អ្នកជំនាញការផ្នែកជំងឺសួតរបស់ប្រទេសចិន បានបង្ហើបឱ្យដឹងថា ផ្សារលក់អាហារសមុទ្រក្នុងទីក្រុងវូហាន មណ្ឌលហ៊ូពេយ ប្រទេសចិន អាចមិនមែនជាប្រភពកំណើតនៃការឆ្លងរាលដាលរបស់វីរុសកូរ៉ូណាប្រភេទថ្មីតែមួយកន្លែងទេ។
កាលពីថ្ងៃទី29 មករា ទីភ្នាក់ងារសារព័ត៌មានស៊ីនហួ បានរាយការណ៍ថា លោក ហួង ឆៅលីន អគ្គនាយករងមន្ទីរពេទ្យវូហាន ជីន យីនតាន់ បានផ្ដល់បទសម្ភាសជាមួយទស្សនាវដ្តី Caixin ថា អាចនឹងមានទីកន្លែងផ្សេងទៀតដែលចម្លងមេរោគនេះមកមនុស្ស។
ទាំងអស់នេះ មន្ទីពេទ្យវូហាន ជីន យីនតាន់ គឺជាមន្ទីរពេទ្យមួយដែលទទួលអ្នកជំងឺឆ្លងមេរោគវីរុសកូរ៉ូណាច្រើនជាងគេ ខណៈដែលលោក ហួង ឆៅលីន និងក្រុមការងារបានបញ្ចេញរបាយការណ៍ពាក់ព័ន្ធនឹងលទ្ធផលស្រាវជ្រាវថ្មីបំផុតមួយតាមរយៈព័ត៌មានពីគ្លីនិករបស់អ្នកឆ្លងមេរោគវីរុសកូរ៉ូណាប្រភេទថ្មី 41នាក់ដំបូងនៅក្នុងព្រឹត្តិបត្រព័ត៌មាន Lancet ដែលជាព្រឹត្តិបត្រខាងវេជ្ជសាស្ត្រលំដាប់ពិភពលោក។ ដោយអ្នកជំងឺដំបូងគេដែលបានបញ្ជូនចូលមកមន្ទីរពេទ្យរបស់លោក ហួង កាលពីថ្ងៃទី1 ខែធ្នូ ឆ្នាំ2019 នោះ បានឱ្យការណ៍ថា មិនដែលបានទៅផ្សារលក់អាហារសមុទ្រហួណាន ក្នុងទីក្រុងវូហានទេ ហើយក្រុមគ្រួសាររបស់អ្នកជំងឺនោះក៏មិនមានអាការគ្រុនក្ដៅ ឬមានអាការរោគខាងប្រព័ន្ធដង្ហើមដែរ។
ក្នុងចំណោមអ្នកជំងឺ 3នាក់ដែលបានចូលមកព្យាបាលកាលពីថ្ងៃទី10 ខែធ្នូ ឆ្នាំ2019 ក្នុងនោះមាន 2នាក់ ក៏មិនដែលបានទៅផ្សារលក់អាហារសមុទ្រហួណានដូចគ្នា តែតាមរយៈអ្នកជំងឺទាំងអស់ដែលបានបញ្ជាក់ខាងលើនោះ មានតែ 27នាក់ប៉ុណ្ណោះដែលបានទៅផ្សារលក់អាហារសមុទ្រហួណាន ដែលជាប្រភពសាយភាយមេរោគវីរុសកូរ៉ូណាប្រភេទថ្មីនេះ។
លោក ហួង បានថ្លែងថា នៅពេលពិចារណាតាមរយៈស្ថានការណ៍ជារួមហើយនោះ ផ្សារលក់អាហារសមុទ្រខាងលើ អាចមិនមែនជាប្រភពកំណើតរបស់មេរោគវីរុសកូរ៉ូណាប្រភេទថ្មីតែមួយកន្លែងទេ គឺអាចនឹងមានកន្លែងចម្លងមេរោគនេះជាច្រើនផ្សេងទៀត ក៏អាចថាបានដែរ៕