អភិបាលខេត្ត Hebei បាននិយាយថា ជំងឺរលាកសួតដែលបង្កឡើងដោយមេរោគ Corona (nCoV) មកដល់ពេលនេះបានធ្វើឱ្យមានភាពវឹកវរជាខ្លាំងក្នុងក្រុង Huanggang (ទីក្រុង 1ទៀត)នៃខេត្តមួយនេះ។
នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី29 មករាកន្លងទៅ អភិបាលខេត្ត Hebei លោក Wang Xiaodong បានថ្លែងថា យើងមិនអាចបណ្ដោយឱ្យទីក្រុង Huanggang ក្លាយជា “សម្បុកមេរោគ” Wuhan ទី2បានទេ។ លោក Wang Xiaodong ក៏បានស្នើឱ្យបណ្ដាក្រុមហ៊ុនក្នុងខេត្ត Hebei បន្តផ្អាកសកម្មភាពរហូតដល់ក្រោយថ្ងៃទី13 កុម្ភៈ ឆ្នាំ2020។
ទីក្រុង Huanggang មានប្រជាជនសរុប 7.5លាននាក់ ហើយវាគឺជាទីក្រុងដ៏ធំមួយដែរនៅក្បែរទីក្រុង Wuhan។ Huanggang ក៏ជាទីក្រុងមួយក្នុងចំណោមទីក្រុងដែលត្រូវបានដាក់បម្រាមគោចរដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគ Corona ដែរ។ ទីក្រុងនេះ មានអ្នកស្លាប់ដោយសារមេរោគរលាកសួត Corona ចំនួន 5នាក់ និងមានអ្នកឆ្លងមេរោគនេះចំនួន 324ករណី គិតមកត្រឹមថ្ងៃទី28 មករា ឈរលំដាប់លេខ2 បន្ទាប់ពីក្រុង Wuhan ដែលជា “ស្រុកកំណើត” របស់មេរោគ Corona។
ប្រភពព័ត៌មានបានឱ្យដឹងថា អ្នកស្លាប់ដោយសារមេរោគ nCoV (Corona) កើនដល់ 170នាក់ និងអ្នកឆ្លងមេរោគនេះក៏កើនដល់ 7,783ករណីនៅទូទាំងពិភពលោក ភាគច្រើន គឺជាប្រជាជននៅក្រុង Wuhan នេះបើគិតមកដល់ថ្ងៃទី30 មករានេះ។
ទិន្នន័យចុងក្រោយបានបង្ហាញថា ចិនដីគោកមានអ្នកឆ្លងមេរោគនេះចំនួន7,678នាក់ ប្រទេសថៃ14នាក់ ជប៉ុន11នាក់ ហុងកុង10នាក់ សិង្ហបុរី10នាក់ កោះតៃវ៉ាន់ 8នាក់ អូស្ត្រាលី 7នាក់ ក្រុងម៉ាកាវ 7នាក់ ម៉ាឡេស៊ី 7នាក់ បារាំង 5នាក់ អាមេរិក 5នាក់ អាល្លឺម៉ង់ 4នាក់ កូរ៉េខាងត្បូង 4នាក់ អេមីរ៉េត អារ៉ាប់រួម 4នាក់ កាណាដា 3នាក់ វៀតណាម 2នាក់ កម្ពុជា 1នាក់ ហ្វាំងឡង់ 1នាក់ នេប៉ាល 1នាក់ ស្រីលង្កា 1នាក់។
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានថ្លែងនៅក្នុងកិច្ចប្រជុំជាមួយអង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃទី28កន្លងទៅថា “វីរុស nCoV គឺជាបិសាច ហើយយើងនឹងមិនបណ្ដោយឱ្យពួកវាគេចខ្លួនបានឡើយ។ ចិននឹងបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ និងស្វាគមន៍ WHO ដែលចូលរួមបេសកកម្មប្រឆាំងអាសន្នរោគនេះ។ ចិនមានជំនឿចិត្តថា នឹងអាចទប់ស្កាត់វីរុសនេះបាន”។
អ្នកជំនាញជាច្រើនយល់ថា មេរោគប្រភេទថ្មី nCoV នេះ មិនសម្លាប់មនុស្សច្រើនដូចមេរោគ SARS មែន ប៉ុន្តែពួកគេនៅតែព្រមានអំពីការកើនឡើងនៃករណីឆ្លងដ៏លឿនរហ័ស ហើយចំណុចពិសេសជាច្រើនរបស់មេរោគនេះ មិនទាន់ត្រូវបានគេដឹងលម្អិតនៅឡើយ។
ដូចនឹងជំងឺផ្លូវដង្ហើមផ្សេងទៀត មេរោគរលាកសួត Corona នេះ ឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ តាមរយៈគ្រាប់ល្អិតនៃធាតុរាវនៅពេលកណ្ដាស់ ក្អក ឬការប៉ះពាល់អ្នកជំងឺ។ មេរោគនេះក៏អាចឆ្លងទៅអ្នកដទៃបាន នៅមុនពេលអ្នកជំងឺមិនទាន់មានរោគសញ្ញាដែរ។
WHO បានប្រកាសថា នឹងធ្វើការកោះប្រជុំបន្ទាន់មួយ ដើម្បីដោះស្រាយបញ្ហានៃមេរោគនេះ៕
ប្រភព៖ សារព័ត៌មានបរទេស