“កូនសម្លាញ់ តើកូនធ្លាប់បានឃើញកែវភ្នែករបស់អ្នកជំងឺ និងគ្រួសាររបស់ពួកគេដែលអង្វរសុំឱ្យជួយសង្គ្រោះជីវិតដែរឬទេ? កែវភ្នែកពួកគេដែលសម្លឹងមកម្ដាយ ហាក់ដូចជាផ្ញើសេចក្ដីទុកចិត្ត សេចក្ដីសង្ឃឹម និងការប្រាថ្នាសុំរស់បន្តទៀត”។
ខាងលើនេះ គឺជាការចាប់ផ្ដើមបន្ទាត់ដំបូងនៃសំបុត្រដែលលោកស្រីវេជ្ជបណ្ឌិត Cao Xiaoying អាយុ 56ឆ្នាំ ជាប្រធានមជ្ឈមណ្ឌលព្យាបាលរោគឆ្លងនៃមន្ទីរពេទ្យប្រជាជនលេខ2 ក្នុងខេត្ត Hebei ប្រទេសចិន ដែលសរសេរទុកឱ្យកូនប្រុសរបស់គាត់ មុនពេលឈានជើងចូលក្នុងតំបន់ “សមរភូមិវូហាន” ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគរលាកសួត Corona។
សំបុត្រនោះបានសរសេរទៀតថា ៖ “ម្ដាយយល់អំពីអាការព្រួយភ័យ និងក្ដីទុក្ខលំបាក ដែលពួកគេទទួលរងពីអាសន្នរោគដ៏អាក្រក់នេះ”។
លោកស្រីវេជ្ជបណ្ឌិត Cao Xiaoying បានចូលនិវត្តន៍នៅមុនរដូវបុណ្យចូលឆ្នាំចិន ប៉ុន្តែ បន្ទាប់ពីអាជ្ញាធរខេត្ត Hunan ប្រកាសអំពីការផ្ទុះឆ្លងរាលដាលនៃមេរោគវីរុស Corona លោកស្រីបានសម្រេចចិត្ត ប្រញាប់ត្រឡប់ទៅកាន់មន្ទីរពេទ្យវិញ ដើម្បីបានរួមដំណើរជាមួយក្រុមគ្រូពេទ្យចំនួន 60នាក់ផ្សេងទៀត ស្ម័គ្រចូលទៅប្រយុទ្ធប្រឆាំងមេរោគវីរុស Corona ដ៏សាហាវនោះ។ ជាមួយនឹងបទពិសោធជាង 30ឆ្នាំក្នុងការប្រឆាំងនឹងបណ្ដាមេរោគឆ្លងទាំងឡាយ លោកស្រីបានទទួលព្យាបាលអ្នកជំងឺរលាកសួតដោយការឆ្លងមេរោគវីរុស Corona ដំបូងនៅជនបទ។
នៅចំពោះមុខការសម្រេចចិត្តនេះ កូនប្រុសរបស់លោកស្រីបានជំទាស់យ៉ាងខ្លាំងក្លា។ កូនប្រុសរបស់លោកស្រីមានគម្រោងនាំមិត្តស្រីរបស់គេមកជម្រាបសួរលោកស្រីក្នុងរដូវចូលឆ្នាំចិនឆ្នាំនេះ។
មុនពេលត្រឡប់ទៅមន្ទីរពេទ្យវិញ លោកស្រីបានរៀបចំអ្វីៗគ្រប់សព្វបែបយ៉ាងរួចរាល់ ដើម្បីឱ្យកូនប្រុសរបស់គាត់ស្វាគមន៍មិត្តស្រីរបស់គេ ព្រមទាំងបានសរសេរសំបុត្រមួយច្បាប់ទុកឱ្យកូនប្រុសរបស់គាត់ ដោយក្ដីសង្ឃឹមថា កូនប្រុសគាត់នឹងយល់អំពីអារម្មណ៍របស់លោកស្រី។
ក្នុងសំបុត្រនោះ លោកស្រីវេជ្ជបណ្ឌិត បានសុំទោសកូនប្រុសរបស់គាត់ ព្រោះមិនទាន់បានបំពេញភារកិច្ចជាម្ដាយដ៏ល្អ ប៉ុន្តែ លោកស្រីបានរំឭកជាច្រើនលើកច្រើនសាថា លោកស្រីពិតជាស្រឡាញ់រូបគេខ្លាំងណាស់។
“កូនប្រុសម្ដាយ ម្ដាយបានសម្រេចជ្រើសរើសមុខរបរជាគ្រូពេទ្យ ដូច្នេះយ៉ាងណាក៏ដោយ យើងមិនអាចនៅជុំគ្នាបានពេញលេញនោះទេ។ ម្ដាយស្រឡាញ់កូន100% ប៉ុន្តែ ពេលវេលារបស់ម្ដាយមិនអាចផ្ដល់ឱ្យកូនបាន 100%ឡើយ។ ម្ដាយដឹងអំពីភាពគ្រោះថ្នាក់នៃអាសន្នរោគដ៏អាក្រក់នេះ ម្ដាយអាចដឹងបានអំពីការឈឺចាប់ និងការរងទុក្ខវេទនាពីមេរោគនេះ។ បំណងរបស់ម្ដាយក្នុងជាតិនេះ គឺការបំបាត់ចោលរាល់បញ្ហាអាក្រក់ទាំងអស់នេះ។ សុំទោសណា៎ កូនប្រុសម្ដាយ ការបែកគ្នាមួយរយៈខ្លីរបស់យើង គឺជាសំឡេងសើចរីករាយរបស់មនុស្សរាប់លាននាក់ដែលគេត្រូវការម្ដាយណា៎កូន។ នេះគឺជាប្រការមួយដែលគ្រូពេទ្យទាំងឡាយត្រូវតែធ្វើ”។
នៅទីបញ្ចប់នៃសំបុត្រ ស្ត្រីម្នាក់នេះបានសរសេរថា ៖ “កូនប្រុស ក្រដាសវាខ្លីពេក ប៉ុន្តែក្ដីស្រឡាញ់ដែលម្ដាយមានចំពោះកូន គឺវែងជាងនេះឆ្ងាយណាស់។ ម្ដាយនឹងស្លៀកឈុតការពារមេរោគជាប់ជានិច្ច កូនកុំបារម្ភ ហើយចូរកូនធ្វើជំនួសម្ដាយ ក្នុងការការពារក្រុមគ្រួសារយើង ណា៎កូនណា៎។ ម្ដាយត្រូវការពារ និងបំពេញកាតព្វកិច្ចរបស់ម្ដាយ។ ពេលអាសន្នរោគអាក្រក់នេះបានថមថយចុះ ម្ដាយសន្យាថា នឹងត្រឡប់ទៅនៅក្បែរកូនឱ្យបានច្រើន តាមដែលអាចធ្វើទៅបាន។ ម្ដាយជឿថា កូននឹងយល់ចំពោះរឿងទាំងអស់នេះ មែនទេកូន?”។
ថ្ងៃទី26 មករា បន្ទាប់ពីសំបុត្រខាងលើត្រូវបានគេបង្ហោះ និងចែករំលែកក្នុងបណ្ដាញសង្គមចិន មានអ្នកលេងអ៊ីនធើណិតជាច្រើន បានបង្ហាញពីអារម្មណ៍របស់ខ្លួនដោយការ Comment។
អ្នកលេងបណ្ដាញសង្គម Weibo ម្នាក់បានបញ្ចេញមតិថា ៖ “នៅក្នុងអំឡុងពេលដែលអាសន្នរោគកំពុងរាតត្បាត សំបុត្ររបស់អ្នកគ្រូពេទ្យ Cao Xiaoying បានធ្វើឱ្យខ្ញុំរំភើប អួលដើម-ក និងពិតជាកោតសរសើរចំពោះស្មារតីជួយអ្នកជំងឺយ៉ាងអស់ពីចិត្តរបស់លោកស្រី”។
អ្នកលេងបណ្ដាញសង្គមម្នាក់ទៀតសរសេរថា ៖ “សង្ឃឹមថា ទេវតាអាវពណ៌សទាំងឡាយ ដែលនៅតំបន់ជួរមុខនឹងបានត្រឡប់មកផ្ទះវិញដោយសុវត្ថិភាព និងបានជួបជុំគ្រួសារ”។
សូមបញ្ជាក់ថា គិតដល់រសៀលថ្ងៃទី31មករានេះ មានអ្នកឆ្លងមេរោគ Corona សរុបជាង 9,800នាក់ ក្នុងនោះមាន 9700នាក់ស្ថិតនៅក្នុងប្រទេសចិន រួមទាំងហុងកុង ម៉ាកាវ និងកោះតៃវ៉ាន់ផងដែរ។ ចំណែកអ្នកស្លាប់ដោយសារមេរោគវីរុស Corona នេះ បានកើនឡើងដល់ 213នាក់ ដែលជនរងគ្រោះទាំងនោះ សុទ្ធតែស្ថិតនៅក្នុងប្រទេសចិន ពិសេសគឺ ក្នុងតំបន់ Wuhan ដែលជាកន្លែង “ចាប់កំណើត” នៃមេរោគវីរុស Corona ដ៏គួរឱ្យភ័យខ្លាចនេះ៕
ប្រភព៖ សារព័ត៌មានបរទេស