អាជ្ញាធរក្រុង Wuhan ប្រគល់ “មន្ទីរពេទ្យប្រឆាំង Corona” ដំបូងទៅឱ្យពេទ្យយោធានៅថ្ងៃនេះ ដើម្បីរួមចំណែកទប់ទល់អាសន្នរោគរលាកសួតថ្មីនេះ។
គ្រូពេទ្យយោធាចិនចំនួន 1,400នាក់នឹងចូលមកគ្រប់គ្រងមន្ទីរពេទ្យ Huoshenshan ដែលមានដាក់គ្រែចំនួន 1,000ចាប់ដំណើរការពីថ្ងៃទី 3កុម្ភៈខាងមុខ។ មន្ទីរពេទ្យនេះ បានចាប់ផ្ដើមសាងសង់តាំងពីថ្ងៃទី 25មករា ដើម្បីជួយដោះស្រាយបញ្ហាខ្វះមន្ទីរពេទ្យនៅក្រុង Wuhan ដែលជាសម្បុកមេរោគរលាកសួតថ្មី Corona។
មន្ទីរពេទ្យទីពីរមានឈ្មោះថា Leishenshan មានគ្រែចំនួនប្រហែល 1,600 ក៏គ្រោងនឹងបើកដំណើរការនៅក្នុងថ្ងៃទី 5កុម្ភៈខាងមុខ។ ទន្ទឹមនិងនេះក៏មានមន្ទីរពេទ្យមួយផ្សេងទៀតដែលអាចដាក់បាន 600គ្រែ កំពុងត្រូវសាងសង់នៅក្រុង Ezhou នៃខេត្ត Hubei នេះផងដែរ។
អាសន្នរោគរលាកសួតដែលបង្កឡើងដោយវីរូស nCoV (Corona) បានចាប់ផ្ដើមឆ្លងរាតត្បាតពីទីក្រុង Wuhan និងកំពុងរាលដាលទូទាំងពិភពលោក។ មេរោគនេះ បានសម្លាប់មនុស្សយ៉ាងតិច 305នាក់ និង 14,628នាក់ផ្សេងទៀតកំពុងមានផ្ទុកមេរោគនេះ នៅទូទាំងពិភពលោក៕
ប្រភព៖ សារព័ត៌មានបរទេស