បុរសវ័យចំណាស់ម្នាក់ មានពាក់ម៉ាស បានដួលស្លាប់នៅលើដងផ្លូវក្នុងក្រុង Wuhan ប្រទេសចិន។ ថ្វីបើរឿងនេះបានកើតឡើងតាំងតែពីថ្ងៃទី30មករា ប៉ុន្តែករណីនេះបានបង្ហាញថា ស្ថានភាពកំពុងវិវដ្ដអាក្រក់ទៅៗនៃអាសន្នរោគ Corona នៅប្រទេសចិន។
រូបថតដែលត្រូវបានថតដោយភ្នាក់ងារសារព័ត៌មាន AFP នៅក្រុង Wuhan បានបង្ហាញថា ជនរងគ្រោះមានអាយុប្រហែល60ឆ្នាំ សក់ស្កូវល្បាយអាចម៍ខ្លា ពាក់ម៉ាស ដេកស្លាប់នៅលើចិញ្ចើមផ្លូវ ខាងមុខហាងទំនិញដែលបានបិទមួយកន្លែង ហើយនៅក្នុងដៃសាកសពនេះ មានថង់ដាក់អីវ៉ាន់ផងដែរ។
គេមិនបានដឹងថា បុរសរងគ្រោះនោះ បានស្លាប់នៅពេលណា ហើយក៏មិនបានដឹងអំពីមូលហេតុដែលនាំឱ្យគាត់ស្លាប់នោះដែរ។ នៅតាមផ្លូវក្នុងក្រុង Wuhan នៃខេត្ត Hebei ប្រទេសចិន ដើមឡើយជាតំបន់ដែលមានមនុស្សម្នាច្រើនកុះករ ប៉ុន្តែ ចាប់តាំងពីត្រូវបានដាក់បម្រាមគោចរដើម្បីការពារការឆ្លងរាលដាលនៃមេរោគ Corona ទីនេះកាន់តែស្ងាត់ទៅៗ។
យ៉ាងនេះក្ដី នៅលើដងផ្លូវ គេក៏នៅតែឃើញមនុស្ស2-3នាក់ ដើរទៅ-មក កាត់កន្លែងកើតហេតុ ប៉ុន្តែពួកគេមិនហ៊ានចូលក្បែរសាកសព ខណៈរង់ចាំសមត្ថកិច្ចមកដល់។
មួយសន្ទុះក្រោយមក មានបុគ្គលិកពេទ្យជាច្រើននាក់ ពាក់ឈុតការពារមេរោគមកដល់ ហើយបានគ្របសំពត់អ្វីមួយពីលើសាកសព។ ក្នុងរយៈពេល2ម៉ោងដែលបានពិនិត្យមើលកន្លែងកើនហេតុ ភ្នាក់ងារសារព័ត៌មាន AFP បានឃើញរថយន្តសង្គ្រោះបន្ទាន់យ៉ាងតិច 15គ្រឿង បើកបរកាត់ទីនេះ ប៉ុន្តែពួកគេមានភារកិច្ចផ្សេង។
ចុងក្រោយ រថយន្តដឹកទំនិញពណ៌សមួយគ្រឿងបានមកដល់ ហើយក៏បានដឹកសាកសពបុរសនោះចេញទៅ។ បុគ្គលិកពេទ្យក៏នាំគ្នាបាញ់ថ្លាំសម្លាប់មេរោគត្រង់កន្លែងកើតហេតុ។
AFP បានទាក់ទងសមត្ថកិច្ចក្នុងតំបន់ ប៉ុន្តែ មិនទាន់ទទួលបានព័ត៌មានអ្វីច្បាស់លាស់ស្ដីអំពីអត្តសញ្ញាណ ក៏ដូចជាមូលហេតុនៃការស្លាប់នេះនៅឡើយ។
ស្ត្រីម្នាក់ដែលនៅក្បែរកន្លែងកើតហេតុ បានប្រាប់ថា គាត់ជឿថា បុរសម្នាក់ដែលបានស្លាប់នោះ ប្រាកដជាដោយសារឆ្លងមេរោគ nCoV (Corona)។ ស្ដ្រីម្នាក់នេះនិយាយទៀតថា ៖ “វាគួរឱ្យខ្លាច! ប៉ុន្មានថ្ងៃនេះមានអ្នកស្លាប់ច្រើនណាស់”។
ទីតាំងកើតហេតុស្ថិតនៅក្បែរមន្ទីរពេទ្យ Wuhan លេខ6 ជាកន្លែងទទួលព្យាបាលអ្នកជំងឺដែលមានអាការនៃជំងឺរលាកសួតថ្មីដែលបង្កឡើងដោយមេរោគ nCoV។
ក្រុង Wuhan កំពុងទទួលរងការរាតត្បាតនៃអាសន្នរោគ Corona ដែលបានផ្ទុះឆ្លងរាលដាលតាំងពីខែធ្នូ ឆ្នាំ2019។ អាសន្នរោគនេះ បានបណ្ដាលឱ្យមានអ្នកស្លាប់យ៉ាងតិច 259នាក់ និងជាង11,374 នាក់បានឆ្លងមេរោគនេះនៅទូទាំងពិភពលោក។ ដោយឡែក ខេត្ត Hubei ដែលមានក្រុង Wuhan ជា “សម្បុកមេរោគ” មានអ្នកស្លាប់ដល់ទៅ 249នាក់ គិតមកដល់ព្រឹកថ្ងៃទី1កុម្ភៈនេះ៕
ប្រភព៖ សារព័ត៌មានបរទេស