កាលពីថ្ងៃទី3 មករា ម្សិលមិញ ទីភ្នាក់ងារព័ត៌មាន AFP និង រ៉យទ័រ បានរាយការណ៍ថា ចិនបានចេញមកចោទប្រកាន់សហរដ្ឋអាមេរិកថា មិនត្រឹមតែមិនបានផ្ដល់ការជួយសង្រ្គោះអ្វីដែលសំខាន់ៗក្នុងការទប់ទល់នឹងការឆ្លងរាលដាលរបស់វីរុសកូរ៉ូណាប្រភេទថ្មីនេះប៉ុណ្ណោះទេ តែសហរដ្ឋអាមេរិកបែរជាថែមទាំងបន្ថែមភ្លើងនៃការភ័យខ្លាចក្នុងការតបស្នងទប់ទល់នឹងការឆ្លងរាលដាលរបស់វីរុសកំណាចនេះរបស់ចិនកាន់តែខ្លាំងដៃឡើងទៅទៀតដោយវិធានការដ៏ខ្លាំងក្លារបស់សហរដ្ឋអាមេរិក ដែលរួមមានការជម្លៀសពលរដ្ឋរបស់ខ្លួនត្រឡប់ទៅប្រទេសវិញមុនប្រទេសណាៗទាំងអស់ និងថែមទាំងហាមមិនឱ្យអ្នកធ្វើដំណើរមកពីចិន ចូលទៅក្នុងប្រទេសរបស់ខ្លួនទៀត។
“សហរដ្ឋអាមេរិក មិនបានផ្ដល់នូវការជួយសង្គ្រោះសំខាន់ៗអ្វីទាំងអស់ មានតែសាងនូវក្ដីភ័យភ្ញាក់ផ្អើលឱ្យចិនតែប៉ុណ្ណោះ” លោកស្រី ហួ ឈុន អ៊ិង អ្នកនាំពាក្យនៃក្រសួងការបរទេសចិននៅបានអះអាងពីការណែនាំរបស់អង្គការសុខភាពពិភពលោកដែលបានចេញមកប្រកាសដាស់តឿនថា ការហាម ឬការកំណត់ការធ្វើដំណើរ មិនមែនជាវិធានការចាំបាច់ក្នុងការតស៊ូជាមួយការឆ្លងរាលដាលរបស់មេរោគទេ។
“ប្រទេសអភិវឌ្ឍន៍ជាច្រើនប្រទេស ដូចជាសហរដ្ឋអាមេរិក ដែលមានសមត្ថភាព និងមានឧបករណ៍ជួយផ្ដល់ភាពងាយស្រួលក្នុងការការពារការឆ្លងរាលដាលដ៏មាំមួន បានប្រើវិធានការគ្រប់គ្រងហួសពីភាពចាំបាច់ ដែលផ្ទុយនឹងការណែនាំរបស់អង្គការសុខភាពពិភពលោក”។ លោកស្រីអ្នកនាំពាក្យនៃក្រសួងការបរទេសចិនបានបន្ថែមទៀតថា៖ “ប្រទេសទាំងអស់នេះ គួរពិចារណាការសម្រេចចិត្តលើមូលដ្ឋាននៃហេតុផល ភាពសុភាពនឹងនរ និងប្រកាន់យកគោលការណ៍ខាងវិទ្យាសាស្ត្រ”
ឥរិយាបថឆ្លើយតបរបស់ចិននេះបានធ្វើឡើង បន្ទាប់ពីប្រទេសសហរដ្ឋអាមេរិកបានប្រកាសស្ថានការណ៍អាសន្នខាងសាធារណសុខាភិបាលនៅក្នុងប្រទេសអាមេរិកកាលពីថ្ងៃសុក្រ ទី31 មករា កន្លងមក ក្រោយកើតការឆ្លងរាលដាលរបស់មេរោគវីរុសកូរ៉ូណាវូហាននៅក្នុងប្រទេសចិន និងរាលដាលទៅប្រទេសជាច្រើនទូទាំងពិភពលោក និងថែមទាំងហាមជនបរទេសដែលធ្លាប់បានធ្វើដំណើរទៅប្រទេសចិនក្នុងអំឡុង 2សប្ដាហ៍កន្លងមក មិនឱ្យចូលប្រទេសអាមេរិក និងឱ្យជនជាតិអាមេរិកដែលធ្វើដំណើរមកពីវូហាន មជ្ឈមណ្ឌលកណ្ដាលនៃការចម្លងរាលដាលរបស់វីរុសមរណៈមួយនេះ ស្ថិតក្នុងការដាក់បង្ខាំងឱ្យនៅដោយឡែកដើម្បីការពារមេរោគរយៈពេល 14ថ្ងៃទៀតផង។
ក្រៅពីនេះ អ្នកនាំពាក្យនៃក្រសួងការបរទេសចិនបានថ្លែងទៀតថា អ្វីដែលចិនមានតម្រូវការយ៉ាងបន្ទាន់បំផុតគឺ ឧបករណ៍ការពារខាងវេជ្ជសាស្ត្រ ទាំងម៉ាស់ការពារ ឈុតស្លៀកការពារ និងវ៉ែនតាការពារការឆ្លងមេរោគ តែយ៉ាងណាក៏ដោយ មានប្រទេសជាច្រើន ដែលរួមទាំងប្រទេសកូរ៉េខាងត្បូង ជប៉ុន កាហ្សាក់ស្ថាន និងហុងគ្រី បានបរិច្ចាគជួយឧបត្ថម្ភគ្រឿងវេជ្ជភណ្ឌដល់ចិនមួយចំណែកហើយ។
ខណៈដែលក្រសួងឧស្សាហកម្មរបស់ចិនបានបង្ហើបឱ្យដឹងថា រោងចក្រនៅក្នុងប្រទេសចិនដែលកំពុងដំណើរការផលិតយ៉ាងពេញទំហឹងនោះ អាចផលិតម៉ាស់អនាម័យបាន 1ថ្ងៃត្រឹមតែ 20លានសន្លឹកប៉ុណ្ណោះ ដោយមន្ត្រីក្នុងក្រសួងនេះបានបញ្ជាក់ទៀតថា រដ្ឋាភិបាលកំពុងបន្ថែមកូតាការនាំចូលម៉ាស់ការពារនេះពីអឺរ៉ុប ជប៉ុន និងអាមេរិកថែមទៀត៕
ប្រភព៖ សារព័ត៌មានបរទេស