនចូលមកទឹកដីរបស់ពួកគេ។
ភោជនីយដ្ឋាន និងហាងទំនិញជាច្រើននៅប្រទេសកូរ៉េខាងត្បូង នាំគ្នាដាក់បង្ហាញបដាដែលមានសរសេរថា មិនទទួលស្វាគមន៍អ្នកមកពីចិនដីគោក។ល។ ចំណែកប្រជាជនក្រុងបាងកក ប្រទេសថៃឯណោះវិញ ម្នាក់ៗក៏មិនហ៊ានទៅកាន់ទីប្រជុំជនដែលមានជនជាតិចិនច្រើន(China Town)នោះដែរ ជាពិសេសផ្សារទំនើបកណ្ដាលក្រុងជាដើម។ នៅឯហាងកែសម្ផស្សមួយក្នុងតំបន់ Gangnam ដែលមានមនុស្សម្នាច្រើននៅក្នុងក្រុង សេអ៊ូល ប្រទេសកូរ៉េខាងត្បូង ក៏បានស្នើឱ្យបុគ្គលិករបស់ខ្លួនទទួលបម្រើតែភ្ញៀវក្នុងស្រុក និងភ្ញៀវ ចិនណាដែលបានមកកាន់កូរ៉េខាងត្បូងចាប់ពី 14ថ្ងៃឡើងទៅ គិតមកដល់ថ្ងៃដែលម្ចាស់ហាងនោះប្រកាស។
Yaeko Suenaga ម្ចាស់ភោជនីយដ្ឋាន sushi មួយនៅក្នុងក្រុងតូក្យូ បាននិយាយថា គាត់យល់អំពីការភ័យព្រួយរបស់ម្ចាស់អាជីវកម្ម ដែលបានបដិសេធការទទួលបម្រើភ្ញៀវពីចិនដីគោក។
Suenaga ឱ្យដឹងថា ៖ “ខ្ញុំមិនគិតថា ប្រការនេះចាប់ផ្ដើមពីការរើសអើងពូជសាសន៍នោះទេ ប៉ុន្តែ វាកើតឡើងពីការភ័យខ្លាចចំពោះហានិភ័យដែលអាចឆ្លងមេរោគមួយប្រភេទដែលអាចសម្លាប់មនុស្សបាន”។ ភោជនីយដ្ឋានរបស់អ្នកស្រី នៅតែបន្តទទួលភ្ញៀវ ប៉ុន្តែបុគ្គលិករបស់គាត់សុទ្ធតែត្រូវពាក់ម៉ាស់ការពារជាប់ជានិច្ច។
Kwong Wing Catering ដែលជាបណ្ដាញភោជនីយដ្ឋានមួយនៅក្រុងហុងកុង ក៏បានចេញសេចក្ដីប្រកាសដែរថា ខ្លួនទទួលបម្រើតែភ្ញៀវណាដែលនិយាយភាសាអង់គ្លេស ឬភាសាចិនក្វាងតុងតែប៉ុណ្ណោះ។
Karen Eggleston អគ្គនាយកនៃកម្មវិធីគោលនយោបាយសុខាភិបាលអាស៊ី នៃមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី-ប៉ាស៊ីហ្វិក របស់សាកលវិទ្យាល័យ Stanford បានឱ្យដឹងថា៖ “ការដែលរក្សាខ្លួនឱ្យនៅឆ្ងាយពីកត្តាដែលអាចធ្វើឱ្យឆ្លងអាសន្នរោគ គឺជាការប្រតិកម្មធម្មតារបស់មនុស្ស ពិសេសគឺចំពោះមេរោគដែលមិនទាន់មានថ្នាំព្យាបាល”។
នៅប្រទេសអូស្ត្រាលីវិញ The Herald Sun បានបង្ហោះពាក្យមួយឃ្លា “China Virus Panda-monium” នៅក្បែររូបភាពម៉ាស់ពណ៌ក្រហម (អានឱ្យខុសបន្តិច “pandemonium” ដែលមានន័យថា “មហាអាសន្នរោគ” ហើយបូកជាមួយ “panda” ដែលមានន័យថា ខ្លាឃ្លុំផេនដាដែលជាសត្វតំណាងឱ្យប្រទេសចិន)។ ទង្វើនេះបានធ្វើឱ្យជនជាតិអូស្ត្រាលីដើមកំណើតចិនចំនួន 46,000នាក់ មានការខឹងសម្បាយ៉ាងខ្លាំង ហើយបាននាំគ្នាចុះហត្ថលេខាលើញត្តិមួយ ហៅទង្វើនេះថា ជាការរើសអើងពូជសាសន៍ ដែលមិនអាចទទួលយកបាន។
នៅឯអូស្ត្រាលីនោះដែរ Andy Miao អាយុ 24ឆ្នាំ ជានិស្សិតជនជាតិចិន ដែលទើបត្រឡប់មកពីប្រទេសចិន បានឱ្យដឹងថា អ្នកដំណើរនៅលើមធ្យោបាយធ្វើដំណើរសាធារណៈនានា សុទ្ធតែមើលមកគាត់ក្នុងន័យភ័យខ្លាច បើសិនគាត់មិនពាក់ម៉ាស់។
នៅក្នុងមួយទសវត្សរ៍ចុងក្រោយនេះ គេសង្កេតឃើញថា ចំនួនទេសចរជនជាតិចិន បានកើនឡើងយ៉ាងច្រើន នៅទូទាំងពិភពលោក។ ប្រការនេះហើយ ធ្វើឱ្យបណ្ដាប្រទេសដែលទទួលឥទ្ធិពល ឬផលប្រយោជន៍ច្រើនពីចិន បានបង្ហាញសកម្មភាពទប់ស្កាត់ការរើសអើងអ្នកទេសចរដែលមកពីចិនដីគោក ដោយរូបភាពផ្សេងៗគ្នា។ នៅក្រុង Toronto ប្រទេសកាណាដា អ្នកនយោបាយ គណៈគ្រប់គ្រងសាលា និងក្រុមសង្គមស៊ីវិលមួយចំនួន បានអំពាវនាវកុំឱ្យពលរដ្ឋខ្លួនមានការរើសអើងដូចកាលឆ្នាំ 2003 ដែលពេលនោះ អាសន្នរោគ SARS បានសម្លាប់មនុស្ស 44នាក់នៅទីនោះ។
នៅប្រទេសឥណ្ឌូនេស៊ី បើទោះបីជារដ្ឋាភិបាលបានផ្អាករាល់ជើងហោះហើរពីក្រុង Wuhan ប្រទេសចិនក្ដី តែអភិបាលរដ្ឋ West Sumatra លោក Irwan Prayitno មិនគាំទ្រឡើយចំពោះការស្នើរបស់តំណាងពលរដ្ឋមួយចំនួនដែលសុំឱ្យផ្អាកការទទួលយកភ្ញៀវទេសចរពីចិន។ កាលពីចុងខែមករា លោក Irwan Prayitno បានធ្វើដំណើរទៅទទួលអ្នកទេសចរចិនដីគោកចំនួន 174នាក់ដោយរូបលោកផ្ទាល់ទៀតផង។
Michiko Kubota ដែលជាម្ចាស់ហាងសម្លៀកបំពាក់ធំមួយនៅឯក្រុងតូក្យូ បានឱ្យដឹងថា នាងសង្ឃឹមថា រាជរដ្ឋាភិបាលជប៉ុន អាចនឹងធ្វើសកម្មភាពដើម្បីជួយសម្រួលដល់ពលរដ្ឋចិនដែលកំពុងរស់នៅទីនោះ៕
ប្រភព៖ សារព័ត៌មានបរទេស