អ្នកវិទ្យាសាស្ត្រនៃគណៈកម្មការសុខាភិបាលជាតិនៃប្រទេសចិន កាលពីថ្ងៃទី31មករា បានព្រមានថា អ្នកជំងឺរលាកសួត nCoV (Corona) ដែលបានជាសះស្បើយពីជំងឺនេះហើយ នៅតែអាចឆ្លងវីរុសនេះជាថ្មីម្ដងទៀតបានជានិច្ច។
Zhan Qungyuan ប្រធានផ្នែកទប់ស្កាត់ និងព្យាបាលជំងឺរលាកសួតនៃមន្ទីរពេទ្យមិត្តភាពចិន-ជប៉ុន ដែលជាអ្នកដឹកនាំក្រុមជំនាញផ្នែក nCoV បានព្រមានថា សូម្បីតែអ្នកដែលបានជាសះស្បើយពីជំងឺនេះហើយ ក៏នៅតែអាចឆ្លងសាជាថ្មីម្ដងទៀតបានដែរ។ ថ្វីបើរាងកាយរបស់ពួកគេអាចបង្កើតអង្គបដិប្រាណ (antibody)បានមែន ប៉ុន្តែសម្រាប់អ្នកខ្លះ អង្គបដិប្រាណនេះមិនអាចគង់នៅបានយូរអង្វែងទេ។
លោក Zhan Qungyuan បានណែនាំឱ្យអ្នកដែលបានជាសះស្បើយពីជំងឺអាសន្នរោគនេះ លើកកម្ពស់ការការពារការឆ្លងមេរោគ ថែរក្សាសុខភាព និងចៀសវាងអាកាសធាតុត្រជាក់ខ្លាំង ឬរោគផ្ដាសាយ។ អ្នកវេជ្ជសាស្ត្រចិនរូបនេះ ក៏បានស្នើឱ្យអ្នកជំងឺដែលបានជាសះស្បើយហើយ ត្រូវពិនិត្យសុខភាពតាមការកំណត់របស់គ្រូពេទ្យ។
អម្បូរមេរោគ Corona គឺរួមទាំងវីរុសបង្កើតជំងឺផ្ដាសាយធម្មតា អាសន្នរោគ SARS និង MERS ។ ភាគច្រើននៃវីរុស Corona អាចបង្កជំងឺរលាកផ្លូវដង្ហើមផ្នែកខាងលើ ចាប់ពីស្រាល ដល់មធ្យម និងឆ្លងពីសត្វមកមនុស្ស។ នៅពេលមេរោគបានចូលក្នុងរាងកាយមនុស្ស វានឹងរកវិធីតោងទាម និងរុកចូលក្នុងកោសិកានៃរាងកាយមនុស្ស។ ដើម្បីទប់ទល់នឹងមេរោគនេះ ប្រព័ន្ធការពាររាងកាយរបស់មនុស្សនឹងបង្កើតអង្គបដិប្រាណ ដែលជាប្រូតិអ៊ីនមួយប្រភេទអាចកំណត់អត្តសញ្ញាណមេរោគ រួចបណ្ដេញវាចេញពីរាងកាយ។ នេះជាវិធីដែលជួយឱ្យមនុស្សមិនឆ្លងមេរោគមួយចំនួនដែលពួកគេធ្លាប់បានឆ្លងរួចមកហើយ។ វ៉ាក់សាំងក៏ជាវិធីសាស្ត្រមួយផ្សេងទៀតដើម្បីជួយចម្រើនអង្គបដិប្រាណនេះដែរ។
Amira Roess សាស្ត្រាចារ្យផ្នែកសុខាភិបាល និងអាសន្នរោគ នៃសាកលវិទ្យាល័យ George Mason បាននិយាយថា៖ “ចំពោះជំងឺឆ្លងមួយចំនួន រាងកាយមនុស្សអាចបង្កើតប្រព័ន្ធអង្គបដិប្រាណដើម្បីទប់ស្កាត់មេរោគជាក់លាក់ណាមួយ ក្រោយពីបានឆ្លងមេរោគ។ ជាធម្មតា អ្នកដែលបានឆ្លងមេរោគម្ដងហើយ នឹងមិនឆ្លងម្ដងទៀតទេ បើទោះពួកគេបានប៉ះពាល់មេរោគនោះក៏ដោយ។ ក្នុងករណីអម្បូរមេរោគ Corona ថ្មី (nCoV) អ្នកវិទ្យាសាស្ត្រកំពុងតែស្វែងរកចម្លើយ ដើម្បីដោះស្រាយបញ្ហានេះ”។
ក្រុមគ្រូពេទ្យ និងអ្នកមេរោគវិទ្យា មិនទាន់ដឹងច្បាស់នៅឡើយអំពី nCoV ដើម្បីប្រាកដថា តើរាងកាយមនុស្សអាចបង្កើតអង្គបដិប្រាណបានគ្រប់គ្រាន់ដែរឬទេ បន្ទាប់ពីបានឆ្លងមេរោគដ៏សាហាវនេះ?។ លោក Zhan Qungyuan បន្តថា ក្រុមអ្នកវិទ្យាសាស្រមិនទាន់ប្រាកដថា អង្គបដិប្រាណដែលរាងកាយមនុស្សផលិតនោះ អាចការពារពួកគេពីការឆ្លងមេរោគម្ដងទៀតឬយ៉ាងណានៅឡើយ?។ មេរោគ Corona ថ្មី ប្រភេទ nCoV ក៏អាចរីកចម្រើន និងប្រែកាយយ៉ាងលឿនដែរ ដូច្នេះអង្គបដិប្រាណដែលអាចទប់ស្កាត់មេរោគប្រភេទនេះ ក៏មិនអាចធានាបានថា អាចទប់ស្កាត់មេរោគប្រភេទផ្សេងបានដែរ។
អង្គការសុខភាពពិភពលោក WHO បានប្រកាសភាពអាសន្នចំពោះមេរោគរាតត្បាត Corona ប្រភេទថ្មី (nCoV) នេះកាលពីថ្ងៃទី 30មករាកន្លងទៅ។ គិតមកដល់ថ្ងៃទី 4មករានេះ ចំនួនអ្នកស្លាប់ដោយសារអាសន្នរោគនេះបានកើនដល់ 427នាក់ និងអ្នកបានឆ្លងមេរោគនេះ កើនដល់ 20,622នាក់៕
ប្រភព៖ សារព័ត៌មានបរទេស