រដ្ឋបាលចិនបានចេញបញ្ជាឱ្យប្រើវិធានការជាច្រើនយ៉ាងដើម្បីព្យាយាមទប់ស្កាត់មេរោគវីរុសកូរ៉ូណា(Corona) ដែលកំពុងរាតត្បាតពិភពលោក រួមទាំងការបិទមណ្ឌលហ៊ូពេយភាគកណ្ដាលទាំងស្រុង កន្លែងដែលមេរោគវីរុសបានបង្ហាញខ្លួនលើកដំបូងកាលពីខែធ្នូ និងសូមឱ្យគ្រប់គ្នាដែលធ្លាប់បានទៅទីនោះសម្ងំនៅម្នាក់ឯងរយៈពេល 14ថ្ងៃ។
ចំនួនអ្នកស្លាប់នៅប្រទេសចិនដែលបណ្ដាលមកពីមេរោគវីរុសប្រភេទថ្មីនេះបានកើនឡើងដល់ 425នាក់ និងមានអ្នកឆ្លងមេរោគហើយជាង 20,000នាក់។
បើតាមការរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន ស៊ីនហួ នៅថ្ងៃអង្គារនេះ បានឱ្យដឹងថា អង្គភាពសុវត្ថិភាពសាធារណៈនៅក្នុងមណ្ឌលធៀនជិនភាគខាងជើង បានចាប់ឃាត់ខ្លួនស្ត្រីម្នាក់ពីបទ “មានចេតនាលាក់បាំង” ថា ធ្លាប់ប៉ះពាល់ជិតដិតជាមួយអ្នកមកពីតំបន់ដែលឆ្លងរាលដាលរបស់មេរោគវីរុសកូរ៉ូណា និងរារាំងការព្យាយាមទប់ស្កាត់ការឆ្លងរាលដាលមេរោគ។
ស្ត្រីសែលីវ វ័យ 36ឆ្នាំម្នាក់នេះ បានរារាំងការធ្វើការការពារ និងគ្រប់គ្រងវីរុសតាមរយៈទង្វើរបស់គាត់ ហើយមន្ត្រីនៃអង្គភាពខាងលើ បាននាំខ្លួនស្ត្រីម្នាក់នោះចូលទៅឃុំឃាំងការប្រព្រឹត្ត។
ទីភ្នាក់ងារព័ត៌មានខាងលើ មិនបានរាយការណ៍លម្អិតពាក់ព័ន្ធនឹងអ្វីដែលស្ត្រីម្នាក់នោះបានធ្វើ ឬក៏បានប្រាប់ថា គាត់នឹងបានទទួលឥស្សរភាពវិញដែរឬទេ និងនៅពេលណាឡើយ។
នៅក្នុងតំបន់ខ្លះ រដ្ឋបាលចិនបានគំរាមថា នឹងដាក់ទោសយ៉ាងធ្ងន់ធ្ងរចំពោះអ្នកណាក៏ដោយដែលល្មើសច្បាប់ពាក់ព័ន្ធនឹងការព្យាយាមតស៊ូជាមួយមេរោគវីរុសមរណៈនេះ។
តុលាការជាន់ខ្ពស់នៃមណ្ឌល ហ៊ើយ លង់ចៀង ខាងភាគអាគ្នេយ៍ប្រទេសចិន បានបញ្ជាក់ច្បាស់ថា អ្នកដែលមានចេតនាចម្លងមេរោគវីរុស អាចនឹងទទួលទោសដល់ថ្នាក់ប្រហារជីវិត។ នេះបើយោងតាមសេចក្ដីប្រកាសរបស់តុលាការមួយនេះ កាលពីថ្ងៃទី31 មករា។
ក្រុមប៉ូលិសនៅក្នុងមណ្ឌល ឈីងហៃ ក្នុងភាគអាគ្នេយ៍ប្រទេសចិនដូចគ្នា កំពុងសើបសួរបុរសអ្នកឆ្លងមេរោគវីរុសម្នាក់ ដែល “រារាំងការទប់ស្កាត់មេរោគវីរុសយ៉ាងខ្លាំងក្លា និងបង្កគ្រោះអន្តរាយដល់ប្រព័ន្ធសធារណៈសុខាភិបាល”។ នេះបើតាម សារព័ត៌មាន ស៊ីនហួ ដោយមិនបានអធិប្បាយបន្ថែម៕
ប្រភព៖ សារព័ត៌មានបរទេស