មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការរោគអាមេរិក Centers for Disease Control and Prevention (CDC) កាលពីថ្ងៃទី30 មករា បានឱ្យដឹងថា ករណីឆ្លងមេរោគ corona ថ្មីបំផុតនៅប្រទេសនេះ គឺមានជាប់ទាក់ទិននឹងប្ដីប្រពន្ធ 1គូនៅក្រុង Chicago រដ្ឋ Illinois។
បុរសដែលបានឆ្លងមេរោគនេះ មិនដែលធ្លាប់បានទៅប្រទេសចិនម្ដងណាឡើយ ប៉ុន្តែប្រពន្ធរបស់គាត់ត្រូវបានគេរកឃើញថា មានផ្ទុកមេរោគនេះ បន្ទាប់នាងពីត្រឡប់មកពីក្រុង Wuhan នៃប្រទេសចិនដែលជា “សម្បុកមេរោគ” corona។
នេះគឺជាករណីឆ្លងមេរោគវិរុស corona ពីមនុស្សទៅមនុស្សដំបូងគេនៅសហរដ្ឋអាមេរិក និងជាករណីដែលអ្នកចម្លងមិនទាន់បង្ហាញអាការរោគអ្វីទាំងអស់ តែអាចចម្លងទៅអ្នកជិតខាងបាន។ ប៉ុន្តែមន្ត្រីសុខាភិបាលអាមេរិកនៅតែអះអាងថា ចំពោះមុខ ហានិភ័យនៃការឆ្លងមេរោគនេះនៅអាមេរិក គឺនៅទាបនៅឡើយ។
យ៉ាងនេះក្ដី អគ្គនាយកនៃ CDC លោក Robert Redfield បានថ្លែងថា នឹងមានការឆ្លងមេរោគនេះពីមនុស្សទៅមនុស្សជាច្រើនករណីបន្ថែមទៀតនៅអាមេរិក។
បច្ចុប្បន្ន អាមេរិកមានអ្នកផ្ទុកមេរោគវីរុស corona សរុបចំនួន 6នាក់។ ក្រៅពីករណីថ្មីបំផុតដែលឆ្លងពីមនុស្សទៅមនុស្ស គឺមាន 5ករណី ដែលសុទ្ធតែជាអ្នកទើបត្រឡប់មកពីប្រទេសចិនទាំងអស់៕
ប្រភព៖ សារព័ត៌មានបរទេស